សូម្បីក្រុមហ៊ុន Facebook ក៏ទទួលស្គាល់ថាបណ្តាញសង្គមខ្លួនផ្តល់ផលអវិជ្ជមានដែរ ចំពោះអ្នកអូសមើល New Feed អ្នកដទៃ តែបានចេញមកនិយាយការពារថា...

ក្រុមហ៊ុន Facebook បានឆ្លើយតបទៅនឹងក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រនិងពួកអ្នកនៅក្នុងឧស្សាហកម្មបច្ចេកវិជ្ជា ដែលបានរិះគន់ខ្លួននិងគូប្រជែងរបស់ខ្លួន ដោយសារបានកែប្រែរបៀបដែលមនុស្សបង្ហាញឥរិយាបថ ចរិត និងអារម្មណ៍របស់ពួកគេនៅលើបណ្តាញសង្គមរបស់ពួកគេ។

ក្នុងប្លុកមួយរបស់ពួកគេ ក្រុមហ៊ុនបណ្ដាញសង្គមយក្សខាងលើបាននិយាយថា បណ្ដាញសង្គមអាចល្អសម្រាប់សុខុមាលភាពរបស់មនុស្ស ប្រសិនបើពួកគេប្រើបច្ចេកវិជ្ជាតាមផ្លូវដែលសកម្ម ដូចជាផ្ញើសារជាមួយមិត្តភក្ដិ ជាជាងនៅអសកម្មដូចជាអូសមើល News Feed និងការបង្ហោះរបស់អ្នកដទៃ។

Facebook បានទទួលស្គាល់នូវអ្វីដែលពួកគេហៅថា "ការស្រាវជ្រាវដ៏គួរឱ្យចាប់អារម្មណ៍" លើផលប៉ះពាល់អវិជ្ជមាននៃបណ្ដាញសង្គមនិងបានលើកឡើងការសិក្សាស្រាវជ្រាវទាំងពីរ។ ទោះយ៉ាងណា ក្រុមហ៊ុននេះបាននិយាយថា ការសិក្សាទាំងនោះមិនមែនជាទិដ្ឋភាពទាំងស្រុងឡើយ។

ក្រុមហ៊ុននេះបានលើកឡើងការស្រាវជ្រាវដទៃទៀតថា គ្រោះថ្នាក់នៃបណ្ដាញសង្គមប្រហែលជាត្រូវបាននិយាយបំផ្លើស និងថាវាមានអត្ថប្រយោជន៍ដែលអាចទទួលបាន ប្រសិនបើប្រើប្រាស់វាបានត្រឹមត្រូវ។

ប្រធានស្រាវជ្រាវនៅ Facebook ឈ្មោះ David Ginsberg និងអ្នកវិទ្យាសាស្ត្រខាងផ្នែកស្រាវជ្រាវឈ្មោះ Moira Burke បានសរសេរនៅលើប្លុកបែបនេះថា "យើងបានជួលចិត្តវិទូសង្គមនិងអ្នកវិទ្យាសាស្ត្រសង្គមជាមួយអ្នកប្រាជ្ញដើម្បីដឹងច្បាស់អំពីសុខុមាលភាពនិងធ្វើការងារដើម្បីធ្វើឱ្យ Facebook ក្លាយជាកន្លែងដែលរួមចំណែកក្នុងផ្លូវវិជ្ជមាន"។

"យោងតាមការស្រាវជ្រាវគឺថា វាទាក់ទងនឹងរបៀបដែលអ្នកប្រើប្រាស់បច្ចេកវិជ្ជា។ ឧទាហរណ៍ថា នៅលើបណ្ដាញសង្គម អ្នកអាចអូសមើលការបង្ហោះដូចជាមើលទូរទស្សន៍ ឬក៏ប្រាស្រ័យទាក់ទងដ៏សកម្មជាមួយមិត្តភក្ដិ ដោយផ្ញើសារនិងបញ្ចេញមតិលើការបង្ហោះនីមួយៗ។

ដូចជាបុគ្គលម្នាក់ដែរ ការប្រាស្រ័យទាក់ទងជាមួយមនុស្សដែលអ្នកខ្វល់ខ្វាយអាចទទួលបានអត្ថប្រយោជន៍ ខណៈការមើលអ្នកដទៃ ដោយអូសចុះឡើងប្រហែលធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ"។

នេះគឺជាលើកទីពីរក្នុងសប្ដាហ៍នេះដែល Facebook បានចេញផ្សាយការបដិសេធបែបនេះដោយបង្ហាញពីឆន្ទៈថ្មីមួយដើម្បីការពារមុខជំនួញរបស់ខ្លួន៕

adverise with khmeread