ក្រុមហ៊ុនឥណ្ឌាមួយបានធ្វើការផ្សព្វផ្សាយលក់ទូរស័ព្ទស្មាតហ្វូន ដែលមានតម្លៃថោកជាងគេបំផុតនៅលើពិភពលោក។
ក្រុមហ៊ុន Ringing Bells បាននិយាយកាលពីពេលមុននេះថា ទូរស័ព្ទស្មាតហ្វូន Freedom 251 របស់ខ្លួននឹងបញ្ចេញលក់ក្នុងតម្លៃក្រោម៥០០រូពី (៧,៣ ដុល្លារអាមេរិក) ប៉ុន្តែ នៅពេលក្រុមហ៊ុននេះបានបញ្ចេញលក់ទូរស័ព្ទប្រភេទស្មាតហ្វូននេះកាលពីថ្ងៃពុធនោះ ក្រុមហ៊ុននេះបាននិយាយថា វាមានតម្លៃតែ២៥១រូពី (៣,៦៧ដុល្លារអាមេរិក) តែប៉ុណ្ណោះក្នុងមួយគ្រឿង។
ទូរស័ព្ទ Freedom 251 នេះអាចផ្ទុកទិន្នន័យបានទំហំ 8GB និងមានកាមេរ៉ាមុខនិងក្រោយ។
ឥណ្ឌាជាទីផ្សារទូរស័ព្ទដ៏ធំជាងគេលំដាប់ទី២នៅលើពិភពលោក ហើយមានអ្នកប្រើប្រាស់ទូរស័ព្ទចំនួន១ពាន់លាននាក់នៅក្នុងប្រទេសនេះ។
ទីភ្នាក់សារព័ត៌មានAFP បានដកស្រង់សម្តីស្ត្រីអ្នកនាំពាក្យរបស់ក្រុមហ៊ុននេះដោយនិយាយថា បច្ចុប្បន្ន ក្រុមហ៊ុននាំគ្រឿងបន្លាស់ទូរស័ព្ទពីបរទេសហើយដំឡើងនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែក្រុមហ៊ុន មានផែនការផលិតទូរស័ព្ទរបស់ខ្លួននៅក្នុងស្រុកក្នុងរយៈពេលមួយឆ្នាំទៀត។
សារព័ត៌មានឥណ្ឌា Press Trust of India បានរាយការណ៍ថាក្រុមហ៊ុន Ringing Bells ទើបតែបង្កើតឡើងតែពីរបីខែកន្លងទៅនេះទេ ប៉ុន្តែបច្ចុប្បន្ន បានបញ្ចេញលក់ទូរស័ព្ទស្មាតហ្វូង4Gក្នុងតម្លៃដ៏ថោកបំផុតគឺ ២.៩៩៩ រូពី (ប្រហែល ៤៤ ដុល្លារ)៕
