ឧបនាយករដ្ឋមន្ត្រីថៃពាក់ចិញ្ចៀនពេជ្រនិងនាឡិកាតម្លៃរាប់សែនដុល្លារ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេត

លោក ប្រាវីត វង់សុវ៉ាន់ ឧបនាយករដ្ឋមន្ត្រីថៃ នឹងត្រូវបានស៊ើ​បអង្កេតលើករណីអំពើពុករលួយ ដោយមិនបានរាយការណ៍អំពីនាឡិកាដ៏ល្អប្រណិតនិងចិញ្ចៀនពេជ្រនៅក្នុងការប្រកាសទ្រព្យសម្បតិ្តរបស់លោក ដែលត្រូវបានស្នើដោយអង្គភាពប្រឆាំងអំពើពុករលួយ។

លោក វ៉ូរ៉ាវីត ស៊ុគប៊ូន អគ្គលេខាធិការគណៈកម្មការប្រឆាំងអំពើពុករលួយថៃ (NACC) បាននិយាយកាលពីថ្ងៃពុធ ទី៦ធ្នូ ថា ករណីនេះបានបង្កឱ្យមានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន ហើយការិយាល័យ NACC អាចធ្វើការស៊ើបអង្កេតជាបន្ទាន់។

លោក ស៊ុគប៊ូន បាននិយាយថា ការិយាល័យ NACC នឹងពិនិត្យមើលបញ្ហានេះ និងថា អង្គភាពប្រឆាំងអំពើពុករលួយនេះ មិនមានការរងសម្ពាធអំពីតួនាទីដ៏ធំរបស់លោកប្រាវីតនោះទេ។

នាឡិកាដ៏ថ្លៃនិងចិញ្ចៀនពេជ្រនេះ ត្រូវបានគេឃើញ ឧបនាយករដ្ឋមន្ត្រីនេះ ពាក់នៅពេលដែលមានការថតរូបរួមគ្នាមួយសម្រាប់គណៈរដ្ឋមន្រ្តីថ្មីកាលពីថ្ងៃចន្ទ។ រូបភាពនេះត្រូវបានចែកចាយលើបណ្តាញទំនាក់ទំនងសង្គម ដោយមានអ្នកលេងហ្វេសប៊ុកមួយចំនួន បានចោទជាសំនួរថា "តើលោកអាចមានលុយទិញនាឡិកានិងចិញ្ចៀនពេជ្រនេះដ៏ថ្លៃបែបនេះបានយ៉ាងមេ្តចទៅ...ពីព្រោះលោកគឺគ្រាន់តែជាមន្រ្តីរដ្ឋម្នាក់ប៉ុណ្ណោះ"។

ទំព័រហ្វេសប៊ុកមួយ ដែលបានអំពាវនាវឱ្យមានការស៊ើបអង្កេតនេះ បានអះអាង ថានាឡិកាម៉ាក Richard Mille ម៉ូដែល RM 002V2 នេះ គឺធ្វើអំពីប្លាទីន ហើយ វាមានតម្លៃ ៣៧០.០០០ដុល្លារអាមេរិកហើយចិញ្ចៀនពេជ្រដែលមានទម្ងន់ប្រហែល៥ការ៉ាត់នេះ គឺ មានតម្លៃ ១២២.៦០០ ដុល្លារអាមេរិក។

លោក ប្រាវីត ដែលជារដ្ឋមន្រ្តីការពារជាតិផងដែរនេះ បាននិយាយកាលពីថ្ងៃពុធថា លោកត្រៀមខ្លូនចូលបំភ្លឺអំពីបញ្ហានេះដល់គណៈកម្មការប្រឆាំងអំពើពុករលួយ (NACC) ៕

adverise with khmeread