ជនសង្ស័យករណីឆបោកខំលាក់លុយក្នុងជញ្ជាំងយ៉ាងក្រាស់ នៅតែប៉ូលិសរកឃើញ

ថ្មីៗនេះអាជ្ញាធរចិនបានរឹបអូសទឹកប្រាក់ប្រមាណជា ៦៤ លានយ័ន (៩,៩ លានដុល្លារ) ក្នុងអំឡុងពេលឆ្មក់ឆែកឆេរផ្ទះល្វែងមួយ បន្ទាប់ពីមានការស៊ើបអង្កេតករណីសង្ស័យឆបោកមួយ។

វីដេអូឃ្លីបដែលចែកចាយពេញបណ្តាញសង្គមចិន បានបង្ហាញចំនួនទឹកប្រាក់ដ៏ច្រើននេះនៅលំនៅដ្ឋានចំនួន ២ (ក្នុងជួរផ្ទះល្វែងតែមួយ) នៅក្នុងខេត្តជីលីន កាលពីថ្ងៃទី ១០ មករានិងថ្ងៃទី ១២ មករា។

មនុស្ស ៤ នាក់រួមទាំងអ្នកតំណាងផ្នែកច្បាប់ម្នាក់ ត្រូវបានចាប់ខ្លួននិងឃុំខ្លួនដោយប៉ូលិសក្នុងតំបន់ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត។

យោងតាមទូរទស្សន៍ CCTV ការឆ្មក់ឆែកឆេរនេះធ្វើឡើងនៅសង្កាត់នីងជាំង នៃទីក្រុងសុងយួន ខេត្តជីលីន នៅពេលប៉ូលិសទទួលបានព័ត៌មានថា ក្រុមហ៊ុនជីគីមីឈ្មោះ Shuang Fei បានទិញយកបំណុលរបស់បុគ្គលនិងសហគ្រាសខ្នាតតូចក្នុងតម្លៃទាប។

យ៉ាងណាមិញ ក្រុមហ៊ុន Shuang Fei ខកខានមិនបានសងបំណុលទាំងនោះវិញទេ។

ប៉ូលិសក្រុងសុងយួនបានបង្កើតក្រុមស៊ើបអង្កេតបទឧក្រិដ្ឋមួយចាប់តាំងពីថ្ងៃទី ៩ ខែមករា។ ពួកគេបានតាមដានបុរសម្នាក់ ដែលមានឈ្មោះ វៃ ធ្វើការជាអ្នកតំណាងផ្នែកច្បាប់សម្រាប់ក្រុមហ៊ុននេះ។

ការស៊ើបអង្កេតដ៏សំខាន់រួមមានលំហូរសាច់ប្រាក់របស់ក្រុមហ៊ុននិងកន្លែងដែលលោកវៃផ្ទេរសាច់ប្រាក់ទុក បន្ទាប់ពីដកចេញពីធនាគារ។

វីដេអូបង្ហាញបានបង្ហាញគំនរប្រាក់ដ៏ច្រើន ដែលមានក្រដាស ១០០ យ័ន និង ៥០ យ័ន គរលើគ្នាទាំងជុងលាក់ទុកនៅខាងក្នុងជញ្ជាំងផ្ទះ។ សាច់ប្រាក់រាយរងដទៃទៀតគឺទុកនៅរប៉ាត់រប៉ាយកណ្តាលផ្ទះ។

បន្ទាប់ពីការឆ្មក់ឆែកឆេរផ្ទះល្វែងនេះ គេបានបញ្ជាក់ថា ប្រាក់ចំនួន ៦៤ លានយ័ន (៩,៩ លានដុល្លារ) បានលាក់ទុកនៅខាងក្នុងជញ្ជាំង៕

adverise with khmeread