Traveling

អ្នកវិទ្យាសាស្ត្រលើកឡើងថា ការធ្វើដំណើរអាចជម្រុញដល់សុខភាពជារួមរបស់មនុស្ស

ប្រសិនបើមានវិធីមួយអាចជួយជម្រុញដល់សុខភាពជារួមរបស់អ្នកព្រមទាំងមនុស្សជាទីស្រឡាញ់របស់អ្នកផងនោះ តើអ្នកនឹងជ្រើសយកវិធីនោះដែរឬទេ? ការសិក្សាជាច្រើនបានរកឃើញថា ការចំណាយពេលធ្វើដំណើរកម្សាន្តមិនត្រឹមតែជួយឲ្យយើងស្រឡះមុខស្រឡះមាត់ពីការងារដ៏មមាញឹកប៉ុណ្ណោះទេ តែថែមទាំងជួយជម្រុញដល់សុខភាព ស្មារតីផ្លូវចិត្ត និងសុខុមាលភាពជារួមរបស់យើងទៀតផង។ 

ខាងក្រោមនេះគឺជាការលើកឡើងដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនពីផ្នែកវិទ្យាសាស្ត្រ ដែលថាការធ្វើដំណើរអាចជួយជម្រុញដល់សុខភាពជារួមរបស់យើង។ 

១- គ្រាន់តែរៀបចំគម្រោងធ្វើដំណើរក៏ជួយបង្កើនអារម្មណ៍រីករាយដល់យើងដែរ
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University of Surrey ក្នុងចក្រភពអង់គ្លេសបានរៀបចំការសិក្សាមួយក្នុងឆ្នាំ ២០០២ និងបានរកឃើញថា មនុស្សមានភាពរីករាយបំផុតនៅពេលពួកគេមានគម្រោងធ្វើដំណើរនៅពេលខាងមុខ។ រីឯការសិក្សាដោយសាកលវិទ្យាល័យ Cornell University ក្នុងឆ្នាំ២០១៤ បានរកឃើញថា មនុស្សទទួលបានភាពរីករាយពីការរំពឹងទុកអំពីបទពិសោធន៍ធ្វើដំណើរកម្សាន្តច្រើនជាងការរំពឹងទុកអំពីការទទួលបានរបស់អ្វីមួយដែលពួកគេគ្រោងនឹងទិញ ឬទទួលបានពីគេ។ សរុបជារួមពេលមនុស្សមានអារម្មណ៍រីករាយ ពួកគេក៏នឹងមានសុខភាពល្អតាមនោះដែរ។ 

២- ការធ្វើដំណើរជួយអ្នកឲ្យគ្រប់គ្រងស្ត្រេស៍ និងអារម្មណ៍អវិជ្ជមាន
ការធ្វើដំណើរកម្សាន្តមិនមែនគ្រាន់តែជាការទៅកាន់កន្លែងថ្មីប៉ុណ្ណោះទេ តែវាមានន័យផងដែរថាអ្នកកំពុងគេចចេញពីកន្លែងចាស់ណាមួយដ៏អាប់អួរ។ ផ្អែកតាមការស្ទាបស្ទង់ស្ត្រេស៍ក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៣ ដោយសមាគមចិត្តសាស្ត្រអាមេរិកបានឲ្យដឹងថា ការធ្វើដំណើរកម្សាន្តអាចជួយគ្រប់គ្រងស្ត្រេស៍ និងអារម្មណ៍អវិជ្ជមានបានតាមរយៈការនាំខ្លួនយើងចេញឆ្ងាយពីបរិយាកាស និងសកម្មភាព ដែលជាប្រភពនៃភាពស្ត្រេស៍។ 

