និស្សិតឆ្នាំទី៣ម្នាក់​ បើកឡានបុកក្មេងប្រុសអាយុ៩ឆ្នាំ

​ភ្នំពេញ ៖ និស្សិតឆ្នាំទី៣ម្នាក់​ នៃសកលវិទ្យាល័យ​ភូមិន្ទនិតីសាស្ត្រ​ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​ បានបើករថយន្ដវ៉ាជែងជាមួយរថយន្ដផ្សេងទៀតក្នុងល្បឿនលឿនមិនប្រយ័ត្ន​ ក៏ជ្រុលចង្កូតទៅបុកក្មេងប្រុសម្នាក់បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។

​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង​​១០ និង៣០នាទីព្រឹក​ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨​ នៅចំណុចផ្លូវបេតុងព្រៃស ភូមិត្រពាំងចក​ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​​សមត្ថកិច្ចបានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ ម៉ុន ប៊ុនហេង អាយុ​​៩ឆ្នាំ​ មានទីលំនៅភូមិត្រពាំងចក សង្កាត់ ព្រៃវែង ខណ្ឌដង្កោ។ រីឯជនបង្កមានឈ្មោះ ស៊ុយ សារ៉ាក់ អាយុ​​២១ឆ្នាំ​ មុខរបរ​ និស្សិតឆ្នាំទី៣ នៃសកលវិទ្យាល័យ​ ភូមិន្ទនិតីសាស្ត្រ​ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​ មានទីលំនៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្ដកំពត។

​តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដ​ មួយគ្រឿង​ ម៉ាក កាមរី បាឡែន ពណ៌ស ដែលពាក់ស្លាកលេខ 2AQ-7081 បើកបរតែម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនដូចហោះ​ រួចបានវ៉ាជាមួយរថយន្ដមួយគ្រឿងទៀតមិនចាំម៉ាក​ ​ក៏ជ្រុលចង្កូតទៅបុកក្មេងប្រុស ដែលកំពុងឈរលេងនៅមុខផ្ទះបណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

​បន្ទាប់មកម្ចាស់រថយន្ដ ដែលជាជនបង្កបានចុះពីរថយន្ដរត់គេចខ្លួន ប៉ុន្ដែ​ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ព្រៃវែង ធ្វើការដេញតាមរហូតទើបឃាត់ខ្លួនជនបង្កខាងលើបាននៅក្នុងដីស្រែ​មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងចក​ សង្កាត់ព្រៃវែងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍។

​ក្រោយពីកើតហេតុ​ សមត្ថកិច្ចបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ក្រុង​​ចុះមកវាស់វែងយករថយន្តបង្ក​ និងនាំខ្លួនម្ចាស់រថយន្តយកទៅស្នងការដ្ឋានប៉ូលិសរាជធានី​ ភ្នំពេញ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ​ ចាត់ការបន្តតាមផ្លូវច្បាប់។

​ចំណែកឯសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅតម្កល់ទុកនៅវត្ដអង្គមេត្រី ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread