ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាបានអំពាវនាវឱ្យអ្នកបោះឆ្នោតក្នុងប្រទេសហ្វ៊ីលីពីនធ្វើពហិការកុំបោះឆ្នោតកំពូលកីឡាករប្រដាល់ មែននី ប៉ាកគីអៅ ខណៈដែលរូបគាត់ឈរឈ្មោះសម្រាប់កៅអីព្រឹទ្ធសភា បន្ទាប់ពីគាត់បានពណ៌ខ្ទើយថា "អន់ជាងសត្វ"។
ញត្តិតាមអនឡាញមួយក៏កំពុងស្ថិតក្នុងដំណើរការផងដែរដើម្បីស្នើឱ្យក្រុមហ៊ុនសម្ភារៈកីឡាពិភពលោក Nike Inc ដកប៉ាកគីអៅចេញពីអ្នកថតផ្សព្វផ្សាយ។ ញតិ្តនៅលើវេបសាយ change.org បានប្រមូលហត្ថលេខាបានចំនួន ២.០០០ នាក់ហើយមកទល់ឥឡូវនេះ។
ប៉ាកគីអៅ ដែលគេគោរពស្រឡាញ់ក្នុងប្រទេសហ្វ៊ីលីពីនចំពោះការគ្រងខ្សែក្រវាត់ប្រដាល់ពិភពលោក ៨ ស្ថាប័នខុសៗគ្នាអំឡុងអាជីព ២០ ឆ្នាំរបស់ខ្លួន បានបាត់បង់កិត្ដិយសមួយរំពេចបន្ទាប់ពីកិច្ចសម្ភាសន៍រយៈពេល ៣០ វិនាទីនៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុកមួយអំពីអាពាហ៍ពិពាហ៍ភេទដូចគ្នា ដែលរូបលោកជំទាស់នោះ។
ប៉ាកគីអៅបានប្រាប់ទូរទស្សន៍ TV5 ថា "តើអ្នកដែលឃើញសត្វរួមភេទជាមួយភេទដូចគ្នាទេ? សត្វគឺល្អជាងយើងពីព្រោះពួកវាចេះស្គាល់ញីស្គាល់ឈ្មោល។ វាជារឿងសមហេតុផលណាស់! ហើយប្រសិនបើបុរសរួមភេទជាមួយបុរស និងស្ត្រីរួមភេទជាមួយស្ត្រី អ៊ីចឹងពួកគេអន់ជាងសត្វទៅទៀត"។
នេះមិនមែនជាលើកទីមួយទេដែលប៉ាគីអៅ សមាជិកព្រឹទ្ធសភាពីរអាណត្តិ បានទទួលរងកំហឹងពីសហគមន៍មនុស្សស្រឡាញ់ភេទដូចគ្នាចំពោះការថ្លែងរបស់លោកអំពីអាពាហ៍ពិពាហ៍ភេទដូចគ្នា។ លោកក៏ធ្លាប់បានសុំទោសចំពោះសម្តីរបស់លោកកាលពីឆ្នាំ ២០១២ ម្តងរួចមកហើយដែរ។
អាពាហ៍ពិពាហ៍ភេទដូចគ្នាមិនត្រូវបានអនុញ្ញាតទេនៅក្នុងប្រទេសហ្វ៊ីលីពីន ជាទីដែលមនុស្សជាង ៨០ ភាគរយក្នុងចំណោមប្រជាជន ១០០ លាននាក់គឺជាអ្នកកាន់សាសនារ៉ូម៉ាំងកាតូលិក។
សមាជិកសភាអាយុ ៣៧ ឆ្នាំរូបនេះដែលស្ថិតក្នុងចំណោមបេក្ខភាពឈានមុខគេថានឹងដណ្តើមបានអាសនៈព្រឹទ្ធសភានៅក្នុងការបោះឆ្នោតខែឧសភាខាងមុខផ្អែកតាមការស្ទង់មតិរបស់អ្នករៀបចំការបោះឆ្នោតឯករាជ្យ បានធ្វើការសុំទោសចំពោះរឿងនេះរួចហើយកាលពីថ្ងៃអង្គារ។ ការស្ទាបស្ទង់ចុងក្រោយបានបង្ហាញថា គាត់មានចំណាត់ថ្នាក់លេខ ៨ ក្នុងការប្រជែងកៅអីព្រឹទ្ធសភាទំនេរចំនួន ១២ នៅក្នុងព្រឹទ្ធសភា។
តារាចម្រៀងក្នុងស្រុក នាង អាយហ្សា សេកេរ៉ា (Aiza Seguerra) ដែលបានរៀបការជាមួយមិត្តស្រីជាតារាសម្តែងកាលពីចុងឆ្នាំ២០១៤ ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូក៏បានអំពាវនាវឱ្យអ្នកបោះឆ្នោតធ្វើពហិការ ប៉ាកគីអៅផងដែរ។
នាងបាននិយាយក្នុង Instagram របស់នាងថា "អ្នកប្រហែលជាបានធ្វើឱ្យប្រទេសរបស់យើងមានមោទនភាពក៏ពិតមែន ប៉ុន្តែជាមួយនឹងការថ្លែងរបស់អ្នក អ្នកកំពុងតែបង្ហាញប្រទេសទាំងមូលថាហេតុអ្វីបានជាយើងមិនគួរបោះឆ្នោតឱ្យអ្នក"៕
