ប្រហោងខ្មៅ Wormhole ពិតជាជួយឱ្យមនុស្សធ្វើដំណើរទៅអតីតកាល និង អនាគតបានមែន?

វាពិតជាសំខាន់ដែលអ្នកគួរដឹងថា ការធ្វើដំណើរឆ្លងកាត់ពេលវេលាមានចំនួនពីរប្រភេទ ហើយប្រភេទទាំងពីរនេះពិតជាខុសគ្នាស្រឡះ។

តើការធ្វើដំណើរទៅអនាគតពិតជាអាចទៅរួចឬយ៉ាងណា? ពិតណាស់វាពិតជាអាចទៅរួច។

គេដឹងពីរបៀបធ្វើដំណើរនេះដោយសាររូបវិទូ Albert Einstein បានបង្ហាញមនុស្សលោកពីវិធីនេះតាំងពី ១០០ ឆ្នាំមុនមកម៉្លេះ។ គាត់បានបង្ហាញថា ប្រសិនបើយើងធ្វើដំណើរទៅសុញ្ញកាស និងធ្វើដំណើរក្បែរល្បឿនពន្លឺ ហើយវិលត្រឡប់មកវិញ នោះម៉ោងរបស់លោកអ្នកនឹងដើរយឺត។

ដូច្នេះនៅពេលអ្នកត្រឡប់មកផែនដីវិញ នោះលោកអ្នកនឹងស្ថិតក្នុងពេលអនាគតនៅលើផែនដី ដែលមានន័យថា លោកអ្នកបានធ្វើដំណើរទៅអនាគត។

Einstein ក៏បានបង្ហាញថា ប្រសិនបើលោកអ្នកទៅក្បែរតំបន់មានទំនាញខ្លាំង ដូចជាផ្កាយណឺត្រង់ ប្រហោងខ្មៅជាដើម ហើយលោកអ្នកទៅក្បែរគែមវត្ថុបែបនេះនៅក្នុងសុញ្ញកាស ពេលវេលាក៏នឹងដើរយឺតសម្រាប់អ្នក ហើយនៅពេលអ្នកវិលត្រឡប់មកផែនដីវិញ នោះលោកអ្នកក៏ស្ថិតក្នុងពេលអនាគតផងដែរ។

ទាំងនេះមិនមែនជារឿងចម្រូងចម្រាស់ឡើយ។ រាល់រូបវិទូទាំងអស់ដឹងនូវអ្វីដែលពួកគេកំពុងនិយាយ ហើយពួកគេយល់ស្របនឹងការលើកឡើងនេះ។

ប៉ុន្តែការធ្វើដំណើរមួយប្រភេទទៀត គឺជាកន្លែងដែលការជជែកវែកញែកបានចាប់ផ្ដើម ព្រោះរូបវិទូជាច្រើនគិតថា ការធ្វើដំណើរទៅអតីតកាលគឺមិនអាចទៅរួច។

ការលើកឡើងចម្បងដែលយ៉ាងហោចណាស់មនុស្សគិតថា អាចពិចារណាបានចំពោះការធ្វើដំណើរទៅអតីតកាលនោះគឺការប្រើប្រាស់គំនិតដ៏ចម្លែកមួយគឺ ប្រហោងខ្មៅ "Wormhole"។ ប្រហោងខ្មៅ Wormhole គឺជាការរកឃើញរបស់កំពូលរូបវិទូដ៏ល្បីល្បាញ Albert Einstein (គាត់ទៀតហើយ)។

ប្រយោងខ្មៅ Wormhole គឺជាស្ពានសម្រាប់ឆ្លងកាត់ពីទីតាំងមួយទៅទីតាំងមួយទៀតក្នុងសុញ្ញាកាស។ វាដូចជារូងក្រោមដីដែលនាំលោកអ្នកពីកន្លែងមួយទៅកន្លែងមួយ។

លោក Einstein បានរកឃើញគំនិតនេះក្នុងឆ្នាំ ១៩៣៥ ប៉ុន្តែក្រោយមកវាត្រូវគេដឹងថា មានទ្វារពីរក្នុងប្រយោងខ្មៅ Wormhole មួយគឺធ្វើដំណើរទៅអនាគត និង មួយទៀតធ្វើដំណើរទៅអតីតកាល ពីព្រោះពេលវេលាឈប់ដើរ នៅពេលអ្នកជ្រើសរើសទ្វារឆ្ពោះទៅអតីតកាល។

ទោះយ៉ាងណា គេមិនដឹងថាមានប្រហោងខ្មៅ Wormhole ពិតឬយ៉ាងណាទេ។ គេមិនដឹងថាប្រសិនបើវាពិតជាមានមែន តើគេអាចធ្វើដំណើរចូលប្រហោងនោះបានឬអត់ទេ ដូច្នេះត្រង់ចំណុចនេះសុទ្ធតែជាភាពមិនច្បាស់លាស់។ រូបវិទូជាច្រើនគិតថា អ្នកនឹងមិនអាចធ្វើដំណើរទៅអតីតកាលតាមរយៈប្រហោងខ្មៅ Wormhole បានឡើយ ប៉ុន្តែពួកគេមិនបានច្រានចោលការលើកឡើងអំពីគំនិតនេះឡើយ៕

adverise with khmeread