ក្មេងចិនថ្ងៃមុនដើរទៅរៀនក្រោមអាកាសធាតុត្រជាក់ដក៩អង្សាឥឡូវទទួលបានជំនួយបរិច្ចាគជិត ៣ លានដុល្លារ

រឿងរ៉ាវរបស់ក្មេងសិស្សសាលាចិនម្នាក់ ដែលក្លាហានហ៊ានដើរឆ្លងកាត់អាកាសធាតុត្រជាក់ខ្លាំងដើម្បីទៅរៀន បានញ៉ាំងឱ្យមនុស្សជាច្រើនផ្តល់ជំនួយបរិច្ចាគដល់រូបគេ និង សាលារៀនដ៏ក្រខ្សត់។

ជំនួយបរិច្ចាគចំនួន ១០ ម៉ឺនយ័នត្រូវបានផ្ញើទៅសាលាបឋមសិក្សា Zhuanshanbao នៅទីក្រុងចាវតុង ខេត្តយូនណាន កាលពីថ្ងៃពុធ ទី១០ មករា បន្ទាប់ពីរូបថតនៃ "ក្មេងព្រិលទឹកកក" ឈ្មោះ Wang Fuman បានទាក់ទាញ់ការចាប់អារម្មណ៍ចំពោះកុមារមកពីគ្រួសារក្រីក្រតាមទីជនបទ។ នេះបើតាមកាសែត China Daily។

រូបថត Fuman អាយុ ៨ឆ្នាំ នៅក្នុងថ្នាក់រៀន ដែលនាយកសាលារបស់គេ ឈ្មោះ ហ្វូ ហេង ចែករំលែកលើបណ្តាញសង្គមកាលពីថ្ងៃអង្គារ បានបង្ហាញដុំទឹកកករឹងលើសក់របស់ Fuman អំឡុងការដើរមករៀនចម្ងាយ ៤,៥ គីឡូម៉ែត្រក្រោមសីតុណ្ហភាពត្រជាក់ខ្លាំង។

យោងតាមរបាយការណ៍ សិស្សថ្នាក់ទី៣រូបនេះបានដើរមួយម៉ោងក្រោមអាកាសធាតុត្រជាក់ដក ៩ អង្សាពីផ្ទះរបស់គេ ដើម្បីអង្គុយប្រឡងនៅក្នុងថ្នាក់។

លោក Fu និយាយថា វាជាថ្ងៃទី១នៃការប្រឡងផ្តាច់ព្រ័ត្រ ហើយសីតុណ្ហភាពបានចុះត្រជាក់យ៉ាងលឿនក្នុងរយៈពេលត្រឹមកន្លះម៉ោង ខណៈដែលក្មេងប្រុសនេះបានកំពុងដើរមកសាលាបានពាក់កណ្តាលផ្លូវទៅហើយ។

ក្មេងប្រុសនេះរស់នៅក្នុងផ្ទះសង់ពីដីឥដ្ឋនៅភូមិលូទៀន ជាមួយជីដូន និងបងស្រីបង្កើត។ នេះបើតាមការសម្ភាសន៍មួយជាមួយវេបសាយបណ្តាញសង្គម Pear Video។

គ្រួសារទាំងមូលត្រូវបានផ្គត់ផ្គង់ជីវភាពដោយឪពុករបស់Fuman ដែលធ្វើការចំណាកស្រុកនៅទីក្រុងផ្សេងមួយទៀត។ ម្តាយរបស់ក្មេងប្រុសនេះបានចាកចោលគ្រួសារយូរហើយ។

គិតសរុបមកទល់ឥឡូវ សាច់ប្រាក់ជំនួយបរិច្ចាគដើម្បីជួយក្មេងប្រុសនិងសាលារៀនគឺឡើងដល់ជាង ១៧ លានយ័ន ឬ ប្រហាក់ប្រហែល ២,៦៣ លានដុល្លារ៕

adverise with khmeread