គន្លឹះក្នុងការសម្ភាសន៍ៈ ហេតុអ្វីបានជាអ្នកចង់ធ្វើការឲ្យពួកយើង?

សូមកុំចាញ់បោកដោយសារតែសំនួរបែបនេះ។ វាហាក់ដូចជាងាយស្រួលក្នុងការឆ្លើយ ប្រសិនបើយើងក្រលេកមើលសំនួរនេះតែមួយភ្លែត។ ប៉ុន្តែការមិនបានរៀបចំចម្លើយទុកជាមុនសម្រាប់សំនួរបែបនេះ អាចនឹងធ្វើអោយអ្នកបាត់បង់ឱកាសទទួលបានការងារក្នុងសុបិន្តរបស់អ្នក។

និយាយដោយត្រង់ទៅសំណួរនេះគឺជាសំណួរដ៏សាមញ្ញមួយ។ ហេតុអ្វីអ្នកចង់ធ្វើការឱ្យពួកយើង? ងាយស្រួល! អ្នកមានការងារដែលទំនេរ ហើយខ្ញុំកំពុងត្រូវការការងារ។ ប៉ុន្តែជាអកុសលចម្លើយនោះនឹងមិនធ្វើឱ្យអ្នកទទួលបានការងារនោះទេ។ ខាងក្រោមនេះជាការណែនាំពីគន្លឹះក្នុងការឆ្លើយសំណួរសម្ភាសន៍ទូទៅបំផុត – ហេតុអ្វីបានជាអ្នកចង់ធ្វើការឱ្យយើង – គន្លឹះក្នុងការរៀបចំ និងការដែលធ្វើឱ្យអ្នកសម្ភាសន៍មានចំណាប់អារម្មណ៍វិជ្ជមានមកលើអ្នក ហើយគន្លឹះទាំងនោះនឹងត្រូវបានរៀបរាប់នៅក្នុងចម្លើយខាងក្រោមនេះ។

សូមចងចាំថាសំណួរនេះអាចនឹងត្រូវសួរក្នុងទម្រង់ផ្សេងៗគ្នាជាច្រើន

  1. ហេតុអ្វីបានជាអ្នកចង់ធ្វើការជាមួយពួកយើង?
  2. តើអ្នកចូលចិត្តអ្វីខ្លះពីការងារនេះ?
  3. តើអ្នកចូលចិត្តអ្វីខ្លះពីក្រុមហ៊ុននេះ?

ហេតុអ្វីបានជានិយោជកសួរអ្នកសំណួរនេះ?

  1. ពីព្រោះពួកគេចង់សម្រេចចិត្តឲ្យបានច្បាស់ថា តើបេក្ខជនណាមួយដែលសាកសមទៅនឹងការងារនេះ
  2. ដើម្បីយល់ច្បាស់ថាតើពួកគេខិតខំប្រឹងប្រែងយ៉ាងណាដើម្បីទទួលបានការងារនេះ
  3. ដើម្បីស្វែងយល់ថាតើបេក្ខជនពិតជាត្រូវការការងារ ហើយថាតើពួកគេពិតជាចាប់អារម្មណ៍ក្នុងការរួមចំណែកធ្វើឲ្យក្រុមហ៊ុនទទួលបានជោគជ័យពិតមែនទេ

នេះគឺជារបៀបនៃការត្រៀមចម្លើយ

អ្វីដែលអ្នកត្រូវធ្វើក្នុងការសម្ភាសន៍គឺការរៀបចំទុកជាមុន។ ដូច្នេះ អ្នកត្រូវប្រាកដថាអ្នកធ្វើកិច្ចការផ្ទះរបស់អ្នកមុនពេលអ្នកដើរចូលសម្ភាសន៍។ មូលហេតុដែលអ្នកចង់ធ្វើការនៅក្នុងក្រុមហ៊ុននេះអាចត្រូវបានឆ្លើយជាពីរបែប។

  1. អ្វីដែលអ្នកអាចផ្តល់ដល់ក្រុមហ៊ុន
  2. អ្វីដែលក្រុមហ៊ុនអាចផ្តល់ត្រលប់មកវិញដល់អ្នក

រឿងដែលសំខាន់បំផុតដែលអ្នកគួរធ្វើ គឺការធ្វើឱ្យនិយោជកមានអារម្មណ៍រំភើបដោយការនិយាយអំពី វិធីសាស្ត្រដែលអ្នកអាចរួមចំណែកដល់ភាពជោគជ័យរបស់ក្រុមហ៊ុន ជាជាងការនិយាយអំពីអត្ថប្រយោជន៍ដែលអ្នករំពឹងពីពួកគេ។

