រឿង “ផ្ទះចុងភូមិ” របស់មហាហង្សសង្ឃឹមមានអ្នកគាំទ្រច្រើនពេលដាក់បញ្ចាំង

ដោយ-ខ្មែររីដ ដោយ-ខ្មែររីដ ភ្នំពេញ-ផលិតកម្ម​មហាហង្ស​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​​ភាពយន្ត​ខ្នាត​ធំ​​​​របស់​ខ្លួន​រឿង​ "ផ្ទះ​ចុង​ភូមិ​" នៅ​ព្រឹកថ្ងៃសុក្រ ទី១៥ ធ្នូ ​នៅក្នុងវីឡារបស់លោក ចាងហ្វាងផលិតកម្មតែម្តង ដែលមានក្រុមសម្តែងស្រី-ប្រុស ចូលរួម តែក្នុង​នោះ​ នាយគ្រឿន ដែលជាតួអង្គសំខាន់ បែជាខកខាន មិនបានចូលរួមទៅវិញ ព្រោះតែមានកិច្ចការផ្ទាល់ខ្លួន។ ចំណែក តួរស្រី ដែលចូលរួមសម្តែងម្តងនេះ គឺកញ្ញា ម៉ៅ គីមធីតា ជា​តួ​ឯក​ស្រី​ក្នុង​រឿង​ខាង​លើ​​​ រួមជាមួយនឹងតារាប្រុសច្រមុះស្រួច លោក ជា សុវណ្ណនរាហ៍។ 


ថ្លែង​ក្នុង​ពិធី​ក្រុង​ពាលី​រឿង​ ម៉ៅ គីមធីតា បាន​លើក​ឡើង​​ថា នេះ​គឺ​ជា​លើក​ទី​១​ហើយ​សម្រាប់​នាង មាន​ឱកាស​សម្ដែង​ជា​តួ​អង្គ​ស្រី​ត្រូវ​ខ្មោច​ចូល​សណ្ឋិត​ និង​សិច​ស៊ី​។ ហេតុ​ដូច្នេះ​ហើយ​ទើប​នាងមានភាព​​ភ័យ​ខ្លាច​ និង​ព្រួយ​បារម្ភ​ច្រើន​ត្រង់​ឈុត​ឆាក​ខ្មោច​ចូល​សណ្ឋិត​ ព្រោះ​​ខ្លាច​ធ្វើ​មិន​បាន​ល្អ​ដូច​ក្ដី​រំពឹង​ទុក​។


រឿង​ "ផ្ទះ​ចុង​ភូមិ​" ចំណាយ​ដើម​ទុន​ក្នុង​ការ​ផលិត ៥ម៉ឺនដុល្លារ​អាមេរិក​ ដំណើរ​ការ​ថត​នៅ​ថ្ងៃ​សៅរ៍ ទី១៦ ធ្នូ​។ ចំណែក​ឯ​ទីតាំង​ថត​នៅ​ភ្នំបាសិត​ ចូល​រួម​សម្ដែង​​ដោយ​ ម៉ៅ គីមធីតា លោក ជា សុវណ្ណារាហ៍ នាយ គ្រឿន សឿន ផានផាភួង ព្រម​ទាំង​តារា​សម្ដែង​ស្រី​​ប្រុស​ជា​ច្រើន​រូប​ទៀត​។


​លោក អ៊ិន សុភិន អគ្គនាយក​ផលិតកម្ម​មហា​ហង្ស​ បាន​មាន​ប្រសាសន៍​ថា រឿង​ "ផ្ទះ​ចុង​ភូមិ​" ជា​ប្រភេទ​រឿង​ខ្មោច​ភ័យ​​រន្ធត់​​​​ និង​កំប្លែង​ ៩០ ភាគ​រយ​ ជា​ស្នាដៃ​និពន្ធ​​ដោយ​លោក​ផ្ទាល់ និង​ដឹក​នាំ​សម្ដែង​​ដោយ​លោក ជុំ វិចិត្រ​។ លោក​បន្តថា​ ​"​ មាន​​ឈុត​ឆាក​កំប្លែង​ភ័យ​រន្ធត់​ច្រើន​បែប​ហ្នឹង​ហើយ​ ទើប​ខ្ញុំ​ជឿជាក់​ និង​សង្ឃឹម​ថា​ នៅ​ពេល​រឿង​ខ្ញុំ​ចាក់​បញ្ចាំង​នៅ​រោង​កុន នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ពុក​ម៉ែ​បង​ប្អូន​គ្រប់​មជ្ឈដ្ឋាន​"៕​​

adverise with khmeread