ប្រទះឃើញ​បុរស​ម្នាក់ ស្លាប់​ក្នុង​ទឹកដោយឧបករណ៍ច្នៃឆក់ត្រី

កណ្ដាល៖ អ្នកស្រុកបានប្រទះឃើញ​បុរស​ម្នាក់ ស្លាប់​ក្នុង​ទឹកកាលពីនៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នៅ​ចំណុច​រោង​លោកតា​បឹង​សន្ទៃ ឃុំ​ប្រសាទ ស្រុក​ស្អាង ខេត្តកណ្តាល។

ស្ត្រីជាប្រពន្ធបានបំភ្លឺប្រាប់សមត្ថកិច្ចថា ប្ដី​របស់គាត់ឈ្មោះ ឆាំ ឆេង ភេទ​ប្រុស អាយុ៣៤ឆ្នាំ មុខរបរ​នេសាទ នៅ​ភូមិ​ទួល​ក្តី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។

កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ប្តីគាត់ បាន​ប្រាប់ថា​ទៅរក​ត្រី​មក​ធ្វើ​ម្ហូប។ ពេលចេញ​ទៅបាន​រៀបចំ​ប្រដាប់ប្រដា​មាន​អាគុយ ដុំ​ឆក់​ត្រី​និង​ខ្សែភ្លើង​រហូត​បាត់​មួយ​យប់​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ។

លុះ​ព្រឹក​ឡើង នៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ គាត់ជា​ប្រពន្ធ​និង​បងប្អូន​បាន​ចេញពីផ្ទះ​ទៅ​តាមរក​ប្តី​ក៏​ប្រទះឃើញ​ប្តី​ស្លាប់​នៅក្នុង​ទឹក​ក្បែរ​ទូក​ម្តុំ​រោង​លោកតា​បឹង​សន្ទៃ ឃុំ​ប្រសាទ ស្រុក​ស្អាង ទើប​នាំគ្នា​លើកដាក់​លើ​ទូក​ដឹក​យកមក​ផ្ទះ​នៅ​ភូមិ​ទួល​ក្តី ឃុំ​ត្រើយ​ស្លា ​និង​បានផ្ដល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​ប៉ុស្ដិ៍​រដ្ឋបាល។

បន្ទាប់មក កម្លាំង​ជំនាញ​បច្ចេកទេស​ស្រុក​និង​ប៉ុស្តិ៍រដ្ឋបាល​បាន​ចុះ​ពិនិត្យ​សព​ឃើញថា​ពិតជា​ស្លាប់​ដោយសារ​ឆក់​ឧបករណ៍​ឆក់​ត្រី បណ្ដាល​ឱ្យស្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​ក៏បាន​ប្រគល់​សព​ជូនក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕


 

adverise with khmeread