ប្តីប្រពន្ធរីករាយ មិននិយាយអំពីទំនាក់ទំនងពួកគេនៅលើបណ្តាញសង្គមទេ ដោយសារហេតុផល ៥ យ៉ាង

តើអ្នកនិងដៃគូចែករំលែកអ្វីៗគ្រប់យ៉ាងអំពីគ្នានៅលើបណ្តាញសង្គមមែនទេ? គ្រាន់តែរីករាយ ខឹងគ្នា ជូនកាដូគ្នា សរសើរគ្នា ថើបគ្នា ក៏បង្ហោះលើបណ្តាញសង្គមឱ្យពិភពលោកបានឃើញដែរមែនទេ? តាមការស្រាវជ្រាវបានបង្ហាញថា ប្រសិនបើអ្នកនិងដៃគូធ្វើដូច្នេះ ឱកាសខ្ពស់ណាស់ដែលគេដឹងថា លោកអ្នកមានទំនាក់ទំនងក្លែងក្លាយប៉ុណ្ណោះ។ ប្តីប្រពន្ធរីករាយមែនទែន គឺពុំចំណាយពេលលាតត្រដាងរឿងរ៉ាវសព្វបែបយ៉ាងនៅលើបណ្តាញសង្គមទេ។ ខាងក្រោមនេះគឺជាមូលហេតុ៖ 

១. ពួកគេមិនចំណាយពេលឥតប្រយោជន៍ថត Selfie ឬ សរសេរ Status លើបណ្តាញសង្គម
នៅពេលមនុស្ស២នាក់សប្បាយរីករាយនឹងគ្នា ពួកគេនឹងចំណាយពេលច្រើននៅជាមួយគ្នា ជាជាងខ្ជះខ្ជាយពេលវេលាបង្ហោះរូបថតឥតប្រយោជន៍ ឬ សរសេរ Status អួតពីនេះឬពីនោះ។ នេះមិនបានន័យថា ពួកគេមិនចេះលេងបណ្តាញសង្គមទេ តែពួកគេមិនសូវសកម្មលើអ៊ីនធឺណេត។

២. ពួកគេដឹងថា ពិភាក្សាបញ្ហារបស់ពួកគេនៅលើបណ្តាញសង្គមមិនបានចំណេញស្អីមកវិញទេ
ប្តីប្រពន្ធរីករាយ ចេះដោះស្រាយបញ្ហាជាមួយគ្នា មិនយកទៅបកអាក្រាតលើបណ្តាញសង្គមនាំគេសើចចម្អកទេ។ 

៣. ពួកគេមិនត្រូវការគេចុច "Likes" ឬ "Comment" ទើបរីករាយនោះទេ
ពួកគេមិនត្រូវការអួតភាពល្អូកល្អិនរបស់ខ្លួនដើម្បីឱ្យគេចុច "Likes" ឬ "Comment" នាំតែឱ្យមនុស្សកើតចិត្តច្រណែនពួកគេនោះទេ។ ត្រឹមស្រឡាញ់និងរីករាយនឹងគ្នាតែពីរនាក់គឺគ្រប់គ្រាន់សម្រាប់គូស្វាមីភរិយារីករាយ។ 

៤. ពួកគេមិនត្រូវការឱ្យពិភពលោកដឹងឮថាពួកគេមានទំនាក់ទំនងល្អនោះទេ
នៅពេលមនុស្សពីរនាក់រីករាយជាមួយគ្នា ពួកគេមិនចាំបាច់ឱ្យអ្នកលេងអ៊ីនធឺណេតជួយបញ្ចេញយោបល់ទទួលស្គាល់ថាពួកគេពិតជាស្រឡាញ់គ្នានោះទេ។ 

៥. ពួកគេមិនទៅប្រៀបផ្ទឹមទំនាក់ទំនងពួកគេជាមួយអ្នកដទៃទេ
ប្តីប្រពន្ធរីករាយពិតប្រាកដ គេមិនបក់ដៃហៅមនុស្សឱ្យជួយចុច Like ឬ Comment នៅលើ Status របស់ខ្លួននោះឡើយ។ នៅពេលពួកគេមានសុភមង្គលខ្លាំងបំផុតមែនទែនទៅ ពួកគេស្ទើរតែលែងនឹកនាដល់បណ្តាញសង្គម៕ 
 

adverise with khmeread