៣- ការធ្វើដំណើរជួយកាត់បន្ថយឱកាសនៃការកើតជំងឺបាក់ទឹកចិត្ត
បែបផែនជីវិតសម័យទំនើបរបស់យើង ដែលរំលេចរូបរាងឡើងដោយសារតែភាពមមាញឹកឥតឈប់ឈរបាននាំទៅដល់ការកើតស្ត្រេស៍ ការឆាប់ខឹង និងផលប៉ះពាល់អវិជ្ជមានដល់ផលិតភាពការងារ និងសុខុមាលភាពជារួមរបស់យើង។ ស្ថានភាពនេះរឹតតែអាក្រក់ទៅទៀតសម្រាប់ស្ត្រី ដោយស្ត្រីដែលធ្វើដំណើរកម្សាន្តតិចជាងម្តងរាល់រយៈពីរឆ្នាំប្រឈមនឹងការកើតស្ត្រេស៍ និងបាក់ទឹកចិត្តខ្លាំងជាងស្ត្រី ដែលធ្វើដំណើរយ៉ាងតិចម្តងក្នុងរយៈពេល ១ ឆ្នាំទៅទៀតនេះបើផ្អែកតាមការសិក្សាឆ្នាំ ២០០៥ ដោយគ្លីនិក Marshfield Clinic ក្នុងទីក្រុង Wisconsin។ ដូច្នេះ នៅពេលនិយាយដល់អត្ថប្រយោជន៍នៃការធ្វើដំណើរការលុបបំបាត់ចេញនូវភាពស្ត្រេស៍ និងការបាក់ទឹកចិត្តតែងឈរលំដាប់លេខ១ជានិច្ច។ 

៤- ការធ្វើដំណើរជួយបង្កើនបទពិសោធន៍ និងការយល់ដឹងអំពីសារៈសំខាន់ពិតនៃជីវិត
មនុស្សមួយចំនួនគិតថាមានរបស់ជាកម្មសិទ្ធិកាន់តែច្រើនទើបមានសុភមង្គលពិតប្រាកដ។ ទោះយ៉ាងណា មិនយូរមិនឆាប់អ្នកនឹងឃើញរបស់របរដូចជា រថយន្ត វីឡា គ្រឿងអលង្កានិងរបស់ជាច្រើនទៀតនឹងថយតម្លៃតាមអាយុកាលរបស់វា ហេតុដូច្នេះហើយការពេញចិត្តនឹងរបស់ទាំងនេះក៏នឹងធ្លាក់ចុះតាមពេលវេលាផងដែរ។ ដោយឡែក បទពិសោធន៍ធ្វើដំណើរសប្បាយៗនឹងរឹតតែនៅចងចាំក្នុងចិត្តខ្លាំងឡើងទោះរំលងទៅយូរឆ្នាំយ៉ាងណាក៏ដោយ។ សូម្បីការធ្វើដំណើររយៈពេលខ្លីក៏អាចបង្កើនខ្លឹមសារជីវិតរបស់អ្នកបានដែរ ពីព្រោះអ្នកបានប្រឡូកនឹងវប្បធម៌ចម្រុះ ប្រពៃណីផ្សេងៗ និងទស្សនៈវិស័យផ្សេងៗនៅពេលអ្នកធ្វើដំណើរ។ 

៥- ការធ្វើដំណើរជួយកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង
ករណីគាំងបេះដូងបានបន្តកើនឡើងរៀងរាល់ឆ្នាំ ហើយវាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ដែលការសិក្សាផ្នែកវិទ្យាសាស្ត្រជាច្រើនបានរកឃើញថា បុរសដែលមិនបានធ្វើដំណើរកម្សាន្តសោះអស់រយៈពេលជាច្រើនឆ្នាំមានឱកាសគាំងបេះដូងខ្ពស់ជាងបុរសដែលដើរកម្សាន្តញឹកញាប់ដល់ទៅ ៣០%។ រីឯស្ត្រីដែលមិនបានធ្វើដំណើរកម្សាន្តរាប់ឆ្នាំមានឱកាសគាំងបេះដូងខ្ពស់ជាងស្ត្រីដែលឧស្សាហ៍ធ្វើដំណើរកម្សាន្តដល់ទៅ ៨ ដងឯណោះ៕ 

ប្រភព៖ ឡាយហ៊ែក

ប្រភព៖ ឡាយហ៊ែក

មតិយោបល់