បើកល្បែងស៊ីសង ហ្គេមភ្នាល់តាមអនឡាញមិនទាន់មានច្បាប់ត្រូវបានហាមឃាត់

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលជ្រោយចង្វារ បានសហការជាមួយកម្លាំងគណៈបញ្ជារការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក ហ៊ុយ សារុណអភិបាលរងខណ្ឌជ្រោយចង្វារ  ចុះពិនិត្យទីតាំងផ្ទះល្វែងលេខ A០៤ ផ្លូវជាតិលេខ៦ បុរីរីវើរថោន ស្ថិតនៅ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៣រសៀលដែលសង្ស័យថាមានបើកល្បែងស៊ីសង ហ្គេមភ្នាល់តាមអនឡាញ។ 

សមត្ថកិច្ចមូលដ្ឋាននិយាយថា ពេលចុះទៅដល់ទីតាំងផ្ទះខាងលើ ក៏បានជួបជាមួយឈ្មោះ ប៉ែន ចន្ថា ភេទស្រី អាយុ៣១ឆ្នាំ ជាអ្នកបម្រើការជាអ្នកគ្រប់គ្រងសម្ភារៈ និងបានឃើញមាន កុំព្យូទ័រចំនួន១៤គ្រឿង ម៉ាស៊ីនព្រីនចំនួន១គ្រឿង ទូរទស្សន៍ចំនួន២គ្រឿង ក្រដាស់បុងចាក់បាល់ចំនួន៥សន្លឹក។ 

តាមការរៀបរាប់របស់ឈ្មោះខាងលើបានបញ្ជាក់ថា ទីតាំងនេះម្ចាស់ឈ្មោះ ឆេង មិននៅទីនេះទេ ហើយទីតាំងនេះទើបតែបើកបានរយៈពេល ២ទៅ៣ថ្ងៃ មិនទាន់ដំណើរការទេ ដោយកំពុងតែរត់ការច្បាប់។ 

ក្រោយស្តាប់ការរៀបរាប់របស់អ្នកគ្រប់គ្រង លោកហ៊ុយ សារុណអភិបាលរងខណ្ឌជ្រោយចង្វារ មិនអនុញ្ញាតិឱ្យបើកអាជីវកម្មនេះទៀតទេ៕

adverise with khmeread