តោះមកមើលពូល World Cup នៅរុស្ស៊ីទាំងអស់គ្នា ប្រទេសណាប៉ះគ្នាខ្លះ!

ជ័យលាភីជើងឯកពិភពលោក ៥ សម័យ ប្រេស៊ីលនឹងប្រឈមជាមួយស្វីសក្នុងការប្រកួតដំបូងរបស់ខ្លួនក្នុងពូល E ជាមួយក្រូអាស៊ី និង សែប៊ី ស្ថិតក្នុងពូលដ៏តឹងបំផុតមួយក្នុងចំណោមពូលទាំង ៨ ។

ម្ចាស់ជើងឯកអឺរ៉ុប ព័រទុយហ្គាល់នឹងលេងជាមួយក្រុមជិតខាង​អេស្ប៉ាញក្នុងការប្រកួតដំបូងរបស់ខ្លួនក្នុងពូល B ខណៈអាហ្សង់ទីនស្ថិតនៅក្នុងពូល D ជាមួយក្រុមចំណូលថ្មី អ៊ីស្លង់ ក្រូអាស៊ី និង នីហ្សេរីយ៉ា។

អង់គ្លេសនឹងប៉ះជាមួយប្រទេសទើបមកថ្មី ប៉ាណាម៉ា ក្នុងពូល G ដែលក្នុងនោះ បែលហ្ស៊ិកក៏ស្ថិតក្នុងនោះដែរ។

ខុសពីទម្លាប់ចាប់ពូលលើកមុនៗ ព្រឹត្តិការណ៍ចាប់ពូលកាលពីថ្ងៃសុក្រទី ១ ធ្នូ នៅវិមានរដ្ឋក្រឹមឡាំងគឺធ្វើឡើងយ៉ាងរហ័សបំផុត។

បន្ទាប់ពីសុន្ទរកថាដោយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន និង ប្រធានហ្វីហ្វា លោក ជៀនណា អ៊ីនហ្វាទីណូ ព្រឹត្តិការណ៍ចាប់ពូលពីកូនបាល់ទាំង ៣២ គ្រាប់ក្នុងក្រឡទាំង ៤ បានចាប់ផ្តើម ជាមួយវត្តមានអតីតកីឡាករបាល់ទាត់អស្ចារ្យវើលខាប់ទាំង ៨ រូប រួមទាំង ឌីហ្គោ ម៉ារ៉ាដូណា របស់អាហ្សង់ទីន និង ប្រធានក្រុមជម្រើសជាតិបារាំង លោក ឡួរ៉ង់ ប្លង់ ជាអ្នកជួយក្នុងដំណើរការចាប់ពូលនេះ។

លោកពូទីនថ្លែងបន្ទាប់ពីការចាប់ពូលយ៉ាងដូច្នេះ "ពានរង្វាន់ដែលគេចង់បានបំផុតនេះនឹងឈ្នះដោយក្រុមណាមួយដែលបង្ហាញការតស៊ូអត់ធន់បំផុត។ ខ្ញុំសូមបួងសួងឱ្យទទួលបានជោគជ័យដល់ក្រុមទាំងអស់។ ខ្ញុំសូមអំពាវនាវដល់អ្នកគាំទ្រស្មោះត្រង់ទាំងអស់មកកាន់ប្រទេសរុស្ស៊ី និងរីករាយការប្រកួតបាល់ទាត់ឆ្នាំ ២០១៨"។

ការប្រកួតរយៈពេលមួយខែពេញនេះ ដែលធ្វើឡើងនៅទីក្រុងចំនួន ១១ ចាប់ពីទីក្រុងកាលីនីងហ្គ្រាតនៅភាគខាងលិចរហូតដល់ទីក្រុងអេកាថារីនបឺក ស្ថិតនៅចម្ងាយ ២.៥០០ គីឡូម៉ែត្រនៅភាគខាងកើតប្រទេស នឹងចាប់ផ្តើមនៅថ្ងៃទី ១៤ ខែមិថុនា ២០១៨។

ការប្រកួតសរុបគឺមានចំនួន ៦៤ ប្រកួត ជាមួយការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅកីឡដ្ឋាន Luzhniki Stadium នៅទីក្រុងមូស្គូ នៅថ្ងៃទី ១៥ កក្កដា៕

អតីតប្រធានក្រុមអ៊ីតាលី ហ្វាប៊ីអូ កាណាវ៉ារ៉ូ ចូលរួមចាប់ពូលកាលពីថ្ងៃសុក្រផងដែរ

តារាងពូលវើលខាប់ ២០១៨

adverise with khmeread