ប៉ាកគីអៅ ត្រូវបានដំឡើងឋានៈជាវរសេនីយ៍ឯកនៃកងទ័ពហ្វីលីពីនពេញសិទ្ធិហើយ តែគ្រោងឡើងសង្វៀនប្រដាល់នៅឆ្នាំក្រោយទៀត

អតីតជើងឯកប្រដាល់ពិភពលោក ៦ ប្រភេទទម្ងន់ មែននី ប៉ាកគីអៅ (Manny Pacquiao) ត្រូវបានដំឡើងឋានៈជាវរសេនីយ៍ឯកនៃកងទ័ពហ្វីលីពីនពេញសិទ្ធិហើយ។ នេះបើតាមប្រភពសារព័ត៌មាន Daily Mail ចុះផ្សាយថ្ងៃទី ៦ ខែធ្នូ។

បុរសវ័យ ៣៨ ឆ្នាំរូបនេះបានចូលទៅបណ្តាញសង្គម Instagram ដើម្បីចែករំលែកដំណឹងមួយនេះ ហើយបានបង្ហោះរូបភាពជាច្រើនរបស់គាត់ ថតជាមួយសមាជិកកងទ័ពដែលស្លៀកពាក់ឯកសណ្ឋានយោធា។

ប៉ាកគីអៅបានសរសេរថា "ថ្ងៃនេះ ខ្ញុំបានការពារដោយជោគជ័យនូវឯកសាររបស់មេបញ្ជាការរបស់ខ្ញុំ ដើម្បីបានឡើងឋានៈជាវរសេនីយ៍ឯកពេញសិទ្ធិ"។

អតីតជើងឯកខ្សែក្រវាត់ទម្ងន់មធ្យមរូបនេះគឺជាទាហានបម្រុងម្នាក់ ហើយត្រូវបានប្រគល់មុខងារជាវរសេនីយ៍ទោ មុននឹងឡើងឋានៈកាលពីថ្ងៃពុធ។

ប៉ាកគីអៅបានចូលបម្រើទ័ពបម្រុងលើកដំបូងនៅក្នុងឆ្នាំ ២០០៦ ទន្ទឹមគ្នានឹងអាជីពប្រដាល់និងអាជីពនយោបាយរបស់គាត់។

បច្ចុប្បន្ន គាត់ជាព្រឹទ្ធសមាជិកហ្វីលីពីន បន្ទាប់ពីចូលកាន់តំណែងនេះកាលពីខែមិថុនា ឆ្នាំមុន។ ថ្វីបើដូច្នេះក្តី ក៏ប៉ាកគីអៅនៅតែមានគម្រោងវិលត្រឡប់មកអាជីពប្រដាល់វិញនៅឆ្នាំក្រោយនេះ៕ ប្រភព៖បរទេស

adverise with khmeread