គន្លឹះដើម្បីឆ្លងផុតពីរយៈពេលសាកល្បងការងារ

រាល់បុគ្គលិកថ្មីគ្រប់រូបទាំងអស់តែងតែយល់ដឹងពីអ្វីទៅដែលហៅថា រយៈពេលសាកល្បងការងារ នៅពេលដែលពួកគេចាប់ផ្តើមចូលធ្វើការនៅក្នុងក្រុមហ៊ុនថ្មី។ វាអាចនឹងមានរយៈពេលចាប់ពីមួយខែរហូតដល់ប្រាំមួយខែ អាស្រ័យលើគោលការណ៍ធនធានមនុស្សរបស់ក្រុមហ៊ុនផ្ទាល់។ នេះគឺជារយៈពេលដែលក្រុមហ៊ុនកំពុងបង្ហាត់បង្រៀនការងារដល់អ្នក ហើយអ្នកក៏ត្រូវរៀនស្វែងយល់អំពីក្រុមហ៊ុន និងការងារផងដែរ។ ប៉ុន្តែនេះក៏ជាពេលវេលាមួយដែលអ្នកបង្ហាញដល់និយោជករបស់អ្នកផងដែរថាពួកគេមិនបានគិតខុសក្នុងការជួលអ្នកឲ្យមកធ្វើការនោះទេ។

យើងទាំងអស់គ្នានៅ everjobs បានទទួលនូវកង្វល់ជាច្រើនពីអ្នកស្វែងរកការងារ ជាពិសេសរឿងដែលពួកគេត្រូវប្រឈម និងគន្លឹះដើម្បីឆ្លងផុតពីរយៈពេលសាកល្បងការងារឲ្យបានជោគជ័យ ដូច្នេះទាំងនេះ គឺជាអ្វីដែលអ្នកត្រូវតែដឹងពីវា។

តើរយៈពេលសាកល្បងគឺជាអ្វី?

ក្នុងកំឡុងពេលពីមួយទៅប្រាំមួយខែ បុគ្គលិកថ្មីទាំងអស់ត្រូវបានហៅថាជាកំឡុងពេលសាកល្បងការងារ។ វាគឺជាពេលវេលាដែលអ្នកជ្រើសរើសបុគ្គលិកមើលលើសកម្មភាពរបស់បុគ្គលិកថ្មី និងបន្ទាប់មកធ្វើការសម្រេចចិត្តថាតើពួកគេសាកសមនឹងការងារ ហើយអ្វីដែលសំខាន់ជាងគេនោះ គឺសាកសមនឹងក្រុមហ៊ុនដែរទេ។

តើអ្នកត្រូវរៀបចំសម្រាប់រយៈពេលសាកល្បងការងារយ៉ាងដូចម្តេចដែរ?

តែងតែចាប់ផ្តើមដោយការអានកុងត្រារបស់អ្នកយ៉ាងហ្មត់ចត់។ កិច្ចព្រមព្រៀងការងារដែលបានបង្ហាញដល់អ្នកនៅពេលដំបូងរួមបញ្ចូលនូវរាល់ព័ត៌មានលម្អិតអំពីទំនួលខុសត្រូវ និងតួនាទីការងារដែលត្រូវបានរៀបចំសម្រាប់អ្នក។ កិច្ចព្រមព្រៀងការងារនោះក៏រួមបញ្ចូលនូវពត៌មានដែលទាក់ទងទៅនឹងគោលការណ៍វិស្សមកាលរបស់អ្នក ព្រមទាំងគោលការណ៍ក្នុងការបញ្ឈប់បុគ្គលិកផងដែរ។ អ្នកត្រូវប្រាកដថាអ្នកបានបញ្ជាក់នូវចំណុចដែលមិនច្បាស់លាស់ណាមួយ មុនពេលដែលអ្នកចាប់ផ្តើមធ្វើការងារ។

