រថភ្លើងបុករថយន្តដឹកដីក្រឡាប់បោកផ្ទប់រនាំងបាក់ខ្ទេចពីកណ្តាលអធ្រាត្រ, ព្រឹកឡើងផ្អើលឈុល

ភ្នំពេញ ៖ មានគ្រោះថ្នាក់ចរាចរណ៍ រថភ្លើងបើកបុករថយន្តបែន បោកផ្ទប់ទៅលើរនាំង របស់ផ្លូវដែកក្រឡាប់ កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្បែរវត្តតាំងកសាងខាងត្បូង ភូមិព្រៃសាលា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចនិយាយថា រថយន្តបង្ក ម៉ាក នីសាន់ បែនកង់៦ ពណ៌ ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP- 0641 អ្នកបើកបរ ឈ្មោះ ហ៊ិន ឌឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករបើកបរររថយន្ត ដេប៉ូលក់គ្រឿងសំណង់ ស្នាក់នៅម្តុំផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិដូនទ្រា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែករថភ្លើង ខ្សែអូសសណ្តោងទូ ដឹកប្រេង។

បុគ្គលិកប្រចាំការ ផ្លូវដែកត្រង់ចំណុចខាងលើបានឱ្យដឹងថា ខណៈដែលរថភ្លើង ខ្សែដឹកប្រេង បើកពីលិចទៅកើតជិតមកដល់ គាត់បានចេញមក ធ្វើចរាចរណ៍ ការពារចុចភ្លើងជាសញ្ញា។ ស្រាប់តែរថយន្តបង្កបើកពីត្បូងទៅជើងឡើងទៅដល់លើផ្លូវដែកឆ្លងកាត់ អ៊កស៊ើឈប់រវល់តែសាងលេខ ស្រាប់តែរថភ្លើងមកដល់ល្មម ទើបបណ្តាលឱ្យបុកប៉ើងបោកផ្ទប់ទៅលើរនាំង ការពារផ្លូវដែក បណ្តាលឱ្យបាក់ខ្ទេច។

តាមសម្តីអ្នកបើកបររថយន្តវិញ បានឱ្យដឹងថា ខណៈដែលគាត់មិនស្រួលខ្លួនផង ក្រោយពីលេបថ្នាំហើយ អត់មានអ្នកបើករថយន្តជំនួស ខ្លួនបើកក្នុងបំណងទៅយកខ្សាច់នៅគីឡូម៉ែត្រលេខ៩។ ស្រាប់តែបើកមកដល់លើផ្លូវដែក ទួល ជាប់លេខ៤ លែងទៅមុខ សាងលេខមិនទាន់ រថភ្លើងមកដល់ល្មម។

ក្រោយពីជួបឧប្បត្តិហេតុខាងលើ រថយន្តបានបន្តដំណើរចូលស្ថានីយ៍ ធំ ភ្នំពេញបាត់ រហូតដល់វេលាម៉ោង៥ ទើបភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែងកើតហេតុ រថយន្តត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅផ្នែកជំនាញស្នងការក្រុងភ្នំពេញ រងចាំដោះស្រាយ ជាមួយក្រុមហ៊ុនអាយស្ម័យានកម្ពុជា ជាក្រោយ៕

adverise with khmeread