យន្តហោះចុះចតលើទឹកបានធំបំផុតលើពិភពលោកចាប់ផ្តើមធ្វើការហោះហើរជាលើកដំបូង

យន្តហោះផលិតក្នុងស្រុករបស់ចិនប្រភេទ AG600 ដ៏ធំបំផុតរបស់ពិភពលោកបានធ្វើការហោះហើរជាលើកដំបូងកាលពីថ្ងៃអាទិត្យទី២៤ធ្នូពីអាកាសយានដ្ឋានមួយនៅឆ្នេរនៃសមុទ្រចិនខាងត្បូង ដែលជាជំហានចុងក្រោយបំផុតមួយនៅក្នុងកម្មវិធីធ្វើទំនើបនីយកម្មផ្នែកយោធា។

ប្រទេសចិនបានបង្កើនការស្រាវជ្រាវលើឧបករណ៍យោធាកម្រិតខ្ពស់ ខណៈប្រទេសនេះប្រកាន់យកវិធីសាស្ត្របញ្ចេញសាច់ដុំកាន់តែខ្លាំងឡើងចំពោះជម្លោះដែនដីនៅតាមទីកន្លែងដូចជា ជម្លោះនៅសមុទ្រចិនខាងត្បូងជាដើម ដែលកំពុងបង្កការព្រួយបារម្ភនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងសហរដ្ឋអាមេរិក។

ទូរទស្សន៍រដ្ឋបានបង្ហាញរូបភាពផ្សាយបន្តផ្ទាល់របស់យន្តហោះប្រភេទ AG600 ដែលហោះចេញពីព្រលានយន្តហោះជូហៃ ក្នុងខេត្តក្វាងទុង ភាគខាងត្បូងប្រទេស ដែលស្ថិតនៅឆ្នេរសមុទ្រចិនខាងត្បូង។

វាបានវិលត្រឡប់មកវិញប្រហែលមួយម៉ោងក្រោយមក ហើយបានចតឈរ ដោយមានតន្ត្រីអមកំដរ និងត្រូវបានស្វាគមន៍ដោយហ្វូងមនុស្សដែលគ្រវីទង់ជាតិចិន។

ទីភ្នាក់ងារសារព័ត៌មានស៊ិនហួបាននិយាយថា យន្តហោះនេះគឺជា "ស្មារតីការពារសមុទ្រ កោះ និងថ្មប៉ប្រះទឹក"។

កាលពីមុន យន្តហោះនេះគ្រោងធ្វើការហោះហើរជាលើកដំបូងនៅដើមឆ្នាំនេះ ប៉ុន្តែគេមិនដឹងច្បាស់ទេថាហេតុអ្វីបានជាវាត្រូវបានពន្យារពេល បន្ទាប់ពីការធ្វើតេស្តលើដីកាលពីខែមេសា។

ក្រុមហ៊ុនរដ្ឋ Aviation Industry Corp of China (AVIC) បានចំណាយពេល ៨ ឆ្នាំអភិវឌ្ឍយន្តហោះនេះឡើង ដែលមានទំហំប្រហាក់ប្រហែលយន្តហោះ Boeing Co 737 និងត្រូវបានបង្កើតឡើងដើម្បីអនុវត្តការជួយសង្គ្រោះនៅតាមសមុទ្រ និងពន្លត់ភ្លើងឆេះព្រៃ។

ទោះយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក៏បានកត់សម្គាល់ផងដែរថា គេអាចនឹងប្រើវានៅក្នុងសមុទ្រចិនខាងត្បូង ជាទីដែលចិន វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងប្រ៊ុយណេសុទ្ធតែមានការទាមទារទឹកដីត្រួតស៊ីគ្នា។

យន្តហោះនេះអាចបើកបានចម្ងាយអតិបរមា ៤.៥០០ គីឡូម៉ែត្រ និងដឹកទម្ងន់អតិបរមា ៥៣,៥ តោន។ វាអាចឡើងនិងចុះចតនៅព្រលានយន្តហោះ និង នៅលើសមុទ្រផងដែរ៕

adverise with khmeread