មេជាងធ្លាក់ខ្លួន​! ដាច់ចិត្តប្រើល្បិច លួចម៉ូតូកូនជាង

ភ្នំពេញ៖ មេជាងសំណង់ម្នាក់ប្រើល្បិចហៅកូនជាងមកហូបបាយនៅផ្ទះ ហើយលួចយកម៉ូតូកូនជាង ត្រូវបានប៉ូលិសចាប់ខ្លួនកាលពី​ថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០១៧ វេលា​ម៉ោង០៧ព្រឹក​នៅ​ចំណុច​ផ្លូវលំ​ភូមិ​ថ្មី សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ។

ប៉ូលិសនិយាយថា ជនសង្ស័យ​ឈ្មោះ ដួង សំអុល អាយុ៣១ឆ្នាំ ​មុខរបរ​មេជាង​សំណង់​ស្នាក់នៅ​ការដ្ឋាន​សំណង់​ភូមិ​អរ​គី​ដេ​ សង្កា​ត់ម​អូរ​បែកក្អម ​ខណ្ឌ​សែន​សុខ ​និង​មាន​ស្រុកកំណើត​ ភូមិ​ស្វាយ​ម្សៅ ឃុំ​ទ្រា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។

ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ វង មនោ ភេទ​ប្រុស​ អាយុ៣៨ឆ្នាំ​ មុខរបរ​កូនជាង​សំណង់​ស្នាក់នៅ​ផ្ទះជួល ​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ប៉ូលិសបន្តថា ដំបូងមេជាង​គាត់​ឈ្មោះ សំ អុល បាន​ហៅ​គាត់​ទៅ​ហូបបាយ​នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​អូរ​បែកក្អម​ ខណ្ឌ​សែន​សុខ​ ដោយ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រឹ​ម​សេ១២៥ពណ៌​ខ្មៅ​សេរី២០១៤ ពាក់​ស្លាក​លេខ ​កណ្តាល​ 1R-0087 ឌុប​គ្នា​ទៅ​។

ពេលទៅដល់​មុខ​បន្ទប់​ជួល​បាន​ចាក់សោ​ត្រឹមត្រូវ​ហើយ​ចូល​ហូបបាយ​ក្នុង​បន្ទប់​ពេល​ហូបបាយ​រួច​រូបគាត់​ក៏​ដេកលក់​បន្តិច​។ លុះ​ពេល​ក្រោកពីដំណេក​ចេញមក​វិញ​ស្រាប់តែ​បាត់​មេជាង ​និង​ម៉ូតូ​តែម្តង​ហើយ​ពេល​គាត់​ទាក់ទង​តាម​ទូរស័ព្ទ​ក៏ខ​ល​មិន​ចូល​ទើប​គាត់​មកប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍។

ក្រោយពី​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹង​រួច​បាន​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ​និង​បាន ឆែក​តាមរ​យៈ​កាមេរ៉ា​សុ​វត្តិភាព​ផ្ទះ​ប្រជាពលរដ្ឋ​ស្រាប់តែ​ឃើញ​មុខ​ជនសង្ស័យ​ឈ្មោះ សំ អុល ជា​អ្នក​លួច​ម៉ូតូ​ខាងលើ​ទៅវិញ​។ ពេលនោះ​សមត្ថកិច្ច​បាន​សហការ​ជាមួយ​ម្ចាស់​ម៉ូតូ​ និង​ឈានទៅ​ឃាត់ខ្លួន​ជន​ខាងលើ​បាន​កាលពី​ម៉ោង ៧ព្រឹក​ថ្ងៃទី១៦ ធ្នូ ២០១៧នៅ​ចំណុច​ផ្លូវលំ​ភូមិ​ថ្មី​ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​តែម្តង។

ជនសង្ស័យ​បាន​សារភាពថា​ ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​កូនជាង​ពិតមែន ​ដោយសារ​ខ្លួន​ម៉ៅការ​ធ្វើ​ផ្ទះឱ្យខាត​បង់ ហើយ​គ្មាន​លុយ​បើក​ឱ្យ​កូនជាង​ទើប​បែកគំនិត​ធ្វើបែបនេះ។

ជនសង្ស័យបន្តថា ដំបូងខ្លួនបាន​ហៅ​ជនរងគ្រោះ​ដែលជា​កូនជាង​មក​ហូបបាយ​នៅ​បន្ទប់​ជួល​របស់ខ្លួន​។ ក្រោយពី​ហូបបាយ​ហើយ​ឱ្យ​កូនជាង​ដេក​លេង​ក្នុង​បន្ទប់​ជួល​របស់ខ្លួន​ពេល​ឃើញ​ដេកលក់​ខ្លួន​បាន​ប្រើល្បិច​លួច​សោម៉ូតូ​មកចាក់​បញ្ឆេះ​ម៉ូតូ​ជិះ​យកទៅ​ផ្ញើទុក​នៅផ្ទះ​មិត្ត​ភក្តិនៅ​ម្តុំ​ភូមិ​ស្លែង​រលើង​ ហើយ​បាន​ជិះ​ម៉ូតូឌុប​មក​បន្ទប់​ជួល​វិញ ​និង​យក​កូនសោ​ម៉ូតូ​ទុក​កន្លែង​ដើម​វិញ​ធ្វើ​ដូច​មិនដឹង​រឿង​អី។ ក្រោយពី​ម្ចាស់​ម៉ូតូ​ក្រោកពីដំណេក​បាត់​ម៉ូតូ​ក៏​ធ្វើជា​ឆោ​ឡោ​ឡើង​ និង​មកប្តឹង​សមត្ថកិច្ច​ថា​ចោរលួច​ម៉ូតូ​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​យកមក​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ ចំណែក​ម៉ូតូ​បានប្រគល់​ឱ្យទៅ​ជនរងគ្រោះ​វិញ៕

adverise with khmeread