ឪពុកខ្ចីឡានកូនទៅពិសាការ, ត្រឡប់មកវិញបុករបាំងថ្ម ប៉ូលិសស្ទូចយកទៅខានជិះ

​ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងជោកជាំបើកបររថយន្តបើកយ៉ាងលឿន ហើយក៏ជ្រុលចង្កូតទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវកាលពី វេលាម៉ោង១២ និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុច ក្តាន់២ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបង្កម៉ាក គាម៉នីង ពណ៌ស មានស្លាកលេខ ភ្នំពេញ 2V-8791 បើកបរដោយបុរសវ័យប្រហែល៤៥ឆ្នាំ ស្ថិតក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក។ ដំបូង រថយន្តបង្កធ្វើដំណើរតាម បណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន។

ខណៈមកដល់ចំណុចកើតហេតុ រថយន្តក៏ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរបាំងថ្មរងការ ខូចខាតវៀចចេញពីជួរអស់១កង់។ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ តែមិនមានរងរបួសដល់មនុស្សនោះទេ។

ក្រោយមកអ្នកបើកបររថយន្តបានប្រាប់ថា រថយន្តនេះខ្ចីកូនទៅញាំការគេ ដោយដាក់រាងជ្រុលបន្តិច មកវិញក៏បុកក្បាលថ្មពុះចែកទ្រូងផ្លូវតែម្តង។ បន្ទាប់មកសមត្ថកិច្ចចុះមកស្ទួច យករថយន្តទៅរក្សាទុកដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕


 

adverise with khmeread