ទំលាប់ទាំង១៥យ៉ាងដែលនឹងធ្វើឱ្យអ្នកក្លាយជាបុគ្គលិកដ៏ឆ្នើម

ការបំពេញការងារនៅក្នុងបរិយាកាសការងារសម័យទំនើប គឺជាបញ្ហាប្រឈមមួយរបស់និយោជិតខ្មែរភាគច្រើនដែលតម្រូវឱ្យធ្វើការងារជាច្រើនប្រភេទក្នុងពេលតែមួយ។ វាមិនដូចកាលពីប៉ុន្មានឆ្នាំមុនឡើយ ដោយបរិមាណនៃការងារបានកើនឡើងជាកម្រិត ហើយវាបានបន្ថែមនូវសម្ពាធដល់បុគ្គលនីមួយៗ។ រយៈពេល២៤ម៉ោងហាក់បីដូចជាមិនគ្រប់គ្រាន់ឡើយក្នុងការសម្រេចនូវកិច្ចការទាំងឡាយ។ ទោះជាយ៉ាងណាក៏ដោយ ក៏អាចមាននូវវិធីសាស្រ្តជាច្រើនដែលអាចជួយឱ្យអ្នកពង្រឹងនូវប្រសិទ្ធភាពការងាររបស់អ្នក។ ចំណុចទាំងនេះនឹងជួយអ្នកឱ្យក្លាយទៅជាបុគ្គលិកម្នាក់ដ៏ឆ្នើមនៅក្នុងអង្គភាពរបស់អ្នក ទន្ទឹមនឹងនេះក៏នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាបានសម្រេចស្នាដៃនៅក្នុងដំណើរការនៃការងារ។

លុបបំបាត់ភាពរាយប៉ាយចេញពីតុធ្វើការរបស់អ្នក
ការធ្វើការងារនៅក្នុងស្ថានភាពគ្មានសណ្ដាប់ធ្នាប់ គឺជាការបង្អាក់នូវប្រសិទ្ធភាពការងាររបស់អ្នក ដែលបណ្ដាលឱ្យអ្នកចំណាយពេលច្រើនក្នុងការស្វែងរកឯកសារប្រដាប់ប្រដាប្រើប្រាស់សំខាន់ៗ និងសម្ភារៈចាំបាច់ផ្សេងៗផងដែរ។ អ្នកគួរតែទុកតែសម្ភារៈណាដែលប្រើជាប្រចាំ ដើម្បីឱ្យតុធ្វើការរបស់អ្នកមានរបៀបរៀបរយល្អជានិច្ច។

រក្សាទុកនូវប្រដាប់ប្រដាប្រើប្រាស់ចាំបាច់នៅក្បែរខ្លួន
អ្នកត្រូវប្រាកដថាអ្នកមានប្រដាប់ប្រដាប្រើប្រាស់ចាំបាច់ក្នុងការបំពេញកាតព្វកិច្ចរបស់អ្នកនៅក្បែរខ្លួនជានិច្ច។ មានន័យថាក្នុងការបំពេញការងាររបស់អ្នក អ្នកត្រូវមានសម្ភារៈដែលជាតម្រូវការចាំបាច់ដូចជា ដីស ឫហ្វឺតសម្រាប់គ្រូបង្រៀន និងតួណឺវីសមួលសម្រាប់ជាងមេកានិច។

មានតារាងចំណាត់ការងារច្បាស់លាស់
ជាជាងការធ្វើការងារតាមតែសន្ទុះចិត្តវាពិតជាចាំបាច់ណាស់ក្នុងការរៀបចំនូវតារាងចំណាត់ការងារដ៏ជាក់លាក់មួយដែលអាចបំផុសគំនិតឱ្យអ្នករៀបចំការងារប្រចាំថ្ងៃ និងធ្វើចំណាត់ថ្នាក់អាទិភាពការងារបានល្អ។ ប្រសិនបើមានហេតុផលណាមួយដែលតម្រូវឱ្យអ្នករំលងនូវការងារមួយចំនួន អ្នកត្រូវប្រាកដថាអ្នកនឹងត្រូវធ្វើវាឡើងវិញឱ្យហើយនៅថ្ងៃបន្ទាប់។

