Index

បុរស​៣​នាក់​ចេញពី​រាំលេង​នៅ​ក្លឹប​ម៉ាលី​ត្រូវ​ក្រុម​សន្តិសុខ​ក្លឹប​វាយ​ប្លន់​យក​ខ្សែក​

    ភ្នំពេញ  ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ និង​២​នាក់​ទៀត​រងរបួស​ស្រាល ដោយសារតែ​ត្រូវ​បក្សពួក​និង​សន្តិសុខ​វាយ រួច​ប្លន់​យក​ខ្សែក​បាត់​១​ខ្សែ ពេលដែល​ពួកគេ​ចេញពី​ផឹកស៊ី​រាំ​កម្សាន្ត​នៅក្នុង​ក្លឹប​ម៉ាលី កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្បែរ​នឹង​ក្លឹប​ម៉ាលី ខាងជើង​ផ្សារ​ស្ទឹងមានជ័យ​ថ្មី តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

    បើតាម​សម្តី​រៀបរាប់​ពី​ជនរងគ្រោះ​ទាំង​៣​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ពួកគេ​ទាំង​៣​នាក់ បាននាំគ្នា​ចូល​ផឹកស៊ី និង​រាំ​កម្សាន្ត​លេង​នៅក្នុង​ក្លឹប​ខាងលើ ហើយ​នៅពេល​វេលា​កើតហេតុ ពួកគេ​បាននាំគ្នា​ចេញ​បំណង​ត្រឡប់ទៅផ្ទះ​វិញ​។​

    នៅពេល​ដើរ​ចេញពី​ក្លឹប​បាន​ប្រមាណ​ជា​២០​ម៉ែត្រ ស្រាប់​តែមាន​ជន​មិន​ស្គាល់មុខ​ជាច្រើន​នាក់​បាន​ជិះ​ម៉ូតូ​មក​ព្រួត​វាយ​លើ​ពួកគេ​តែម្តង​។ មិនតែប៉ុណ្ណោះ​ក៏មាន​សន្តិសុខ​ក្លឹប​បានចេញ​មក​វាយ​លើ​ពួកគេ​បន្ថែមទៀត បណ្តាលឱ្យ​របួសធ្ងន់​ហើយ​ភ្នែក​ម្នាក់ និង​២​នាក់​ទៀត​របួសស្រាល ។​

    បន្ទាប់ពី​ក្រុម​ទាំងនោះ​វាយ​ហើយ ក៏បាន​ប្រដា​ច់​យក​ខ្សែក ពី​ក​ពួកគេ​ម្នាក់​ដែលមាន​តម្លៃ​ប្រមាណ​៣០០​ដុល្លារ រួច​ក៏​គេចខ្លួន​បាត់អស់ ។​

    ក្រុម​ជនរងគ្រោះ​បាន​បញ្ជាក់ថា ពេល​ចូលទៅក្នុង​ផឹកស៊ី​រាំលេង​នៅក្នុង​ក្លឹប​ខាងលើ គឺ​មិនមាន​ឈ្លោះទាស់ទែង​ពាក្យសម្តី​ជាមួយនឹង​នរណាម្នាក់​នោះទេ ហើយ​ក្រុម​នេះ​ទំនងជា​ឃើញ​ឱកាសល្អ​ដែល​ពួកគេ​សុទ្ធតែ​ស្រវឹង​ក៏​វាយ​ប្លន់​តែម្តង ។​

     ក្រោយមក​ជនរងគ្រោះ​បាននាំគ្នា​ដើរ​ត្រឡប់​ទោ​ផ្ទះ​វិញ​ទាំង​របួស ដោយ​មិនបាន​ទៅ​ដាក់​ពាក្យបណ្តឹង​ឡើយ ដោយ​និយាយថា​មិនដឹង​ជា​ទៅរក​ក្រុម​សង្ស័យ​នោះ​នៅឯណា​បើ​ស្រវឹង​មិន​ចាំ​មុខ​ផង​នោះ ៕​

មតិយោបល់