ISIS ក្នុងស៊ីរីនិងអ៊ីរ៉ាក់រលាយសាបសូន្យហើយ! អ៊ីរ៉ាក់ប្រកាសថា សង្គ្រាមជាមួយពួក ISIS ចប់ជាស្ថាពរ ស្របពេលពួកនេះក៏ដួលរលំនៅស៊ីរី

ប្រទេសអ៊ីរ៉ាក់បានប្រកាសថា សង្គ្រាមរបស់ខ្លួនប្រឆាំងនឹងរដ្ឋអ៊ីស្លាម (ISIS) ត្រូវបានបញ្ចប់ហើយ។

នាយករដ្ឋមន្រ្តី Haider al-Abadi បានប្រាប់នៅក្នុងសន្និសីទមួយនៅក្រុងបាកដាដថា កងទ័ពអ៊ីរ៉ាក់ឥឡូវនេះកំពុងគ្រប់គ្រងព្រំដែនអ៊ីរ៉ាក់-ស៊ីរីទាំងស្រុងហើយ។ នេះបើតាមប្រភព BBC កាលពីថ្ងៃសៅរ៍ទី៩ធ្នូ។

តំបន់ព្រំដែនមួយចំនួនត្រូវបានកាន់កាប់ដោយពួក ISIS មួយក្តាប់តូចចុងក្រោយ បន្ទាប់ពីពួកវាបាត់បង់ទីក្រុង Rawa កាលពីខែវិច្ឆិកា។

ក្រសួងការបរទេសអាមេរិកបានស្វាគមន៍ការបញ្ចប់ការកាន់កាប់ដ៏សាហាវរបស់ពួក ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយនិយាយថា ការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មនេះអាចនឹងបន្តទៀត។

ការប្រកាសរបស់អ៊ីរ៉ាក់នេះកើតឡើងពីរថ្ងៃបន្ទាប់ពីយោធារុស្ស៊ីបានប្រកាសថា ខ្លួនបានសម្រេចបេសកកម្មរបស់ខ្លួនក្នុងការកម្ចាត់ពួក ISIS នៅក្នុងប្រទេសស៊ីរី ដែលជាប្រទេសជិតខាងអ៊ីរ៉ាក់។

ពួក ISIS បានដណ្តើមកាន់កាប់ផ្នែកដ៏ធំនៃប្រទេសស៊ីរីនិងអ៊ីរ៉ាក់ក្នុងឆ្នាំ ២០១៤ នៅពេលក្រុមនេះប្រកាសរដ្ឋធានី "Caliphate" របស់ខ្លួន និង ដាក់ច្បាប់របស់ខ្លួនគ្រប់គ្រងប្រជាជនជាង ១០ លាននាក់៕ ប្រភព៖បរទេស

adverise with khmeread