ចំណុចដ៏សំខាន់មួយ គឺអ្នកត្រូវមានការរំពឹងទុករបស់និយោជករបស់អ្នកឱ្យបានច្បាស់លាស់នៅពេលដែលអ្នកចូលធ្វើការជាមួយក្រុមហ៊ុន។ អ្នកអាចធ្វើការអង្គុយជាមួយចៅហ្វាយថ្មីរបស់អ្នក និងកំណត់អ្វីដែលជាការរំពឹងទុកពីអ្នកក្នុងកំឡុងពេលសាកល្បងការងារនោះ។ ធ្វើការបង្កើតគោលដៅដែលអាចវាស់វែងបាន ដូច្នេះអ្នកទាំងពីរអាចតាមដានដំណើរការការងាររបស់អ្នកបានយ៉ាងត្រឹមត្រូវនៅពេលដែលរយៈពេលសាកល្បងការងារនេះបានបញ្ចប់។

សូមចងចាំថារយៈពេលសាកល្បងការងារនេះមិនត្រឹមតែនិយោជកជាអ្នកវាយតម្លៃលើសកម្មភាពការងាររបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អ្នកក្នុងការរៀន និងសម្របខ្លួនទៅនឹងតួនាទី និងក្រុមហ៊ុនថ្មីផងដែរ។ អ្នកត្រូវប្រាកដថាអ្នកទទួលបានការបង្ហាត់បង្រៀនទាំងអស់ដែលអ្នកត្រូវការដើម្បីស្វែងយល់អំពីបេសកកម្ម ចក្ខុវិស័យ និងគោលដៅរយៈពេលវែងរបស់ក្រុមហ៊ុន។ អ្នកអាចបង្កើតកិច្ចប្រជុំជាមួយអ្នកធ្វើការជាមួយអ្នក នៃនាយកដ្ឋានផ្សេងទៀតដើម្បីយល់កាន់តែច្បាស់អំពីអាជីវកម្មទាំងមូល ហើយត្រូវប្រាកដថាអ្នកត្រូវបានផ្តល់ឱ្យនូវការប្រគល់ការងារយ៉ាងពេញលេញពីអ្នកកាន់តំណែងមុនរបស់យើង។ ប្រសិនបើក្រុមហ៊ុនមិនផ្តល់ឱ្យអ្នកនូវអ្វីទាំងអស់ខាងលើនោះទេ សូមលើកឡើងពីវាមុនពេលវាយឺតពេល។ ព័ត៌មានទាំងអស់នោះនឹងអនុញ្ញាតឱ្យអ្នកឆ្លងផុតពីរយៈពេលសាកល្បងការងារបានយ៉ាងជោគជ័យ ហើយបំពេញតាមការរំពឹងទុករបស់និយោជកថ្មីរបស់អ្នក។

តែងតែនិយាយទៅកាន់អ្នកគ្រប់គ្រងរបស់អ្នកសម្រាប់ជាជំនួយ។ ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗមួយចំនួនដែលនឹងជួយអោយអ្នកអាចឆ្លងផុតរយៈពេលសាកល្បងការងារបានយ៉ាងជោគជ័យ។

  1. ត្រូវមានសុជីវធម៌
  2. ត្រូវទៀងទាត់ពេលវេលា- ដើរចូលធ្វើការឲ្យបានទាន់ពេល និងចូលរួមក្នុងកិច្ចប្រជុំឲ្យបានទាន់ពេលវេលា
  3. សួរសំណួរ សារភាពកំហុស និងរៀនពីកំហុសទាំងនោះ
  4. ត្រូវមានទំនួលខុសត្រូវ

តើអ្នកគួរតែជៀសវាងធ្វើអ្វីខ្លះក្នុងកំឡុងពេលនេះ?

