របៀបក្នុងការផ្ដល់ដំណឹងទៅកាន់ចៅហ្វាយនាយរបស់អ្នកថា អ្នកនឹងលាឈប់ពីការងារ

ការសម្រេចចិត្តអាចនឹងត្រូវធ្វើឡើងតាមវិធីជាច្រើនយ៉ាង ក៏ប៉ុន្តែនៅពេលដែលនិយាយអំពីការងារវិញ វាគឺជារឿងល្អបំផុតប្រសិនបើអ្នកបានគិតសារជាថ្មីមុនពេលធ្វើការសម្រេចចិត្ត ជាពិសេសនៅពេលដែលអ្នកមានបំណងក្នុងការផ្លាស់ប្ដូរការងារ ក៏ដូចជាលាឈប់ពីការងាររបស់អ្នក។

ប្រសិនបើអ្នកបានសម្រេចក្នុងការផ្លាស់ប្ដូរទៅបម្រើការងារផ្សេង ទាំងនេះគឺជាគន្លឹះខ្លះៗដែលអាចនឹងជួយអ្នកក្នុងការផ្ដល់ដំណឹងទៅកាន់ចៅហ្វាយនាយរបស់អ្នក។

ត្រូវធ្វើឲ្យប្រាកដថាអ្នកបានធ្វើតាមគន្លឹះខាងក្រោមនេះ មុនពេលដែលអ្នកផ្ដល់ដំណឹង៖

កត់ត្រាទុកនូវគុណសម្បត្តិ និងគុណវិបត្តិក្នុងការលាឈប់ពីការងារសម្រាប់ចៅហ្វាយនាយរបស់អ្នក

ចំនាយពេលក្នុងការវិភាគនូវការសម្រេចចិត្តរបស់អ្នក ហើយត្រូវដឹងថាវានឹងប៉ះពាល់ដល់អ្នក និងស្ថាប័នដែលអ្នកកំពុងបម្រើការយ៉ាងណា។ នៅពេលដែលអ្នកនិយាយដោយស្មោះត្រង់ទៅកាន់ចៅហ្វាយនាយរបស់អ្នក ហើយរៀបរាប់ប្រាប់ពួកគាត់ឲ្យបានច្បាស់លាស់អំពីស្ថានភាពនៃកន្លែងការងាររបស់អ្នកនៅពេលដែលអ្នកចាកចេញ ដែលវានឹងអាចជួយឲ្យប្រធានរបស់អ្នកមានមានទស្សនៈប្រសើរជាងមុន។ ហើយវាក៏អាចជួយពង្រឹងនូវការស្នើរសុំរបស់អ្នកឲ្យកាន់តែមានប្រសិទ្ធភាពដោយសារតែអ្នកមានហេតុផលច្បាស់លាស់ផងដែរ។

ផ្ដល់ដំណឹងទុកជាមុន

អ្នកត្រូវតែចេះគួរសមនៅពេលដែលប្រាប់ចៅហ្វាយនាយរបស់អ្នកអំពីដំណឹងនេះ។ អ្នកត្រូវតែធ្វើឲ្យប្រាកដថា អ្នកបានផ្ដល់ដំណឹងទុកមុនយ៉ាងហោចណាស់ឲ្យបានមួយខែមុន។ រៀបចំនូវការជួបមុខគ្នាជាមួយចៅហ្វាយនាយរបស់អ្នកដើម្បីនិយាយពិភាក្សាជាមួយគាត់អំពីការសម្រេចចិត្តរបស់អ្នក។

