ស្តេចប្រដាល់មិនដែលចាញ់ ផ្លយ មេវេឌ័រ ប្តឹងអតីតគូដណ្តឹងរឿងលួចលុយនិងប្រើកាតឥណទានដោយគ្មានការអនុញ្ញាត

ម្ចាស់ជើងឯកប្រដាល់ពិភពលោក ផ្លយ មេវេឌ័រ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអតីតគូដណ្តឹង នាង Shantel Jackson ដោយអះអាងថា នាងបានលួចលុយពីគាត់ ហើយបានប្រើបណ្ណឥណទានរបស់គាត់ដោយគ្មានការអនុញ្ញាតទៅទិញអីវ៉ាន់។

ខណៈដែលទស្សនាវដ្តី TMZ Sports បានរាយការណ៍ជាលើកដំបូងកាលពីថ្ងៃសុក្រទី១ធ្នូ អ្នកប្រដាល់មិនដែលចាញ់វ័យ ៤០ ឆ្នាំរូបនេះបានអះអាងក្នុងបណ្តឹងរដ្ឋប្បវេណីថា នាង Shantel Jackson អាយុ ៣៣ ឆ្នាំ បានទិញអីវ៉ាន់ដោយប្រើលុយរបស់គាត់ ហើយបន្ទាប់មកយកអីវ៉ាន់ទាំងនោះទៅទុកនៅកន្លែងសម្ងាត់ដើម្បីលាក់បាំងដានរបស់នាង។

បច្ចុប្បន្ន នាង Shantel Jackson កំពុងទាក់ទងស្នេហាជាមួយតារាចម្រៀងរ៉ែប Nelly ហើយអ្នកទាំងពីរបានបង្ហាញមុខនៅក្នុងកម្មវិធី The Platinum Life របស់ទូរទស្សន៍ E! ដែលតាមដានពីការកេងប្រវ័ញ្ចរបស់ភរិយានិងមិត្តស្រីរបស់តារាចម្រៀងល្បីៗ។

យោងតាមឯកសាររបស់តុលាការ អំឡុងពេលដែលអ្នកទាំងពីរនៅជាមួយគ្នា នាង Shantel Jackson តែងសរសើរមេវេឌ័រជាសាធារណៈដើម្បីទទួលបានទំនុកចិត្តពីគាត់ ហើយតាមដឹងគឺនាងបានបោកគាត់ឱ្យជឿទុកចិត្តលើនាងទាំងស្រុងបានសម្រេច។

ឯកសារតុលាការបានបញ្ជាក់ថា "ដោយសារការជឿជាក់បែបនេះហើយ ទើបមេវេឌ័រ ដែលរៀនចប់ត្រឹមថ្នាក់ទី ៨ មិនបានធ្វើសវនកម្មឬត្រួតពិនិត្យលើសាច់ប្រាក់របស់គាត់ឬរបាយការណ៍កាតឥណទានរបស់គាត់ដែលនាងជែកសុនលួចនោះទេ"។

យោងតាមពាក្យបណ្តឹង មេវេឌ័រទើបតែដឹងថានាងជែកសុនកេងចំណេញពីគាត់ នៅពេលដែលមិត្តភក្តិស្គាល់តគ្នាម្នាក់បានប្រាប់គាត់ថា នាង Shantel Jackson បានអួតអាងពីផែនការលួចលុយនេះដល់ខ្លួន៕

adverise with khmeread