លួចគ្រឿងអលង្ការ២លើក តម្លៃរាប់ម៉ឺនដុល្លារ, លួចលើកទី៣ជាប់ខ្នោះ២នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន នាថ្ងៃទី៥ ធ្នូ ២០១៧ ក្នុងករណី លួចគ្រឿងអលង្ការកាលពីថ្ងៃទី០៤ ធ្នូ ២០១៧ ម៉ោង៣រសៀលនៅផ្ទះលេខ២៦ ផ្លូវ៣៦៣ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ អ៊ឹម សារី ភេទស្រី អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។

ចំណែកឃាត់ខ្លួនជនសង្ស័យ០២នាក់ គឺ១-ឈ្មោះ សុខ ហេង ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ (អ្នកលួច) និង២-ឈ្មោះ ឆាយ សុភា ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវ៦២២ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (អ្នកសមគំនិត)។

ប៉ូលិសបន្តថា កាលពីថ្ងៃទី០៤ ធ្នូ ២០១៧ ម៉ោង៣រសៀលជនសង្ស័យឈ្មោះ សុខ ហេង ជាអ្នករស់នៅជាមួយជនរងគ្រោះ បានចូលក្នុងបន្ទប់ជនរងគ្រោះលួចយកខ្សែដៃដាំពេជ្រ០១ខ្សែ ដែលជនរងគ្រោះដាក់នៅក្នុងប្រអប់ទុកលើពូក។ តែពេលនោះជនរងគ្រោះបានដឹងភ្លាមៗ ក៏សួរនាំជនសង្ស័យ រួចក៏យកខ្សែដៃមកឱ្យជនរងគ្រោះវិញ។ 

គួររំលឹកថា លើកទី១-កន្លងមកកាលពីថ្ងៃមិនចាំ ខែ១១ ឆ្នាំ២០១៧ ម៉ោង១០ ព្រឹកជនសង្ស័យឈ្មោះ សុខ ហេង បានលួចក្រវិលកាវដាំត្បូងពេជ្រ១គូ តម្លៃ ៣ម៉ឺនដុល្លារ ទៅឱ្យជនសង្ស័យឈ្មោះ ឆាយ សុភា យកទៅលក់ឱ្យមនុស្សប្រុសម្នាក់ប្រើលេខទូរស័ព្ទ ០១០ ៣៣៦៦០៧ បានលុយ១.២០០ដុល្លារ។

លើកទី២-កន្លងមកកាលពីថ្ងៃមិនចាំខែ១១ ឆ្នាំ២០១៧ ម៉ោង២រសៀលជនសង្ស័យឈ្មោះ សុខ ហេង បានលួចខ្សែកស្វារ៉េដាំត្បូងពេជ្រតម្លៃ ២ ម៉ឺនដុល្លារ ទៅឱ្យជនសង្ស័យឈ្មោះ ឆាយ សុភា ទៅលក់ឱ្យមនុស្សប្រុសម្នាក់ខាងលើ បានលុយ ៤.៥០០ ដុល្លារ រួចឈ្មោះ សុខ ហេង ឱ្យថ្លៃឈ្នួលលក់២០០ដុល្លារ និង១.០០០ដុល្លារទៀត ឱ្យទៅឈ្មោះ ឆាយ សុភា ដើម្បីយកទៅប្រសិទ្ធីជូនម្តាយនិងពូដែលស្លាប់។ 

លុះដល់ថ្ងៃទី០៥ ធ្នូ ២០១៧ ម៉ោង៣ និង៣០នាទីរសៀល ជនរងគ្រោះនិងក្រុមគ្រួសារ បានហៅជនសង្ស័យឈ្មោះ សុខ ហេង មកសួរនាំដឹងរឿងទាំងអស់ខាងលើ ក៏នាំជនសង្ស័យឈ្មោះ សុខ ហេង និងអ្នកសម គំនិតម្នាក់ទៀតឈ្មោះ ឆាយ សុភា យកមក ប្រគល់ឱ្យសមត្ថកិច្ចខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16