រឿង ៦ យ៉ាង មិនត្រូវនិយាយទៅកាន់កូនស្រីទេ ប្រសិនបើចង់ចិញ្ចឹមបីបាច់ពួកគេឱ្យធំឡើងក្លាយជានារីរឹងមាំ

កូនតូចៗងាយទទួលយកបានខ្លាំងណាស់នូវពាក្យសម្តីដែលនិយាយទៅកាន់ពួកគេ។ ជាទូទៅ ការចិញ្ចឹមបីបាច់កូនតូចគឺជារឿងលំបាកណាស់ទៅហើយ ប៉ុន្តែការចិញ្ចឹមបីបាច់កូនស្រីឱ្យធំដឹងក្តីឡើងល្អប្រពៃរឹតតែជារឿងលំបាកថែមទៀតនាសម័យទំនើបនេះ។ ដើម្បីចិញ្ចឹមកូនស្រីសម័យនេះ គឺទាមទារចំណាយច្រើនណាស់ទាំងកម្លាំងកាយចិត្ត និង ហិរញ្ញវត្ថុ។ ត្រូវចាំថា ពាក្យសម្តីគឺមានឥទ្ធិពលខ្លាំងណាស់ចំពោះក្មេងស្រី នៅពេលពួកនាងនៅតូចៗ។ ដំបូន្មានដែលផ្តល់ទៅពួកគេ និង រឿងដែលបាននិយាយប្រាប់ទៅពួកគេនៅពេលពួកគេនៅតូចៗ គឺសំខាន់ណាស់ ដូច្នេះត្រូវចិញ្ចឹមបីបាច់កូនស្រីឱ្យបានត្រឹមត្រូវ ដោយចៀសវាងនិយាយរឿងទាំង ៦ យ៉ាងដូចខាងក្រោម ៖

១. "កូនឯងត្រូវតែក្លាយជាមនុស្សឆ្លាតជាងគេ"
អ្នកប្រហែលគិតថានិយាយបែបនេះគឺមានឥទ្ធិពលលើកូនខ្លួនឯងហើយ ប៉ុន្តែតាមពិតគឺគ្មានទេ។ នៅពេលអ្នកនិយាយថា "កូនឯងត្រូវតែក្លាយជាមនុស្សឆ្លាតជាងគេ" នោះកូនស្រីនឹងចាប់ផ្តើមយកសម្តីនេះទៅគិត ហើយព្យាយាមធ្វើឱ្យបានតាមសម្តីឪពុកម្តាយ។ ដូច្នេះនៅពេលប្រឹងយ៉ាងលំបាកហើយបរាជ័យ នាងនឹងចាប់ផ្តើមសង្ស័យសមត្ថភាពខ្លួនឯង និងបន្ទោសថាខ្លួនឯងអន់។ ហេតុនេះហើយ វាជាការសំខាន់ណាស់ដែលត្រូវបញ្ចៀសសម្តីនេះទៅកាន់កូនស្រី។ ជំនួសមកវិញ អ្នកអាចនិយាយថា នាងជាកូនស្រីឧស្សាហ៍ព្យាយាម ហើយអ្នកដឹងថាកូនស្រីនឹងអាចសម្រេចគោលដៅបាន។ តាមវិធីនេះ កូនស្រីនឹងរៀនសូត្រអំពីតម្លៃនៃការតស៊ូព្យាយាមជាក់ជាមិនខាន។

២. "ម៉ាក់តូចចិត្តណាស់ មិនស្អាតដូចគេ"
ក្នុងនាមជាម្តាយ កុំនិយាយតែរឿងមិនល្អឱ្យកូនស្រីបានឮ ព្រោះធ្វើបែបនេះគឺដូចបង្ហាត់កូនឱ្យធំឡើង គិតតែរឿងអវិជ្ជមានចំពោះខ្លួនឯង។ អ្នកត្រូវបង្ហាញពីការស្រឡាញ់ខ្លួនឯងឱ្យបានច្រើន នៅចំពោះមុខកូន ដើម្បីឱ្យនាងទទួលយកទម្លាប់ល្អៗពីអ្នក។ មានតែអ្នកប៉ុណ្ណោះជាអ្នកត្រួសត្រាយឥរិយាបថ និងការគិតបែបវិជ្ជមានដល់កូនស្រី។

