adverise with khmeread 1

Lewandowski៖ ខ្ញុំ​មើលឃើញ​ខ្លួន​នឹង​ខ្ញុំ​ចុះ​កុងត្រា​ថ្មី​ជាមួយ Bayern

​ជាមួយនឹង​ការរំពឹងទុក​ជាច្រើន​នៃ​ការចាកចេញ​ទៅ​ក្លឹប Real Madrid កីឡាករ Robert Lewandowski បាន​បង្ហើប​ឲ្យ​ដឹង​ពី​ចេតនា​របស់​រូបគេ​ដើម្បី​បន្ត​ស្នាក់នៅ​ជា​ក្រុម​យក្ស Bayern Munich​។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី Sport Bild ខ្សែប្រយុទ្ធ​អន្តរជាតិ​ប៉ូឡូញ​រូបនេះ​បាន​ប្រាប់ថា "​មាន​ការជជែក​ជាច្រើន​អំពី​ចំណាប់អារម្មណ៍​របស់​ក្លឹប​ផ្សេងៗ ប៉ុន្តែ​ឥឡូវ ខ្ញុំ​ឃើញ​ខ្លួន​ខ្ញុំ​ចុះ​កុងត្រា​ថ្មី​ជាមួយ Bayern ពីព្រោះ​យើង​មាន​ក្រុម​ដ៏​អស្ចារ្យ​។ លើសពីនេះ​ទៀត ក្លឹប​នេះ​ដឹង​ពី​វិធី​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​ល្អ​"​។​

Lewandowski ដែល​រកបាន ៣១ គ្រាប់​ក្នុង ៣១ ប្រកួត ហាក់ដូចជា​សប្បាយចិត្ត​នឹង​ការតែងតាំង​លោក Carlo Ancelotti ជា​គ្រូ​ថ្មី ហើយ​កីឡាករ​រូបនេះ​បាន​ប្រាប់​ពី​មហិច្ឆតា​របស់ Bayern ថា "​ខ្ញុំ​ឃើញ​ក្រុម​នេះ​មាន​គម្រោង​ដ៏​រឹងមាំ​និង​កំពុង​រៀបចំ​សម្រាប់​អនាគត​។ ការបន្ត​កុងត្រា​របស់ Boateng និង Müller គឺជា​សញ្ញា​ល្អ​ដែល Bayern ចង់​រក្សា​តារា​របស់​ពួកគេ​បើទោះជា​មានការ​សុំ​ទិញ​ពី​អង់គ្លេស​ក៏ដោយ​"​។​

​បើ​យោងតាម​ទស្សនាវដ្ដី Sport Bild ភ្នាក់ងារ​របស់ Lewandowski បាន​ជួប​ជាមួយ​នាយក​ប្រតិបត្តិ​ក្លឹប​លោក Karl-Heinz Rummenigge និង​ប្រធាន​ហិរញ្ញវត្ថុ​លោក Jan-Christian Dreesen កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ​នេះ ដើម្បី​ចាប់ផ្តើម​ការចរចា​អំពី​កិច្ចសន្យា​ថ្មី​រហូតដល់​ឆ្នាំ ២០២១៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់