ជំហានទី១- កំណត់គោលដៅអាជីពរយៈពេលវែង និងពេលខ្លីរបស់អ្នក

នៅពេលដែលអ្នកដាក់ពាក្យសុំចូលធ្វើការ វាជារឿងសំខាន់ណាស់ក្នុងការកំណត់គោលដៅនៃអាជីពរបស់អ្នក។ ដំបូងអ្នកត្រូវតែយល់ពីខ្លួនឯង ដើម្បីកំណត់ថាតើអ្នកពិតជាចង់ធ្វើការនៅទីនេះមែនទេ ហើយថាតើក្រុមហ៊ុនក្នុងក្តីសុបិនរបស់អ្នកគឺជាកន្លែងត្រឹមត្រូវដើម្បីឲ្យអ្នកចាប់ផ្តើម ឬអាចផ្តល់ភាពរីកចម្រើននៅលើអាជីពរបស់អ្នកដែរទេ។ ប្រសិនបើអ្នកមិនមានការយល់ដឹងរឿងនេះទេ អ្នកនឹងមិនប្រាកដថាតើអ្នកអាចផ្តល់ជូនក្រុមហ៊ុននូវអ្វីខ្លះ ហើយថាតើអ្នកនឹងអាចអនុវត្តបានល្អយ៉ាងណានៅពេលដែលអ្នកធ្វើការនោះទេ។

ជំហានទី២- ធ្វើការស្រាវជ្រាវរឿងរ៉ាវដែលទាក់ទងទៅនឹងក្រុមហ៊ុនឲ្យបានច្រើន

សូមកុំស្ទាក់ស្ទើរក្នុងការចំណាយពេលត្រឹមតែពីរបីនាទី ឬពីរបីម៉ោងដើម្បីសិក្សាអំពីក្រុមហ៊ុន។ ជាការពិតណាស់ មានរឿងរ៉ាវជាច្រើនដែលអ្នកអាចសិក្សា ដោយការសង្កេតមើលពីវប្បធម៌របស់ក្រុមហ៊ុន ការប្រកួតប្រជែងដែលក្រុមហ៊ុនកំពុងតែមាន មិត្តរួមការងារ បរិយាកាសការងារដែលអ្នកនឹងត្រូវធ្វើ ព្រមទាំងនិយោជកដែលអ្នកនឹងត្រូវធ្វើការរាយការណ៍ជូន ដើម្បីអាចតម្រង់គោលដៅរបស់អ្នកព្រមជាមួយនឹងការរំពឹងទុករបស់ក្រុមហ៊ុន។

នៅពេលដែលអ្នកត្រៀមខ្លួនដើម្បីឆ្លើយសំណួរនៅពេលសម្ភាសន៍ដូចជា “ហេតុអ្វីបានជាអ្នកចង់ធ្វើការឱ្យក្រុមហ៊ុនរបស់យើង” វិធីសាស្ត្រមួយដ៏ល្អបំផុតដើម្បីទទួលបានពិន្ទុបន្ថែម គឺអ្នកត្រូវដឹងពីអ្វីៗទាំងអស់អំពីក្រុមហ៊ុន ដូចជាប្រវត្តិរបស់ក្រុមហ៊ុន សីលធម៌ និងទស្សនវិជ្ជា។ ការដែលអ្នកធ្វើការសិក្សា និងអានពត៌មានថ្មីៗចុងក្រោយរបស់ក្រុមហ៊ុន អ្នកនឹងអាចសិក្សាអំពីគោលដៅនាពេលអនាគតរបស់ពួកគេ។ ដើម្បីធ្វើការតាមដានអំពីសមិទ្ធិផលចុងក្រោយបង្អស់របស់ក្រុមហ៊ុន និងការផ្លាស់ប្តូររបស់គេ អ្នកត្រូវជានិច្ចកាលផ្សាភ្ជាប់ទំនាក់ទំនងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ។

ការផ្សាភ្ជាប់បណ្តាញទំនាក់ទំនងជាមួយប្រធានក្រុមហ៊ុន បន្ថែមពីលើអ្វីដែលបានរៀបរាប់ខាងលើ ត្រូវបានគេចាត់ទុកថាជាកិច្ចការដ៏ត្រឹមត្រូវមួយ និងមានប្រសិទ្ធិភាពក្នុងការទទួលបានព័ត៌មានអំពីក្រុមហ៊ុនដែលអាចទុកចិត្ត។ ការធ្វើដូច្នេះអ្នកនឹងត្រូវបានគេមើលឃើញថាអ្នកជាបេក្ខជនម្នាក់ដែលពិតជាចាប់អារម្មណ៍អំពីក្រុមហ៊ុន។

