បុរសម្នាក់ដើរឆ្លងថ្នល់ត្រូវរថយន្តបុកស្លាប់

​ព្រះសីហនុ​៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបុរសមុនាក់ស្លាប់ នៅវេលា​ម៉ោង​ប្រមាណ៧ និង៥០នាទី​យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅ​ផ្លូវជាតិ​លេខ៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ១២៧-១២៨ ស្ថិតក្នុង​ភូមិ​ចាំ​ស្រី ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ។

​សមត្ថកិច្ចនិយាយថា​ ភាគី រថយន្ត​បង្ក​ម៉ាក HIGHLANDER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-7037 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ក្នុងទិសដៅ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ។

​លុះ​មកដល់​ចំណុច​ខាងលើ បាន​ជ្រុល​បុក​បុរស​ម្នាក់​ដែល​កំពុង​ដើរ​ឆ្លងផ្លូវ បណ្ដាល​ឱ្យ​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ។ ជនរងគ្រោះ​ឈ្មោះ រ៉ង លី ភេទ​ប្រុស អាយុ៦២ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាំ​ស្រី ឃុំ-ស្រុក​កំពង់​សិលា។

​បន្ទាប់ពី​បុក​មនុស្ស​ស្លាប់ អ្នកបើកបរ​បង្ក​បាន​បើករថយន្ត​មក​ចត​ប្លុង​ចោល​នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១២៨-១២៩ ហើយ​ចុះ​រត់គេចខ្លួន​បាត់តែម្តង។

​បច្ចុប្បន្ន​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​កំពង់​សិលា។ ចំណែក​សាកសព​ជនរងគ្រោះ សមត្ថកិច្ច​បានប្រគល់​ជូន​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread