ហៅប្រមូលផលិតផលម្សៅទឹកដោះគោទារកម៉ាក Lactalis ចូលឃ្លាំងវិញទូទាំងពិភពលោក បន្ទាប់ពីក្មេងបៅទឹកដោះនេះហើយធ្លាក់ខ្លួនឈឺ

ក្រុមហ៊ុនផលិតម្សៅទឹកដោះគោទារក Lactalis បានបញ្ជាឱ្យហៅប្រមូលផលិតផលទូទាំងពិភពលោកជុំវិញការព្រួយបារម្ភចំពោះការឆ្លងបាក់តេរីឈ្មោះ Salmonella។ នេះបើតាមប្រភពសារព័ត៌មាន Daily Mail ចុះផ្សាយកាលពីថ្ងៃទី ១១ ធ្នូ។

អាជ្ញាធរសុខាភិបាលនៅប្រទេសបារាំងបាននិយាយថា ទារកចំនួន ២៦ នាក់នៅក្នុងប្រទេសនេះបានធ្លាក់ខ្លួនឈឺ តាំងពីដើមខែធ្នូ។

ក្រុមហ៊ុន Lactalis គ្របដណ្តប់លើផលិតផលម្សៅទឹកដោះគោរាប់លាន ដែលលក់នៅទូទាំងពិភពលោកក្រោមម៉ាក Milumel, Picot និង Celi។

ការប្រមូលយកមកវិញនេះប៉ះពាល់ដល់អតិថិជននៅចក្រភពអង់គ្លេស ក្រិក ម៉ារ៉ុក ស៊ូដង់ ប៉េរូ កូឡុំប៊ី ប៉ាគីស្ថាន បង់ក្លាដែស និងចិន។

យោងតាមព័ត៌មានដែលបានចេញផ្សាយនៅលើវេបសាយរបស់ក្រសួងសុខាភិបាលបារាំងបានឱ្យដឹងថា សហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏សំខាន់មួយសម្រាប់ផលិតផលរបស់ក្រុមហ៊ុន Lactalis មិនបានរងផលប៉ះពាល់នោះទេ។

រោគសញ្ញានៃការឆ្លងមេរោគបាក់តេរី Salmonella រួមមាន រមួលពោះ រាគ និងគ្រុនក្តៅ។

មនុស្សភាគច្រើនជាសះស្បើយឡើងវិញ ដោយមិនមានការព្យាបាលទេ ប៉ុន្តែកុមារតូចៗក៏ដូចជាមនុស្សចាស់និងមនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ មានហានិភ័យខ្ពស់ក្នុងការក្លាយជាអ្នកជំងឺធ្ងន់ធ្ងរ។

បន្ទាប់មក ការថែទាំនៅមន្ទីរពេទ្យនឹងត្រូវការចាំបាច់ ពីព្រោះការខ្វះជាតិទឹកដែលបណ្តាលមកពីជំងឺនេះ អាចគំរាមកំហែងដល់អាយុជីវិត៕ ប្រភព៖បរទេស

adverise with khmeread