រដូវក្តាមក្រហមដើរចូលព្រៃចាប់ផ្តើមមកដល់ហើយ! បិទគ្រប់ឆ្នេរគ្រប់ផ្លូវ

ក្តាមក្រហមរាប់លានក្បាលបានបិទឆ្នេរនិងបិទផ្លូវជាច្រើននៅទូទាំងកោះគ្រីស្មាសរបស់អូស្ត្រាលី នៅពេលពួកវាធ្វើដំណើរត្រឡប់ទៅព្រៃវិញ បន្ទាប់ពីរដូវបង្កាត់ពូជ។

ហ្វូងក្តាមក្រហមរងាលទាំងនេះមានសភាពក្រាស់ខ្លាំងពេករហូតអាចមើលឃើញពី Google Earth និងមើលទៅប្រៀបបីដូចជាទន្លេឈាមកំពុងហូរសន្សឹមៗ ឆ្លងកាត់កោះដាច់ស្រយាលនៅក្នុងមហាសមុទ្រឥណ្ឌា។

ការធ្វើបំលាស់ទីបានចាប់ផ្តើមនៅដើមរដូវវស្សាក្នុងខែតុលាឬខែវិច្ឆិកា នៅពេលដែលក្តាមពេញវ័យចាកចេញពីរូងក្នុងព្រៃក្រាស់ ហើយដើរទៅឆ្នេរ រួចចុះទឹកសមុទ្រដើម្បីបំពេញជាតិអំបិលលើសំបកវា។

ក្តាមឈ្មោលជីករណ្តៅលើដីខ្សាច់ដើម្បីការពារពីក្តាមដទៃទៀតខណៈដែលពួកវាព្យាយាមរួមភេទជាមួយក្តាមញី ហើយបន្ទាប់មកពួកវាចាប់ផ្តើមវិលត្រឡប់ទៅរូងក្នុងព្រៃរបស់វាវិញ ខណៈដែលក្តាមញីបន្តនៅជាមួយពងរបស់វា។

បន្ទាប់ពី ២-៣ សប្ដាហ៍ ក្តាមញីចាប់ផ្តើមទម្លាក់ពងចូលក្នុងមហាសមុទ្រ ហើយធ្វើដំណើរត្រឡប់ទៅរូងក្នុងព្រៃរបស់វាវិញ ខណៈទុកឱ្យពងញាស់នៅក្នុងទឹកសមុទ្រដូចដង្កូវទឹកដែរ។

ប៉ុន្មានឆ្នាំមកនេះកូនក្តាមតិចតួចបំផុតអាចនៅមានជីវិតរស់រានពីមហាសមុទ្រ នៅប្រហែល៤សប្តាហ៍ក្រោយ ប៉ុន្តែនៅសប្តាហ៍នេះ ក្តាមតូចៗរាប់សិបលានក្បាលបានងើបពីសមុទ្រ ហើយឡើងមកពេញឆ្នេរ។

ក្តាមតូចៗទាំងនេះបានប្រែក្លាយឆ្នេរខ្សាច់ទៅជាពណ៌ក្រហម មុនពេលពួកវាដើរយឺតៗនៅលើកោះឆ្លងកាត់ផ្លូវថ្នល់ដើម្បីទៅរូងរបស់វា ដោយនាំផ្លូវដោយក្តាមធំៗ៕

adverise with khmeread