បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ខណ:ត្រូវប្តីកំហូចបត់រថយន្តបុកផ្ទប់ទៅនឹងតូបលក់ដូរផ្សាររាត្រីពេលតាមទាន់ ប្តីកំពុងដឹកស្រីស្នេហ៍ដើរលេង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៨
កុម្ភ:ឆ្នាំ២០១៦នៅចំណុចបរិវេណខាងកើតផ្សាររាត្រីស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សាក្សីនិយាយថា ដំបូងគេបានឃើញរថយន្តមួយគ្រឿងម៉ាកនីសាន់ណាវ៉ារ៉ាពណ៌ស្ករពាក់ស្លាក់លេខភ្នំពេញ2V-6906ដឹកនារីវ័យក្មេងម្នាក់ចូលទៅក្នុងផ្សាររាត្រី ។ភ្លាមនោះដែរក៏មានស្ត្រីម្នាក់ជិះម៉ូតូសង់មួយគ្រឿងតាមពីក្រោយ។ ក្រោយមកស្ត្រីនោះក៏ដាក់ម៉ូតូចោលហើយរត់តម្រង់ទៅរករថយន្តនោះក្នុងស្ថានភាពខឹងសម្បារប្តីមានស្រី ។
ពេលនោះបុរសម្នាក់ដែលកំពុងបើកបររថយន្តពេលឃើញស្ត្រីនោះចុះពីម៉ូតូរត់សំដៅមកក៏បត់រថយន្តទំនងជាចង់បត់គេច ចៃដន្យជ្រុលទៅបុកស្ត្រីនោះផ្ទុបទៅនឹងតូបលក់បណ្តាលឲ្យរងរបួសជាទម្ងន់ ហើយក៏ដឹកបញ្ជូនតាមរថយន្តប៉ូលិសចរាចរណ៍ទៅកាន់មន្ទីរពេទ្យតែអកុសលក៏ស្លាប់តាមផ្លូវ។
មន្ត្រីប៉ូលិសចរាចរណ៍បានឲ្យដឹងថាស្ត្រីដែលត្រូវរថយន្តបុកផ្ទុបនោះឈ្មោះ មាស សារី អាយុ៣០ឆ្នាំត្រូវជាប្រពន្ធរបស់ឈ្មោះ សាន ស៊ីម ហៅចក់ អាយុ ៣៨ឆ្នាំ រស់នៅភូមិនិងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យជាអ្នកបង្ក។
មន្ត្រីប៉ូលិសបន្តថា ករណីនេះគឺមកពីប្រពន្ធតាមទាន់ប្តីកំពុងដឹកស្រីស្នេហ៍ដើរលេងហើយប្តីភ័យក៏បត់រថយន្ត ប្រពន្ធឃើញដូច្នេះក៏រត់ពីមុខរថយន្តបំណងទៅទាញទ្វារខាងស្រីស្នេហ៍តែចៃដន្យក៏ត្រូវបុកកៀបជាប់នឹងតូបតែម្តង។
ក្រោយកើតហេតុបុរសជាប្តីក៏ស្ទុះចុះមកបីត្រកងប្រពន្ធយំស្រែករាយរាប់ពីកំហុសរបស់ខ្លួនដែលបង្កឲ្យប្រពន្ធទៅជាបែបនេះ រីឯនារីជាស្រីស្នេហ៍ចុះពីរថយន្តគេចខ្លួនបាត់។
ក្នុងករណីនេះប៉ូលិសនឹងចាត់ការបុរសជាប្តីទៅតាមច្បាប់ ៕
