ប៉ូលិសប៉ុស្ដិ៍​រដ្ឋបាល​សិត្បូចាប់ខ្លួនបុរសម្នាក់លក់ថ្នាំញៀន

កណ្ដាល ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្ដិ៍​រដ្ឋបាល​សិត្បូចាប់ខ្លួន កាលពី​វេលា​ម៉ោង២១ និង០៥នាទី យប់​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល ពីបទជួញដូរគ្រឿងញៀន។

ប៉ូលិសនិយាយថា ជនសង្ស័យ​ឈ្មោះ លៀង សិលា ហៅ​ខ្លា ភេទ​ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រែក​ថី ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ត្រូវ​ប៉ូលិសប៉ុស្ដិ៍​រដ្ឋបាល​សិត្បូ  ចាប់ខ្លួន ខណៈពេល​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ព្រែកត្រែង ឃុំ​សិត្បូ ដោយ​ចាប់យក​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​សារធាតុ​ញៀន​ប្រភេទ (ម៉ា​ទឹកកក) ចំនួន ១០កញ្ចប់ និង​ប្រាក់រៀល ចំនួន ១.០០០រៀល (មួយ​ពាន់​រៀល​គត់)។

នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ លឿន សិលា បាន​សារភាពថា ខ្លួន​ពិតជា​បាន​ទិញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ខាងលើ​ពី​ឈ្មោះ សារ៉ាត់ នៅ​ភូមិ​ព្រែ​កឡុង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ចំនួន ១កញ្ចប់​ធំ ក្នុងតម្លៃ ១០០.០០០រៀល រួច​យកមក​រំលែក​វេច​ខ្ចប់​ជា​កញ្ចប់​តូច​បាន​ចំនួន ១១កញ្ចប់ ហើយ​ប្រើប្រាស់ (ជក់) អស់ ១កញ្ចប់ នៅសល់ ១០កញ្ចប់ កឹ​ប​ជាប់​នឹង​លុយ​ក្រដាស់​មួយរយ​រៀល​ចំនួន ១០សន្លឹក ដើម្បី​យកមក​លក់​បន្ត​ក្នុង ១កញ្ចប់ តម្លៃ ២០.០០០រៀល ពិតប្រាកដ​មែន៕
 

adverise with khmeread