ប៉ូលិសខណ្ឌដូនពេញចាប់បានចោរឆក់វ័យក្មេងម្នាក់

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅ​ចំណុច​មុខ ផ្ទះ​លេខ៣១ ផ្លូវ​លេខ៧០ ភូមិ២១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ជា ម៉េង​គាង ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរ​សិស្សសាលា ស្នាក់នៅ ផ្ទះ​លេខ​៣Eo ផ្លូវ​បេតុង ភូមិ​បុរី​ភ្នំពេញ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

ចំណែក​ជនរងគ្រោះ​ឈ្មោះ ពុំ ស្រី​ឡេង ភេទ​ស្រី អាយុ៣៤ឆ្នាំ មុខរបរ​លក់​អីវ៉ាន់​នៅ​ផ្សា​រ​តូច ស្នាក់​នៅផ្ទះ​លេខ១៩ ផ្លូវ​លេខ២២៨ ភូមិ៣ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។

ប៉ូលិសបន្តថា មុនពេល​កើតហេតុ​រូបគាត់​ចេញពីផ្ទះ​នៅ​បឹង​សាឡាង ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1W.2785 គោលបំណង់​ទៅ​កន្លែង​លក់​អ៊ី​វ៉ាន់​នៅ​ផ្សារ​តូច ធ្វើដំណើរ​តាម​បណ្ដា​យ​ផ្លូវ​លេខ៧០ ទិសដៅ​ពី​លិចទៅ​កើត។

ខណៈ​មកដល់​ចំណុចកើតហេតុ ក៏មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ១២៥ សេរី២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GS-៣៥៤៣ ជិះ​មក​ទន្ទឹម​ជនរងគ្រោះ ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ​បានសម្រេច។

ភ្លាមនោះ​ជនសង្ស័យ​ក៏បាន​បត់​ម៉ូតូ​ត្រឡប់ក្រោយ​វិញ​បម្រុង​ជិះ​រត់គេចខ្លួន ប៉ុន្តែ​ជា​អកុសល បណ្ដាល​ឱ្យ​ដួល​ម៉ូតូ ភ្លាមៗនោះ​ក៏ត្រូវ​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ប្រគល់ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះចក​តែម្តង៕

adverise with khmeread