រថយន្តបើកបុកម៉ូតូទាំងកម្រោល បណ្តាលឱ្យបុរសម្នាក់ស្លាប់

កណ្តាល​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្ដាលឱ្យស្លាប់ម្នាក់​ ពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងខូចខាតរថយន្ត០១ស្រាល និងម៉ូតូចំនួន០១គ្រឿងធ្ងន់ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១ និង៣០នាទីរសៀល នៅចំណុច ផ្លូវលេខ២១ស្ថិតក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ប៉ូលិសនិយាយថា​ ភាគី រថយន្តម៉ាកសាំងយ៉ុង ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2L-9143 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន) បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។

លុះពេលមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបរ រថយន្តបានគេចពីម៉ូតូ០១គ្រឿង ដែលបើកស្របទិសគ្នាបានបត់ត្រឡប់ក្រោយ បណ្ដាលឱ្យរថយន្តជ្រុលទៅបុកម៉ូតូ០១គ្រឿងទៀតម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1W-5060 អ្នកបើកបរឈ្មោះ ហ៊ឹម ឈឿន ភេទប្រុស អាយុ៥៦ឆ្នាំមុខរបរលក់បន្លែ (មានមួកការពារតែមិនពាក់) នៅភូមិស្វាយតាមេឃ ឃុំកោះធំ (ខ) ស្រុកកោះធំ ខេត្តកណ្ដាល ដែលកំពុងបើកបញ្ច្រាស់ទិសគ្នាពីជើងមកត្បូង ចំពីមុខមួយទំហឹង ធ្វើឱ្យដួលរងរបួសធ្ងន់ម្នាក់ ប្រុស រឺឯម៉ូតូខូចខាតធ្ងន់និងរថយន្ត ខូចខាតស្រាល។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបានចុះពិនិត្យ និងវាស់វែងយកម៉ូតូនិងរថយន្តយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់។

ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសាដឹកយកទៅព្យាបាល ហើយបានបាត់បង់ជីវិតពេលដឹកយកទៅសង្គ្រោះ។ ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្តធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឱ្យមានគ្រោះថ្នាក់កើតឡើង៕


 

adverise with khmeread