ត្រូវដឹងអំពីអ្វីដែលអ្នកត្រូវនិយាយ

អ្នកត្រូវតែដឹងឲ្យបានច្បាស់អំពីអ្វីដែលចង់និយាយទៅកាន់ចៅហ្វាយនាយរបស់អ្នក។ រៀបចំខ្លួនជាស្រេចសម្រាប់រាល់សំនួរដែលពិបាកៗ ព្រមទាំងប្រមូលព័ត៌មានឲ្យបានច្រើនដើម្បីជៀសវាសការ រអាក់រអ៊ួលដោយសារតែការភិតភ័យ ឬក៏ការបង្ហាញអំពីការខ្វះទំនុកចិត្ត។ បើទោះបីជាការលាឈប់ការងាររបស់អ្នកត្រូវបានផ្អែកលើហេតុផលសំខាន់ៗ អ្នកមិនចាំបាច់លើកឡើងអំពីចំណុចចអវិជ្ជមានឡើយ ព្រោះថាការសន្ទនាបែបនោះអាចនឹងមានភាពតានតឹងកើតឡើង។ ហេតុដូច្នេះ អ្នកត្រូវដឹងអំពីអ្វីដែលអ្នកចង់និយាយមុនពេលដែលអ្នកទៅជួបចៅហ្វាយនាយរបស់អ្នក និងប្រាប់ព័ត៌មានទៅគាត់ដោយមានប្រសិទ្ធភាព។

កុំទុកចោលការងារដែលមិនទាន់បានបញ្ចប់

ត្រូវធ្វើឲ្យប្រាកដថាអ្នកបានដាក់ការងារគម្រោង និងកិច្ចការរបស់យើងមុនពេលអ្នកលាឈប់ពីការងារ។ វានឹងបង្ហាញថាអ្នក គឺជាបុគ្គលិកម្នាក់ដែលមានទំនួលខុសត្រូវ និងមានភាពស្មោះត្រង់ ដែលវានឹងមានផលប្រយោជន៍ដល់អ្នកទៅថ្ងៃក្រោយ។

ជ្រើសរើសពេលវេលាដែលសាកសម

ពេលវេលាមួយដែលសាកសម ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការផ្ដល់ព័ត៌មានបែបនេះ។ វាពិតជាមានសារៈសំខាន់ណាស់ដែលអ្នកផ្ដល់ព័ត៌មានទៅពួកគេដោយផ្ទាល់ ដូច្នេះអ្នកគួរតែព្យាយាមកំណត់ថ្ងៃសម្រាប់ការជួបជាមួយនឹងចៅហ្វាយនាយរបស់អ្នក។ ទុកពេលឲ្យពួកគាត់ឲ្យបានគ្រប់គ្រាន់ ដើម្បីផ្ដល់ដំណឹងដល់អ្នកអំពីពេលវេលាដែលសាកសមមួយ ហើយណាត់ជួបគាត់ ដើម្បីឲ្យអ្នកអាចទទួលបានការយលចិត្តទុកដាក់ពីគាត់នៅពេលពិភាក្សាការងារ។

និយាយត្រង់ៗ និងចំចំណុច

ជៀសវាងការបោកប្រាស់ និងកែប្រែបញ្ហា។ អ្នកត្រូវតែយល់ថានិយោជកតែងតែមានការងារដ៏សែនច្រើន ជាមួយនឹងទំនួលខុសត្រូវខ្ពស់ផងដែរ។ ហេតុដូច្នេះ ការនិយាយមិនចំចំណុច និងបង្វែរដាននឹងធ្វើឲ្យស្ថានការកាន់តែយ៉ាប់យឺន។ ត្រូវតែធ្វើឲ្យបានច្បាស់ដល់និយោជករបស់អ្នក ធ្វើដូចនេះទើបពួកគេអាចនឹងយល់ពីអ្នក ហើយអាចធ្វើការសម្រេចចិត្តបានប្រសើរជាងមុន។ ជៀសវាងការចំណាយពេលឥតប្រយោជន៍ ហើយត្រូវតែនិយាយបើកចំហឲ្យចំចំណុច។

