ខ្លាញ់ក្បាលពោះអាចសម្រកបានយ៉ាងងាយ ដោយអនុវត្តវិធីសាមញ្ញមិននឹកស្មានដល់ ហើយថែមទាំងមិនចាំបាច់តមអាហារទៀត

ខ្លាញ់ក្បាលពោះ អាចធ្វើឱ្យខកចិត្តខ្លាំង ជាពិសេសនៅពេលយើងចង់បានរូបរាងស្អាតក្បាលពោះរាបស្មើ។ ការកម្ចាត់ខ្លាញ់ក្បាលពោះផ្តល់អត្ថប្រយោជន៍ច្រើន ដូចជា បន្ថយហានិភ័យក្នុងការកើតជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទ ២ និង ជំងឺលើសឈាម។

យោងតាមវេបសាយ Reader's Digest គឺបានណែនាំវិធីសាមញ្ញៗ ដែលអ្នកអាចធ្វើបានដើម្បីកម្ចាត់ខ្លាញ់ក្បាលពោះ ដោយមិនចាំបាច់តមអាហារ ឬ ប្រឹងហាត់ប្រាណនោះឡើយ។

១. បង្កើនការទទួលទានជាតិប្រូតេអ៊ីន
ការបង្កើនការទទួលទានជាតិប្រូតេអ៊ីនជួយកម្ចាត់ខ្លាញ់ក្បាលពោះលឿនជាងហាត់ប្រាណទៅទៀត។ ជាតិប្រូតេអ៊ីនជួយរក្សាកម្រិតជាតិស្ករក្នុងឈាមដោយកាត់បន្ថយការផលិតអាំងស៊ុយលីន ដែលជាអ័រម៉ូនមួយសម្រាប់ផ្ទុកជាតិខ្លាញ់លើស។

ជាតិប្រូតេអ៊ីនអាចរកបានពីស៊ុត ឈីស ប្រភេទបន្លែមើម និងផលិតផលធ្វើពីអង្ករស្រូវសាលី។

២. បន្ថែមប្រេងដូងចូលរបបអាហាររបស់អ្នក
ប្រេងដូងផ្ទុកសមាសធាតុឈ្មោះ MCT ខុសពីប្រេងបន្លែនិងគ្រាប់ធញ្ញជាតិផ្សេងទៀតដែលផ្ទុកទៅដោយសមាសធាតុឈ្មោះ LCT។ គុណប្រយោជន៍របស់ប្រេងដូងត្រូវគេជឿថាជួយដល់សុខភាពជារួម និងជាពិសេសជួយកម្ចាត់ខ្លាញ់ក្បាលពោះ។

៣. កាត់បន្ថយស្ត្រេសឱ្យបាន
ខ្លាញ់ក្បាលពោះក៏បង្កឡើងដោយសារស្ត្រេសផងដែរ។ ការដែលរាងកាយផលិតអ័រម៉ូនស្ត្រេស Cortisol កាន់តែច្រើន វានឹងកាន់តែជំរុញការឃ្លានអាហារកាន់តែខ្លាំង ដោយធ្វើឱ្យយើងចេះតែចង់រកអាហារគ្រប់ប្រភេទមកទទួលទាន និងចុងក្រោយបណ្តាលឱ្យធាត់។

ស្វែងរកវិធីបំបាត់ស្ត្រេស ដូចជា ធ្វើសមាធិ ឬ ដកដង្ហើមវែងៗ ក៏អាចជួយកាត់បន្ថយស្ត្រេស និងខ្លាញ់ក្បាលពោះបានដែរ។

៤. ជ្រើសរើសតែបៃតងរាល់ថ្ងៃ
តែបៃតងផ្ទុកសារធាតុ Catechin ដែលជួយពន្លឿនការរំលាយអាហារ និងជួយដល់ថ្លើមក្នុងការដុតជាតិខ្លាញ់។

៥. គេងឱ្យបានគ្រប់គ្រាន់
ការស្រាវជ្រាវបង្ហាញថា គេងមួយយប់ ៦ ទៅ ៨ ម៉ោងនឹងជួយរក្សាតុល្យភាពកម្រិតអាំងស៊ុយលីន និង អ័រម៉ូនស្ត្រេស Cortisol ។ ក្រៅពីនេះ ការគេងបានគ្រប់គ្រាន់នឹងជួយបន្ថែមថាមពលដល់រាងកាយដើម្បីដុតកាល់ឡូរីអំឡុងពេលថ្ងៃផងដែរ។

៦. បន្ថែមរមៀតនៅក្នុងរបបអាហារ
សារធាតុប្រឆាំងរលាកឈ្មោះ Curcumin នៅក្នុងរមៀត ត្រូវបានរកឃើញថា ជួយទ្រទ្រង់ដល់ការរំលាយអាហារ និងជាគ្រឿងផ្សំអស្ចារ្យដើម្បីបន្ថែមចូលក្នុងមុខម្ហូបប្រចាំថ្ងៃរបស់អ្នកដើម្បីកម្ចាត់ខ្លាញ់ក្បាលពោះ។

៧. ផឹកទឹកឱ្យច្រើន
ផឹកទឹកគ្រប់គ្រាន់រាល់ថ្ងៃនឹងជួយជំរុញការរំលាយអាហារ និងកាត់បន្ថយការហើមពោះ។ ផឹកទឹកជាជាងភេសជ្ជៈមានជាតិស្ករ អាចជួយលោកអ្នកក្នុងការកាត់បន្ថយជាតិកាល់ឡូរី និងនាំទៅដល់ការស្រកទម្ងន់ជារួមផងដែរ៕

adverise with khmeread