លុបបំបាត់សកម្មភាពដែលបង្អាក់ដំណើរការងារ
ការរំខាននៅកន្លែងធ្វើការអាចមានឥទ្ធិពលទៅលើប្រសិទ្ធភាពការងាររបស់អ្នក ហេតុដូចនេះហើយអ្នកត្រូវតែរកនូវដំណោះស្រាយ។ ការរំខានអាចមានទំរង់ដូចជា មិត្តរួមការងារដែលចូលចិត្តនិយាយច្រើន ទូរស័ព្ទហៅចូលដែលមិនបានការ ចំណាយពេលច្រើនទៅលើវែបសាយកំសាន្ត។

សម្រាកនៅចន្លោះពេលទៀងទាត់មួយ
ការស្រាវជ្រាវទៅលើការបង្កើនប្រសិទ្ធភាពការងារបានបង្ហាញថា ការសម្រាកពីកាងារនៅក្នុងចន្លោះពេលទៀងទាត់ណាមួយពិតជាអាចបង្កើននូវផលិតភាពការងាររបស់អ្នក ដោយជួយអ្នកឱ្យផ្ចង់ស្មារតីបានល្អនៅពេលអ្នកចាប់ផ្ដើមធ្វើការអ្វីមួយ។

ជៀសវាងការចាប់យកការងារច្រើនដើម្បីជោគជ័យ
សមត្ថភាពក្នុងការសម្រេចការងារបានច្រើនត្រូវវាបានចាត់ទុកជាការវាស់ស្ទង់ផលិតភាពការងាររបស់និយោជិក។ យ៉ាងណាមិញ ការសិក្សាជាច្រើនធ្លាប់បានបង្ហាញថាមនុស្សមិនមែនកើតមកអាចធ្វើការច្រើនមុខនោះទេ។ ការយកចិត្តទុកដាក់ធ្វើការងារណាមួយឱ្យបានលទ្ធផលល្អប្រសើរគឺពិតជាជម្រើសត្រឹមត្រូវជាង។

បែងចែកបរិមាណការងារឱ្យសមស្រប
គំរោងការងារធំៗត្រូវការពេលវេលាយូរនិងថាមពលច្រើនក្នុងការសម្រេចជាលទ្ធផល។ ហេតុនេះហើយ អ្នកគួរតែបែងចែកគម្រោងការងារនោះជាផ្នែកតូចៗ ដែលងាយស្រួលគ្រប់គ្រងនិងអាចបញ្ចប់បានក្នុងរយៈពេលខ្លី ហើយអ្នកនឹងមានពេលវេលាច្រើនសម្រាប់ធ្វើការងារសំខាន់ផ្សេងៗទៀត។

ចាត់តាំងការងារឱ្យថ្នាក់ក្រោមរបស់អ្នក
នៅក្នុងពេលតែមួយអ្នកពិតជាមិនអាចរ៉ាប់រងនូវបន្ទុកការងារទាំងអស់តែម្នាក់ឯងនោះទេ។ ការចាត់តាំងនិងបែងចែកការងារទៅឱ្យថ្នាក់ក្រោមរបស់អ្នកនឹងជួយឱ្យអ្នកគ្រប់គ្រងនូវពេលវេលាបានល្អ ទន្ទឹមនឹងជួយឱ្យថ្នាក់ក្រោមរបស់អ្នកទទួលបានបទពោសោធន៍ក្នុងការបំពេញការងារផងដែរ។

កំនត់ចំនួនការប្រជុំឱ្យបានអប្បបរមា
ការប្រជុំច្រើនលើកពេកអាចបណ្ដាលឱ្យខាតពេលវេលាដោយឥតប្រយោជន៍ ប្រសិនបើនៅពេលដែលកិច្ចប្រជុំបញ្ចប់ដោយគ្មានលទ្ធផលជាក់លាក់។ កិច្ចប្រជុំមានសារៈសំខាន់ដោយកំណត់នូវគោលដៅ និងពិភាក្សាកំណត់លទ្ធភាពនាពេលអនាគត យ៉ាងណាមិញវាក៏អាចធ្វើឱ្យខាតបង់ពេលវេលាក្នុងការអនុវត្តការងារជាក់ស្ដែង។

