លោកត្រាំប្រាប់ឱ្យអង្គការណាសាបញ្ជូនមនុស្សទៅឋានព្រះចន្ទម្តងទៀត ហើយលើកនេះមិនត្រឹមតែដោតទង់ជាតិ និងបន្សល់ស្នាមជើងទេ ថែមទាំង...

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទទី១១ធ្នូបានបញ្ជាឱ្យអង្គការណាសាបញ្ជូនជនជាតិអាមេរិកទៅឋានព្រះចន្ទជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧២ ដើម្បីរៀបចំសម្រាប់ការធ្វើដំណើរនាពេលអនាគតទៅភពព្រះអង្គារ។

ត្រាំនិយាយនៅក្នុងពិធីមួយនៅសេតវិមានខណៈលោកចុះហត្ថលេខាលើសេចក្ដីបង្គាប់គោលនយោបាយអវកាសថ្មីយ៉ាងដូច្នេះ "លើកនេះយើងមិនត្រឹមតែដោតទង់ជាតិរបស់យើង ហើយបន្សល់ស្នាមបាតជើងយើងប៉ុណ្ណោះទេ។ យើងនឹងបង្កើតមូលដ្ឋានគ្រឹះសម្រាប់បេសកកម្មទៅកាន់ភពអង្គារ ហើយប្រហែលជាថ្ងៃណាមួយនឹងទៅដល់ភពជាច្រើនលើសពីនេះទៀត"។

សេចក្ដីបង្គាប់នោះអំពាវនាវឱ្យអង្គការណាសាបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីបញ្ជូនមនុស្សឱ្យចូលក្នុងលំហអាកាសជ្រៅ ដែលជាគោលនយោបាយមួយជួយបង្រួបបង្រួមអ្នកនយោបាយទាំងពីរបក្សធំៗនៅសហរដ្ឋអាមេរិកនោះ។

ទោះយ៉ាងណា វាបានបង្ហាញឱ្យឃើញច្បាស់នូវបញ្ហាដែលបែកបាក់និងពិបាកបំផុតក្នុងការរុករកនៅទីអវកាស នោះគឺ ថវិកានិងពេលវេលា។

អ្នកជំនាញគោលនយោបាយអវកាសយល់ស្របថា ការប៉ុនប៉ងបញ្ជូនមនុស្សទៅភពព្រះអង្គារដែលមានចម្ងាយជាមធ្យមប្រមាណ ២២៥ លានគីឡូម៉ែត្រពីផែនដីនឹងតម្រូវឱ្យមានបច្ចេកទេសដ៏ខ្លាំងក្លានិងថវិកាដ៏ច្រើនសម្បើម។

លើកចុងក្រោយបង្អស់ដែលអ្នកអវកាសអាមេរិកបានមកដល់ឋានព្រះចន្ទគឺនៅអំឡុងពេលនៃបេសកកម្មអាប៉ូឡូនៅទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០ ។

នៅថ្ងៃទី ២០ ខែកក្កដាឆ្នាំ ១៩៦៩ អ្នកអវកាសអាមេរិក លោក Neil Armstrong បានក្លាយជាបុរសទីមួយដែលដើរលើឋានព្រះចន្ទ។

លោកត្រាំ ដែលចុះហត្ថលេខាលើសេចក្តីបង្គាប់នោះដោយមានវត្តមានរបស់លោក Harrison Schmitt ដែលជាជនជាតិអាមេរិកចុងក្រោយម្នាក់ដើរលើឋានព្រះចន្ទកាលពី ៤៥ ឆ្នាំមុន បាននិយាយថា "ថ្ងៃនេះយើងសន្យាថា គាត់នឹងមិនមែនជាមនុស្សចុងក្រោយទេ"។

លោកត្រាំនិងអនុប្រធានាធិបតី លោក Mike Pence ដែលជាប្រធានក្រុមប្រឹក្សាអវកាសជាតិថ្មី ដែលទើបធ្វើឱ្យរស់រានឡើងនោះ បានសន្យាថា នឹងរុករកព្រះចន្ទម្តងទៀត ប៉ុន្តែបានផ្តល់ព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះ៕

adverise with khmeread