៣. "កូនស្រីអាចធ្វើអ្វីៗដែលនាងចង់ធ្វើ"
នៅពេលអ្នកនិយាយដូច្នេះ កូនស្រីច្បាស់ជាគិតថា ស្រីៗមិនចាញ់បុរសឡើយ អ្វីក៏នាងអាចធ្វើបានដែរ។ ប៉ុន្តែនៅពេលនាងប្រឈមការលំបាក ដែលមានតែបុរសអាចធ្វើបាននោះ នាងនឹងចាប់ផ្តើមតូចចិត្តខ្លួនឯង ដែលមិនអាចធ្វើបានដូចសម្តីម្តាយទូន្មាន។ ជំនួសមកវិញ អ្នកគួរនិយាយថា គ្មានព្រំដែនរវាងបុរសនិងស្ត្រីទេ អ្វីដែលបុរសអាចធ្វើបាន ស្ត្រីក៏អាចធ្វើបានដែរ។

៤. "ហាត់ប្រាណឱ្យបានច្រើនដើម្បីស្រកទម្ងន់"
នេះជាសម្តីគ្រោះថ្នាក់មួយទៀត ត្រូវចៀសវាងនិយាយទៅកាន់កូនស្រី។ សម្តីនេះគឺដូចបង្ខំឱ្យកូនស្រីគិតអវិជ្ជមានចំពោះភាពធាត់។ គោលបំណងនៃលំហាត់ប្រាណមិនមែនដើម្បីសម្រកទម្ងន់ទាំងអស់នោះទេ គឺដើម្បីឱ្យមានសុខភាពល្អ និងកាយសម្បទាមាំមួន។ ដូច្នេះ អ្នកអាចប្រាប់កូនឱ្យជិះកង់ដើម្បីមានសុខភាពល្អនិងរាងកាយមាំមួនល្អជាជាង។

៥. "ចរិតក្មេងប្រុសគឺអ៊ីចឹងឯង"
ឃ្លានេះគឺមិនស័ក្តិសមនិយាយឱ្យកូនស្រីស្តាប់ទេ។ ជាការពិតក្មេងប្រុសតែងឈ្លោះប្រកែកគ្នាវាយតប់គ្នា ជារឿងធម្មតា ប៉ុន្តែនៅពេលក្មេងប្រុសវាយធ្វើបាបក្មេងស្រី ហើយខ្លួនអ្នកជាម្តាយនិយាយថា "ចរិតក្មេងប្រុសគឺអ៊ីចឹងឯង" គឺដូចប្រាប់នាងឱ្យទទួលយកចរិតហិង្សាលើស្ត្រីពីសំណាក់បុរសភេទយ៉ាងអ៊ីចឹង។ អ្នកគួរអប់រំកូនឱ្យយល់ដឹងនិងចេះទទួលយកឥរិយាបថណាដែលអាចទទួលយកបាន មិនមែនហិង្សានោះទេ។

៦. "ថើបគាត់មួយខ្សឺតទៅ"
នេះជាមេរៀនជីវិត ដែលអ្នកបង្ហាត់ដល់កូនស្រី។ នៅពេលអ្នកប្រាប់កូនឱ្យថើបនរណាម្នាក់ នៅពេលនាងមិនចង់ថើប គឺអ្នកបានបង្ខំឱ្យនាងគិតថា នាងជំពាក់គុណនរណាម្នាក់ ដោយសារតែគេធ្វើល្អដាក់នាង។ ធ្វើបែបនេះ គឺដូចដកហូតអំណាចនៃការសម្រេចចិត្តចេញពីខ្លួននាងអ៊ីចឹង វាគឺជារឿងមិនអាចទទួលយកបានទេ។ ទុកឱ្យនាងសម្រេចចិត្តដោយខ្លួនឯងថាគួរថើប អ្នកនោះឬអត់។ ប្រសិនបើនាងបដិសេធ ត្រូវប្រាប់នាងថា មិនអីទេ កូនមិនចង់ថើបក៏មិនមានបញ្ហាអ្វីដែរ៕

adverise with khmeread