ចៀសវាងការគុំគួនគ្នានៅកន្លែងធ្វើការ
ភាពច្រណែនឈ្នានីសចងកំហឹងនៅកន្លែងធ្វើការអាចមានឥទ្ធិពលមិនល្អដល់ការយកចិត្តទុកដាក់បំពេញការងាររបស់អ្នក។ វាអាចមានទំរង់ជា ការឈ្លោះប្រកែកគ្នារវាងមិត្តរួមការងារ ឫក៏និន្នាការនយោបាយផ្សេងគ្នា។ ទោះជាយ៉ាងណា ទោះជាមានបញ្ហាអ្វីក៏ដោយការដោះស្រាយឱ្យបានឆាប់រហ័សគឺជាជម្រើសដ៏ល្អបំផុត។

សម្រាកខួរក្បាលនិងរាងកាយបន្ទាប់ពីកាងារ
ការធ្វើការឱ្យហួសពីកម្លាំងនឹងធ្វើឱ្យអ្នកមិនមានភាពស្វាហាប់ក្នុងការងារថែមទាំងអាចបង្កើតជាភាពឆ្គាំឆ្គងដែលនាំឱ្យអ្នកនូវភាពអាម៉ាស់ទៀតផង។ អ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ពី៧ទៅ៨ម៉ោង ដែលអាចនឹងបង្កើនប្រសិទ្ធភាពការងាររបស់អ្នកក្នុងកំឡុងពេលយូរ។

ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
អ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថាការធ្វើលំហាត់ប្រាណនៅចន្លោះពេលណាមួយឱ្យបានទៀងទាត់ មិនត្រឹមតែបង្កើននូវភាពស្វាហាប់ក្នុងការងាររបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងជួយអ្នកឱ្យចៀសផុតពីបញ្ហាសុខភាពផងដែរ។ អ្នកត្រូវធ្វើកាលវិភាគការងារ និងទុកពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើលំហាត់ប្រាណ ដើម្បីមានស្មារតីស្រស់ថ្លាពេលបំពេញការងារ។

រក្សាអារម្មណ៍ល្អនៅកន្លែងការងារ
បន្ទុកការងារច្រើនពេកអាចបណ្ដាលឱ្យប៉ះពាល់នូវអារម្មណ៍អ្នក នឹងបណ្ដាលឱ្យទៅជាស្ត្រេស អស់កម្លាំង និងបាក់ទឹកចិត្ត។ អ្នកត្រូវចេះបង្កើតបរិយាកាសរីករាយនៅកន្លែងការងារ ដោយការស្ដាប់តន្រ្តី ជជែកលេងជាមូយមិត្តរួមការងារនៅពេលទំនេរពីការងារ។

ជំរុញទឹកចិត្តខ្លួនឯងទៅពេលអនាគត
ជួនកាលមនុស្សដែលអាចជំរុញទឹកចិត្តរបស់អ្នកបានគឺមានតែខ្លួនអ្នកផ្ទាល់។ ការជំរុញទឹកចិត្តគឺគន្លឹះដ៏មានប្រសិទ្ធភាពដែលអាចជួយបង្កើនផលិតភាពការងាររបស់អ្នកបាន។ ចូរគិតពីអ្វីទាំងអស់ដែលអ្នកចង់សម្រេចឱ្យបានដើម្បីឈានទៅរកគោលដៅរបស់អ្នក។

អបអរស្នាដៃដែលអ្នកសម្រេចបាន
ការខិតខំប្រឹងប្រែងរបស់អ្នកគឺជាអ្វីដែលអ្នកត្រូវទទួលស្គាល់និងអបអរសាទរ។ ក្នុងខណៈពេលដែលស្នាដៃរបស់អ្នកនឹងត្រូវទទួលបាននៅពេលខាងមុខ វាចាំបាច់ណាស់ដែលខ្លួនអ្នកផ្ទាល់ត្រូវទទួលស្គាល់វា ដែលនឹងអាចឱ្យអ្នកផ្ដោតការយកចិត្តទុកដាក់និងពង្រឹងសមត្ថភាពការងាររបស់អ្នកជាយូរអង្វែងតទៅ។ ប្រភព៖ Everjob

adverise with khmeread