បង្កើតការការសន្ទនាក្នុងន័យវិជ្ជមាន

នៅពេលដែលអ្នកប្រាប់ដំណឹងដែលអាចមានផលប៉ះពាល់ទៅដល់ក្រុមហ៊ុន វាពិតជាសំខាន់ខ្លាំងណាស់ក្នុងការនិយាយពីចំនុចវិជ្ជាមានរបស់ក្រុមហ៊ុន។ ដោយសារតែការសម្រេចចិត្តមួយនេះមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះអាជីពការងាររបស់អ្នក វាថែមទាំងប៉ះពាល់ដល់សមត្ថភាពការងាររបស់ក្រុមហ៊ុន ទឹកចិត្តរបស់បុគ្គលិក និងមិត្តរួមការងារផងដែរ។ ហេតុដូច្នេះ ការរក្សាឲ្យបាននូវការសន្ទនាល្អៗនៅក្នុងគ្រប់ការសម្រេចចិត្តទាំងអស់ អាចនឹងជួយកាត់បន្ថយនូវភាពតានតឹង និងផលប៉ះពាល់ទាំងសងខាងផងដែរ។

ថ្លែងអំណរគុណដល់ចៅហ្វាយនាយរបស់អ្នក

ការដឹងគុណដល់ចៅហ្វាយនាយរបស់អ្នកនឹងដឹកនាំអ្នកទៅកាន់ផ្លូវដ៏វែងឆ្ងាយនៅក្នុងអាជីពការងាររបស់អ្នក។ បើទោះបីជាអ្នកមិនពេញចិត្តនឹងការងាររបស់អ្នក ឬក៏អ្នកទទួលបាននូវអ្វីដែលមិនដូចការរំពឹទុកក៏ដោយ ការសម្ដែងការដឹងគុណសម្រាប់ការផ្ដល់ឱកាស សម្រាប់ការហ្វឹកហាត់កន្លងមក ទំនាក់ទំនងមិត្តភាពដែលបានសាងជាមួយគ្នាអំឡុងពេលកន្លងមក ក៏ដូចជាបទពិសោធន៍រាប់មិនអស់ដែលឆ្លងកាត់ ល្អឬអាក្រក់ដែលបានជួយអ្នកនៅក្នុងអាជីពការងារ និងអភិវឌ្ឍន៍អ្នកឲ្យក្លាយជាមនុស្សល្អ គឺពិតជាចំណុចដែលមិនអាចរំលងបានទេ។

សរសេរសំបុត្រសុំឈប់ពីការងារដែលមានលក្ខណៈផ្លូវការ

សំបុត្រសុំឈប់ពីការងាររបស់អ្នកគូរតែបង្កើតឡើងក្នុងរបៀបមួយដែលនិយាយអំពីបញ្ហារបស់អ្នកដោយត្រង់ និងនៅក្នុងន័យវិជ្ជមានបំផុត។ ឯកសារផ្លូវការមួយច្បាប់នឹងជៀសវាងការយល់ច្រលំ និងជម្លោះរវាងគ្នានិងគ្នាផងដែរ។ ដូច្នេះ ចំណាយពេលយកចិត្តទុកដាក់ក្នុងការរៀបចំលិខិតសុំឈប់របស់អ្នកឲ្យបានល្អបំផុត គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ត្រូវតែធ្វើឲ្យប្រាកដថាអ្នកបាននិយាយបានច្បាស់លាស់ជាមួយចៅហ្វាយនាយរបស់អ្នកមុនពេលប្រគល់សំបុត្រនេះឲ្យគាត់

ត្រូវធ្វើឲ្យប្រាកដថាអ្នកបានដាក់បញ្ចូលគំនិតទាំងនេះនៅក្នុងលិខិតសុំឈប់ការងារ៖

១) គោលបំណងរបស់សំបុត្រ

២) ការពន្យល់អំពីហេតុផលដែលនាំឲ្យអ្នកលាឈប់ពីការងារឲ្យបានច្បាស់លាស់

៣) ថ្ងៃបរិច្ឆេទនៃថ្ងៃធ្វើការចុងក្រោយបំផុត

៤) សេចក្ដីថ្លែងអំណរគុណទៅដល់ចៅហ្វាយនាយរបស់អ្នក

ប្រភព៖ everjobs

adverise with khmeread