ខណៈពេលដែលការធ្វើការងារឲ្យបានល្អអាចនឹងធ្វើអោយអ្នកឆ្លងកាត់រយៈពេលសាកល្បងការងាររបស់អ្នកបានយ៉ាងងាយស្រួល ឥរិយាបថមិនល្អក៏អាចពន្យារពេល ឬ ធ្វើឲ្យអ្នកត្រូវគេបញ្ឈប់ការងារនៅពេលដែលរយៈពេលសាកល្បងការងារនោះដល់ទីបញ្ចប់ផងដែរ។ ដូច្នេះអ្នកត្រូវគិតឲ្យបានច្បាស់អំពីសកម្មភាពរបស់អ្នក។ អ្នកជ្រើសរើសបុគ្គលិកជាញឹកញាប់តែងតែណែនាំអ្នកឱ្យជៀសឆ្ងាយពីអាកប្បកិរិយាមិនមានសីលធម៌មួយចំនួននៅក្នុងក្រុមហ៊ុន។ ប៉ុន្តែប្រសិនបើអ្នកនៅតែមិនទាន់ដឹងច្បាស់ថាតើអាកប្បកិរិយាទាំងនោះគឺជាអ្វីខ្លះទេ ដូច្នេះនេះជាបញ្ជីសកម្មភាពដែលអាចប៉ះពាល់ដល់ការងារ ព្រមទាំងកេរ្តិ៍ឈ្មោះរបស់អ្នកក្នុងអំឡុងពេលសាកល្បងការងារ។

  1. សូមមើលរំលងនូវនយោបាយរបស់ក្រុមហ៊ុន : សូមចងចាំថាក្រុមហ៊ុនមិនមែនបង់ប្រាក់ឱ្យអ្នកដើម្បីកាន់ខាងភាគីណាមួយនោះទេ។ រយៈពេលសាកល្បងការងាររបស់អ្នកនឹងវាយតម្លៃពីឥរិយាបថរបស់អ្នក។ ដូច្នេះវានឹងមានសុវត្ថិភាពសម្រាប់អ្នកក្នុងការរក្សានូវភាពអព្យាក្រឹត្យ ហើយជៀសវាងពីការចូលរួមកាន់ជើងលើភាគីណាមួយ និងចូលរួមក្នុងនយោបាយរបស់ក្រុមហ៊ុន។
  2. នៅឱ្យឆ្ងាយពីប្រធានបទដ៏ចម្រូងចម្រាស : សូមគិតឲ្យបានច្បាស់អំពីអ្វីដែលអ្នកនិយាយសូម្បីជាមួយមិត្តរួមការងាររបស់អ្នកក៏ដោយ។ អ្នកត្រូវយល់ដឹងពីរឿងនេះរហូតដល់តំណែងការងាររបស់អ្នកត្រូវបានធានាថាមានសុវត្ថិភាព ឬ មានន័យថារហូតដល់អ្នកក្លាយជាបុគ្គលិកអចិន្រ្តៃយ៍ ពីព្រោះអ្នកអាចនឹងត្រូវមានគេចូលមកជំនួសបានយ៉ាងងាយស្រួល។ អ្នកមានទេពកោសល្យថ្មីៗសុទ្ធតែមាននៅគ្រប់ទីកន្លែង។ ដូច្នេះសូមប្រើរយៈពេលនេះដើម្បីអភិវឌ្ឍន៍ខ្លួនឯងឲ្យក្លាយជាបុគ្គលិកដ៏ល្អ និងកសាងកេរ្តិ៍ឈ្មោះរបស់អ្នក។ សូមនៅឱ្យឆ្ងាយពីការពិភាក្សាអំពីប្រធានបទដូចជា នយោបាយ សាសនា ជនជាតិភាគតិច និងភេទ។
  3. កុំនិយាយដើមគេ ឬ រិះគន់មិត្តរួមការងារ : ក្រុមហ៊ុនផ្តល់តម្លៃដល់បុគ្គលិករបស់ពួកគេហើយពួកគេនឹងមិនអនុញ្ញាតឱ្យអ្នករិះគន់ ឬ ធ្វើឱ្យអ្នករួមការងារបច្ចុប្បន្នណាមួយខឹងឡើយ។ ដូច្នេះអ្នកត្រូវប្រាកដថាពាក្យសម្ដី និងសកម្មភាពរបស់អ្នកមិនបង្កឱ្យមានផលប៉ះពាល់ ឬ ធ្វើឱ្យបុគ្គលិកណាម្នាក់នៅក្នុងក្រុមហ៊ុនមានការខូចខាតនោះទេ។
adverise with khmeread