ជំហានទី៣- សិក្សាបន្ថែមអំពីមុខតំណែងដែលអ្នកដាក់ពាក្យ ហើយព្យាយាមធ្វើឲ្យចម្លើយរបស់អ្នកត្រូវនឹងគោលដៅរបស់អ្នក និងការរំពឹងទុករបស់ក្រុមហ៊ុន

មុនពេលអ្នកឈានទៅមុខ អ្នកត្រូវប្រាកដថាអ្នកមានគំនិតច្បាស់លាស់អំពីការងាររបស់អ្នក ដូចជាភ្ជាប់មកជាមួយនូវការទទួលខុសត្រូវ និងការរំពឹងទុករបស់និយោជក។ ការធ្វើបែបនេះនឹងជួយអ្នកក្នុងការកំណត់ថា តើអ្នកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបម្រើដល់ស្តង់ដារក្រុមហ៊ុនដែលគេត្រូវការដែរទេ។

នៅពេលដែលអ្នកមានគន្លឹះពីចំនុចខាងលើនេះហើយ អ្នកនឹងអាចរកឃើញនូវចម្លើយគំរូមួយចំនួន បន្ទាប់មកអ្នកនឹងអាចជ្រើសយកនូវជម្រើសមួយដ៏មានប្រសិទ្ធភាពបំផុត។ នៅពេលដែលអ្នកធ្វើការបង្កើតចម្លើយ សូមអ្នកប្រាកដក្នុងចិត្តថាអ្នកបញ្ចូលនូវរាល់ព័ត៌មានលម្អិតដែលយើងបានលើកឡើងខាងលើ។ ចម្លើយចុងក្រោយរបស់អ្នកគួរតែជាការរួមបញ្ចូលគ្នានៃគោលដៅការងាររបស់អ្នក គន្លឹះដែលអ្នកអាចសម្រេចបាននូវការរំពឹងទុករបស់និយោជក និងមូលហេតុដែលក្រុមហ៊ុននេះគឺជាកន្លែងដ៏ល្អសម្រាប់ការរីកចម្រើននៃការងាររបស់អ្នក។

ទាំងនេះគឺជាចម្លើយល្អៗបំផុតដែលពួកយើងបានជ្រើសរើសសម្រាប់អ្នក

  1. ក្នុងនាមជាមនុស្សម្នាក់ដែលជឿជាក់លើការខិតខំ និងការលះបង់ ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះក្រុមហ៊ុននេះអំពី របៀបដែលក្រុមហ៊ុនបានឈានដល់តំណែងលេខមួយនៅលើទីផ្សារជាមួយនឹងការចាប់ផ្តើមដ៏លំបាក។ ក្រុមហ៊ុននេះបានបំផុសគំនិតខ្ញុំមិនឱ្យបោះបង់ចោល ពេលដែលខ្ញុំប្រឈមមុខនឹងការបរាជ័យ ដូច្នេះខ្ញុំជឿថាខ្ញុំអាចនឹងបម្រើការងារដល់ក្រុមហ៊ុនជាមួយការប្តេជ្ញាចិត្ត និងការប្រឹងប្រែងរបស់ខ្ញុំ។
  2. ចាប់តាំងពីខ្ញុំបានទទួលដំណឹងជាលើកដំបូងអំពីក្រុមហ៊ុន ខ្ញុំបានតាមដានក្រុមហ៊ុននេះនៅលើបណ្តាញសង្គម។ ការធ្វើបែបនេះបានជួយឲ្យខ្ញុំទទួលបាននូវពត៌មានថ្មីៗដែលទាក់ទងនឹងក្រុមហ៊ុន ជាមួយនឹងសមិទ្ធផលថ្មីៗ សកម្មភាពផ្សេងៗ ព្រមទាំងការផ្លាស់ប្តូរដែលកំពុងកើតឡើងនៅក្នុងក្រុមហ៊ុនផងដែរ។ នេះគឺជារឿងមួយដែលធ្វើឲ្យខ្ញុំចាប់ផ្តើមយល់ដឹងពីបរិយាកាសការងារនៅក្នុងក្រុមហ៊ុននេះដែលអ្នកកំពុងធ្វើ និងច្បាប់វិន័យដែលអ្នកគោរព គឺពិតជាសាកសមជាមួយនឹងខ្ញុំ។ នេះហើយគឺជាមូលហេតុដែលខ្ញុំចាត់ទុកក្រុមហ៊ុននេះជាកន្លែងដែលខ្ញុំពិតជាចង់ធ្វើការ

ប្រភព៖ everjobs

adverise with khmeread