ព្រះសីហនុ ៖ ប៉ូលិស ចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុបានឃាត់យករថយន្តបើកបរដោយជនជាតិចិនចំនួន៤គ្រឿង ដែលគ្មានប័ណ្ណបើកបរ យកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
កិច្ចប្រតិបត្តិការក្តៅនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ តាមបទបញ្ជាមិនលើកលែងពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការប៉ូលិសខេត្តព្រះសីហនុ ដែលបញ្ជាឱ្យយកម្លាំងប៉ូលិស ចុះរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក្នុងខេត្ត។
យោងតាមលោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យដឹងថា ក្រៅពីឃាត់រថយន្តបើកបរដោយជនជាតិចិន៤គ្រឿង ប៉ូលិសបានត្រួតពិនិត្យចំពោះអ្នកបើកបរ និងអ្នករួមដំណើរលើម៉ូតូ ដែលមិនពាក់មួកសុវត្ថិភាព នៅលើវិថីឯករាជ្យ ត្រង់ចំណុច ស្តុបតូតាល់ ក្រុងព្រះសីហនុ។
ជាលទ្ធផលរកឃើញ១-អ្នកបើកបរនិងអ្នករួមដំណើរលើម៉ូតូ មិនពាក់មួកសុវត្ថិភាពចំនួន ១៨៨ នាក់ ប៉ូលិសបានពិន័យ, ២-អ្នកបើកបរគ្មានកញ្ចក់មើលក្រោយចំនួន ២២គ្រឿង (ពិន័យ), ៣-អ្នកបើកបរម៉ូតូមិនគោរពភ្លើងស្តុបចំនួន ម្នាក់ (ពិន័យ) និង៤-រថយន្តបិទកញ្ចក់ខ្មៅចំនួន ០១ គ្រឿង(ពិន័យ)៕
