រថយន្តហាយឡែនឌ័រ បុកកាមរីពីក្រោយរុញបុកផ្ទប់របាំងថ្មក្បាលនាគខ្ទេច

ភ្នំពេញ ៖ រថយន្តកាមរី (ឆ្លាម) មួយគ្រឿងបានរងការខូចខាតផ្នែកខាងមុខ និងខាងក្រោយធ្ងន់ធ្ងរ ដោយសាររថយន្តហាយឡែនឌ័រ មួយគ្រឿង បើកលឿនបុកពីក្រោយគូទ រុញផ្ទប់ទៅបុករបាំងក្បាលនាគពុះចែកទ្រូងផ្លូវ ចំណែករថយន្តហាយឡែនឌ័រដែលជារថយន្តបង្ក បានបើករត់បាត់តែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី១២ មករា ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីកែងផ្លូវចូលតំបន់បឹងកក់R6 ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ។

តាមសាក្សីពីសន្តិសុខម្នាក់ ដែលឈរជើងយាមក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូង គេឃើញរថយន្តកាមរីឆ្លាមខាងលើពណ៌ទឹកមាសពាក់ស្លាកលេខ 2O-9875​ បើកបរដោយបុរសម្នាក់វ័យជាង៣០ឆ្នាំ បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច។

ខណៈជិតដល់ចំណុចកើតហេតុ ក៏មានរថយន្តហាយឡែនឌ័រមួយគ្រឿងពណ៌ស មិនចាំស្លាកលេខបើកស្របទិសគ្នាពីក្រោយយ៉ាងលឿន មកបុកគូទរថយន្តកាមរីឆ្លាមពីក្រោយពេញទំហឹង បណ្តាលឱ្យរថយន្តកាមរីឆ្លាម ជ្រុលទៅបុកផ្ទប់នឹងរបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវ រងការខូចខាត ទាំងមុខទាំងក្រោយយ៉ាងធ្ងន់ធ្ងរទៅមុខលែងរួច។

ក្រោយពីបង្កភ្លាមៗ រថយន្តហាយឡែនឌ័រ បានដាក់លេខថយក្រោយបន្ថែមល្បឿនទៅមុខគេចបាត់តែម្តង។ ចំណែកម្ចាស់រថយន្តកាមរីឆ្លាម ចុះពីរថយន្តដើរទៅបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ខណ្ឌបានទៅសម្រួលទីតាំងកើតហេតុ និងបានទាក់ទងទៅប៉ូលិសចរាចរណ៍ក្រុងមកវាស់វែងស្ទួចយករថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕

adverise with khmeread