សមាជិក SHINee និង Super Junior សែងក្តារមឈូស Kim Jong-Hyun ចេញពីមន្ទីរពេទ្យ ស្របពេលអ្នកគាំទ្រស្រែកយំទាំងស្តាយស្រណោះជាពន់ពេក

តារា ៦ រូបក្នុងចំណោមតារាល្បីបំផុតរបស់ K-pop បានសែងក្តារមឈូសរបស់តារាចម្រៀង Kim Jong-Hyun ទៅកាន់រថយន្ដដឹកសពកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២១ធ្នូ បន្ទាប់ពីគាត់បានស្លាប់ដោយបន្សល់ទុកនូវលិខិតបណ្តាំអត្តឃាតមួយ ដែលនិយាយពីការតស៊ូរបស់គាត់ជាមួយភាពឯកោនិងជំងឺបាក់ទឹកចិត្ត។

សព Kim Jong-Hyun ត្រូវបានគេយកទៅពិធីបុណ្យសពរបស់គាត់ពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រអាសាន នៅទីក្រុងសេអ៊ូល។

ក្បួនដង្ហែនេះត្រូវបានដឹកនាំដោយមិត្តរួមក្រុមម្នាក់របស់ Kim Jong-Hyun មកពីក្រុម SHINee ដែលជាក្រុមចម្រៀងបុរសកំពូលមួយរបស់កូរ៉េខាងត្បូង ដោយស្លៀកពាក់ឈុតខ្មៅ មានបន្ទះដែកឆ្កាងបិតពីលើ សរសេរពាក្យថា "Kim Jong-Hyun, អ្នកជឿលើព្រះ"។

បងស្រីរបស់ Kim Jong-Hyun បានដើរកាន់រូបថតទាំងទឹកភ្នែកហូរចុះពេញផែនថ្ពាល់ឥតឈប់។

មឈូសត្រូវបានសែងដោយសមាជិកក្រុម SHINee បីនាក់ផ្សេងទៀតដែលនៅរស់ និងតារាចម្រៀងបីនាក់ទៀតមកពីក្រុម Super Junior ព្រមទាំងតារាចម្រៀងម្នាក់ទៀត ដែលគ្រប់គ្រងដោយផលិតកម្មតែមួយ។

តារាល្បីៗ បានឱនក្បាលគោរព និងអធិស្ឋាន ខណៈរង់ចាំឡានដឹកសាកសពពណ៌ខ្មៅម៉ាក Lincoln ចេញពីអគារ ខណៈប្រជាជននៅខាងក្រោយសូត្រធម៌គ្រីស្តសាសនា។

ថ្វីបើអាកាសធាតុរដូវរងាដ៏អាក្រក់ខ្លាំងយ៉ាងណាក្តី ក៏អ្នកគាំទ្រពោរពេញដោយទឹកភ្នែក នៅក្នុងឈុតអាវរងា កន្សែងបង់ក និងម៉ាស់មុខ បានរង់ចាំនៅខាងក្រៅដើម្បីជូនដំណើររថយន្តចាកចេញទៅ។ ពួកគេបានស្រែកទ្រហ៊ោយំកាន់តែខ្លាំង នៅពេលរថយន្តដឹកសពបើកឆ្លងកាត់ពួកគេ។

ក្រុម SHINee ដែលមានសមាជិក ៥ នាក់បានបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០០៨ ហើយបានជួយឱ្យផ្ទុះឡើងនូវ "រលកវប្បធម៌កូរ៉េ" ពាសពេញទ្វីបអាស៊ី និងទ្វីបដទៃទៀត៕


adverise with khmeread