បុរសចិនម្នាក់ជាន់ឈ្លីរូបមហាអធិរាជសង់ស៊ីខាន់ ត្រូវបានតុលាការកាត់ទោសជាប់គុក១ឆ្នាំ

បុរសចិនម្នាក់ត្រូវបានជាប់គុករយៈពេលមួយឆ្នាំ សម្រាប់ជាន់ឈ្លីពីលើរូបភាពមេដឹកនាំម៉ុងហ្គោល សង់ស៊ីខាន់ (Genghis Khan) បន្ទាប់ពីរកឃើញទោសកំហុសញុះញង់ឱ្យស្អប់ជនជាតិភាគតិច។

តុលាការតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ប្រទេសចិនបានប្រាប់ថាបុរសនោះ ឈ្មោះ Luo បានថតខ្លួនឯងជាន់លើរូបភាពសង់ស៊ីខាន់កាលពីខែឧសភា។

បុរសវ័យ ១៩ ឆ្នាំរូបនេះ បន្ទាប់មកបានបង្ហោះវីដេអូនោះនៅលើអនឡាញ បណ្ដាលឱ្យសាធារណជនមិនសប្បាយចិត្ត។ មហាអធិរាជ សង់ស៊ីខាន់ នៅតែជាមេដឹកនាំគួរឱ្យគោរពក្នុងចំណោមជនជាតិម៉ុងហ្គោលីទាំងអស់។

ទីភ្នាក់ងារព័ត៌មានស៊ិនហួនិយាយថាបុរសឈ្មោះ Luo នោះត្រូវបានរកឃើញកំហុសញុះញង់ឱ្យស្អប់ជនជាតិភាគតិច និងរើសអើងជនជាតិភាគតិចដោយតុលាការក្នុងទីក្រុង Ordos ជាតំបន់ស្វយ័តនៃម៉ុងហ្គោលខាងក្នុង ជាកន្លែងដែលកើតឧបទ្ទវហេតុនោះឡើង។

Luo ក៏បានធ្វើការសុំអភ័យទោសអំឡុងពេលកាត់ទោស សម្រាប់ការធ្វើឱ្យសាធារណជនមិនសប្បាយចិត្តផងដែរ។

ដោយឡែក សង់ស៊ីខាន់គឺជាកូនកំព្រានៅអាយុ ៩ ឆ្នាំ និងក្លាយជាមេដឹកនាំគ្មានគូប្រៀបក្នុងឆ្នាំ ១២០៦។ គាត់បានកសាងចក្រភពដ៏ធំមួយក្នុងប៉ែកខាងកើតឆៀងខាងជើងអាស៊ីក្នុងសតវត្សរ៍ទី ១៣៕
 

adverise with khmeread