រថយន្តក្រឡុកស៊ីម៉ងត៍ ផ្តាច់ជីវិតបុរសម្នាក់ និងនារី២នាក់រងរបួសធ្ងន់នៅផ្លូវជាតិលេខ១

ភ្នំពេញ ៖ បុរសវ័យក្មេងម្នាក់បានស្លាប់ភ្លាមៗ និងនារី២នាក់ រងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូ ក៏ត្រូវបានរថយន្តក្រឡុកស៊ីម៉ងត៍ សញ្ញារូបដំរី បុក កាលពីវេលាម៉ោង៨ និង៣៥នាទី យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិ លេខ១ ទល់មុខការដ្ឋានក្រឡុកស៊ីម៉ងត៍ ក្រុមហ៊ុន SCG នៅក្នុងភូមិ ត្រពាំងឈូកសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

​សមត្ថកិច្ចនិយាយថា ជនរងគ្រោះ ជិះម៉ូតូម៉ាក ZoomerX ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ កណ្តាល 1U-7374 បើកបរដោយយុវជន ឈ្មោះ ជុន លឹមគ្រី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបកម្មករ រោងចក្រ ទីលំនៅភូមិកំពុងព្រីង ឃុំសិត្បូស្រុកស្អាង ខេត្តកណ្តាល (ស្លាប់) រួមដំណើនារី២នាក់មិនស្គាល់អត្តសញ្ញាណ(រងរបួសធ្ងន់)។

​ចំណែករថយន្ត ជារថយន្តក្រឡុកស៊ីម៉ងត៍ ស្លាកលេខ ភ្នំពេញ 3A-0244 ពណ៌ស លាយក្រហម បើកបរដោយបុរសម្នាក់ បានឈប់បើកទ្វាររត់ចូលក្នុងការដ្ឋានគេចបាត់។

​សាក្សីនិយាយថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ ជាមួយនារី២នាក់ ធ្វើដំណើរតាមផ្លូវ ជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច។ រីឯរថយន្តក្រឡុកស៊ីម៉ងត៍ បង្ក បើកបរពីលិចទៅកើត (បញ្ច្រាសទិស)។

​លុះមកដល់ចំណុច កើតហេតុ រថយន្តក្រឡុកស៊ីម៉ងត៍ បានបត់ចូលការដ្ឋានរួចជ្រុលបុក ម៉ូតូជនរងគ្រោះ បណ្តាលឱ្យស្លាប់ម្នាក់ រីឯនារី ២នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅមន្ទីរ ពេទ្យភ្លាមៗផងដែរ។

​បន្ទាប់មកសមត្ថកិច្ចចុះមកវាស់វែង យកម៉ូតូនិងរថយន្ត ទៅរក្សាទុក ដើម្បីដោះស្រាយ គ្នាថ្ងៃក្រោយ។ ចំណែកសាកសព ត្រូវសាច់ញាតិ យកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

 

adverise with khmeread