ខ្ចីម៉ូតូជិះស៊ីដាច់បាន ៥ ថ្ងៃត្រូវប៉ូលិសវ៉ៃខ្នោះ

​ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​គរបានឃាត់ជនសង្ស័យ​ម្នាក់នា​រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ពីបទ​រំលោភ​លើ​ទំនុកចិត្ត យក​ម៉ូតូដែល​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅ​ចំណុច​ក្នុង​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ ស្ថិតក្នុង​ដីឡូត៍​លេខ៣១៥ ផ្លូវ​លេខ២៤៥ ក្រុមទី៥០ ភូមិ៨ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

​ប៉ូលិសនិយាយថា ជនសង្ស័យ​ឈ្មោះ នាក់ ភក្តី ភេទ​ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ១៣២ ផ្លូវ​លេខ១៨៦ សង្កាត់​ទឹកល្អក់​ទី៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ១គ្រឿង ម៉ាក​ស៊ុយ​ហ្សុ​យ​គី​ឡេ​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GQ-9838។

​ចំណែក​ជនរងគ្រោះ​ឈ្មោះ ហ៊ីម រ៉ាវី ភេទ​ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សន្តិសុខ​យាម​ក្លឹបកម្សាន្ត ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ៥ សង្កាត់​ច្រាំង​ចំ​រះ​ទី២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

​បច្ចុប្បន្ន​ជនសង្ស័យ សមត្ថកិច្ច​កំពុង​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិសខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕

adverise with khmeread