ចាំដំណឹងហ្នឹងយូរហើយ! អ្នកស្រាវជ្រាវអង់គ្លេសនិងឥណ្ឌាអះអាងថា ម្រេចខ្មៅជួយប្រឆាំងជំងឺធាត់

ការស្រាវជ្រាវថ្មីបានបង្ហាញថា ម្រេចខ្មៅអាចជួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺធាត់បាន។

សារធាតុ Piperonal នៅក្នុងម្រេចខ្មៅ ត្រូវបានរកឃើញថា កាត់បន្ថយ "យ៉ាងសំខាន់" នូវផលប៉ះពាល់មិនល្អនៃរបបអាហារសម្បូរជាតិខ្លាញ់ នៅពេលឱ្យកណ្តុរស៊ីម្រេច។

នៅក្នុងការសិក្សារបស់ឥណ្ឌា កណ្តុរដែលស៊ីម្រេចជាអាហារបំប៉នសម្រាប់រយៈពេល ៦ សប្តាហ៍ បានស្រកទម្ងន់រាងកាយ ភាគរយនៃជាតិខ្លាញ់ក្នុងរាងកាយ និងកម្រិតជាតិស្ករនៅក្នុងឈាមក៏ដូចជាឆ្អឹងរឹងមាំជាមុន បើប្រៀបធៀបទៅនឹងកណ្តុរ ដែលស៊ីតែអាហារជាតិខ្លាញ់ តែគ្មានម្រេច។

នៅក្នុងការសិក្សាដាច់ដោយឡែកមួយទៀត អ្នកស្រាវជ្រាវអង់គ្លេសនៅសាកលវិទ្យាល័យ Imperial College London បានរកឃើញ ការផ្លាស់ប្តូរហ្សែនដែលទាក់ទងទៅនឹងជំងឺធាត់ និងបានលើកឡើងថា "ជំងឺធាត់មិនមែនសុទ្ធតែបណ្តាលមកពីការទទួលទានអាហារច្រើន" នោះទេ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺថា អ្នកស្រាវជ្រាវឥណ្ឌាជឿជាក់ថា សារធាតុ Piperonal អាចប្រឆាំងនឹងហ្សែនមួយចំនួន ដែលត្រូវបានផ្សាភ្ជាប់ជាមួយនឹងការលើសទម្ងន់។

ក្រុមអ្នកស្រាវជ្រាវទាំងពីរប្រទេសនេះសង្ឃឹមថា ការរកឃើញរបស់ពួកគេអាចផលិតថ្នាំព្យាបាលថ្មីមួយសម្រាប់ជំងឺធាត់ ខណៈសព្វថ្ងៃអ្នកកើតជំងឺធាត់នៅទូទាំងពិភពលោកបានកើនឡើង ៣ ដងគិតចាប់តាំងពីឆ្នាំ ១៩៧៥៕

adverise with khmeread