ចាប់បានក្រុមទាក់ឆ្កែម្នាក់, រត់តួច៣នាក់

​ភ្នំពេញ ៖ ក្រុមទាក់ឆ្កែ៤នាក់ ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលទឹកថ្លា សហការជាមួយប៉ុស្តិ៍រដ្ឋបាលអូបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យទាក់ឆ្កែម្នាក់ ដកហូតបានម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចជាប់ខាងត្បូងរបងសាលា ដន់ប៊ូស្កូទឹកថ្លា តាមបណ្តោយផ្លូវលំ ស្ថិកក្នុងសង្កាត់អូរបែកខ្អម ខណ្ឌសែនសុខ។

​សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ សុខ ជូរ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិវាលស្បូវ សង្កាត់ព្រែកអែង ខណ្ឌច្បារអំពៅ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FR-2953។

​សមត្ថកិច្ចបន្តថា​ ដំបូងកម្លាំងប៉ូលិសបានធ្វើការល្បាត នៅក្នុងមូលដ្ឋាន ដើម្បីកាត់បន្ថយបទល្មើសផ្សេងៗ ដែលកើតឡើងដោយប្រការណាមួយ។ ខណៈពេលដែលជិះល្បាត ដល់ចំណុចក្បែរស្ថានីយប្រេងឥន្ធនៈ តេលា តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់អូរបែកក្អម ក៏ប្រទះ ឃើញជនសង្ស័យខាងលើជិះម៉ូតូនិងជនសង្ស័យម្នាក់ទៀតអង្គុយពីក្រោយ ដោយមានបាវនៅពីមុខ រួមទាំងបក្ខពួកពីរ នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាក អ៊ិចសាយទ័រ ពណ៌ខៀវ មិនចាំស្លាកលេខ។

​សមត្ថកិច្ចបន្តថា ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចក៏បម្រុងកាក់ឃាត់ខ្លួន ដើម្បីធ្វើការឆែកឆេរ តែពេលដែលក្រុមជនសង្ស័យ ឃើញប៉ូលិស ក៏បានជិះម៉ូតូរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ចក៏ជិះដេញតាមពីក្រោយរហូតដល់ចំណុចកើតហេតុ ជនសង្ស័យខាងលើរួមទាំងបក្សពួកដែលអង្គុយពីក្រោយ បានផ្តួលម៉ូតូចោល ហើយព្យាយាមរត់គេចខ្លួន។ តែត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានម្នាក់ និងដកបានឧបករណ៍សម្រាប់ទាក់ឆ្កែមួយ និងម៉ូតូមួយគ្រឿង រីឯម្នាក់ទៀតនិងបក្សពួកដែលពីរនាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់។

​បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងត្រូវបានកម្លាំង សមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនាំ និងកសាងសំណុំរឿងអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread