ឃាត់ជនសង្ស័យ៣នាក់, ជនរងគ្រោះ៩នាក់ និងអ្នកបម្រើស្រី២នាក់ ពីបទបង្ខាំងមនុស្សខុសច្បាប់

ភ្នំពេញ ៖ សមត្ថកិច្ចចម្រុះបានសហការឆែកឆេរលំនៅដ្ឋានដោយ ឃាត់ខ្លួនមនុស្សទាំងជនសង្ស័យ និងជនរងគ្រោះ សរុបចំនួន១៤នាក់ (ជនបរទេស១២នាក់) ពីបទបង្ខាំងមនុស្សខុសច្បាប់ នៅផ្ទះលេខ ៣៩ ផ្លូវ លេខ៥៩៤ ក្រុមទី១៣ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៣រសៀល។

ប៉ូលិសនិយាយថា កម្លាំងប៉ូលិសផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក និង អាជ្ញាធរសង្កាត់ បឹងកក់ទី២ បានសហការជាមួយកម្លាំង ប៉ូលិសការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃ នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមកិច្ចសម្របសម្រួលពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក ឡេង ណាង ជាក្រឡាបញ្ជីអមផង នាយកដ្ឋានព្រហ្មទណ្ឌដឹកនាំដោយលោក ឧត្ដមសេនីយ៍ទោ ង៉េង ជូ អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ និងលោក ជាវ វិបុល ប្រធានការិយាល័យកម្រិតធ្ងន់ បាន ដឹកនាំក្រុមប្រតិបត្តិការចុះឆែកឆេរផ្ទះលេខ ៣៩ខាងលើ ពីបទបង្ខាំងមនុស្សខុសច្បាប់ ដោយឃាត់ខ្លួនមនុស្សចំនួន១៤នាក់ ស្រី០៤នាក់ និងចាប់យកវត្ថុតាងមួយចំនួន។

ប៉ូលិសបន្តថា ជនសង្ស័យដែលឃាត់ខ្លួនរួមមាន ជនជាតិចិនតៃវ៉ាន់ ចំនួន០២នាក់ ប្រុស និងជនជាតិម៉ាឡេស៊ីម្នាក់ ប្រុស (ជាជនសង្ស័យ)។ ចំណែកជនជាតិថៃចំនួន ០៩ នាក់ (ជនរងគ្រោះ ) និងជនជាតិខ្មែរចំនួន០២នាក់ ស្រី (ជាអ្នកបម្រើ)។ វត្ថុតាងចាប់យកមាន ១-ទូរស័ព្ទ ម៉ាក I phone 6S ពណ៌ផ្កាឈូក០២គ្រឿង, ២-ទូរស័ព្ទម៉ាកiPhone 5 ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង, ៣-ទូរស័ព្ទម៉ាក Appo ពណ៌ផ្កាឈូក០២គ្រឿង, ៤-កុំព្យូទ័រ ម៉ាក Acar ពណ៌ទឹកប្រាក់០១គ្រឿង និង ម៉ាក Flast ចំនួន០១គ្រឿង, ៥-កាតសំគាល់ខ្លួនឈ្មោះ Young yer Liam ចំនួន០២ និងកាត ATM ចំនួន០៣សន្លឹក, ៦-វិក័យប័ត្រទិញសម្ភារៈចំនួន០៣សន្លឹក, ៧-សៀវភៅសរសេរចំនួន០១ក្បាល, ៨-លិខិតឆ្លងដែនជនជាតិថៃចំនួន០៧ក្បាល និងលិខិតឆ្លងដែនជនជាតិម៉ាឡេស៊ី ចំនួន ១ក្បាល និង៩-រថយន្តម៉ាក ស៊ីណា ពណស ពាក់ស្លាកលេខ ភ្នំពេញ 2M-8418។

ក្រោយពីឆែកឆេរចប់ក្រុមប្រតិបត្តិការសម្រចបិទឃ្លុំបេផ្ទះជាបណ្ដោះអាសន្ន។ ចំណែកមនុស្សចំនួន១៤នាក់ និងវត្ថុតាងចាប់យកក្រោមកិច្ចសម្របសម្រួលពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូន ទៅកាន់ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីគ្រប់គ្រង និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

adverise with khmeread