adverise with khmeread One night of poor sleep

អ្នកវិទ្យាសាស្ត្រថាគេងអត់លក់មួយយប់ស្មើនឹងការទទួលទានអាហារមានជាតិខ្លាញ់ខ្ពស់ ៦ ខែ

ពេលបានអានចំណងជើងអត្ថបទនេះហើយអ្នកប្រហែលជាលាន់មាត់ថា "វាមិនដែល" គ្រាន់តែដេកអត់លក់មួយយប់ស្មើនឹងការញ៉ាំអាហារសម្បូរជាតិខ្លាញ់ខ្ពស់ ៦​ ខែ។ ក៏ប៉ុន្តែនេះជារឿងពិត។ ទាំងអស់នេះកើតឡើងដោយសារតែរំញោចអាំងស៊ុយលីនរបស់យើង។ អាំងស៊ុយលីនគឺជាប្រភេទអ័រម៉ូនមួយ ដែលជួយរក្សាកម្រិតជាតិស្ករក្នុងឈាមរបស់យើងកុំឲ្យឡើងខ្ពស់ពេក និងកុំឲ្យស្រកចុះទាបពេក។ 

យោងតាមការសិក្សាមួយ ដែលរៀបចំដោយ វេជ្ជបណ្ឌិត Josiane Broussard និងសហការីមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Cedars-Sinai Medical Center ក្នុងទីក្រុងឡូសអ៊ែនជែលឡេសបានឲ្យដឹងថា​ ការគេងមិនលក់មួយយប់ធ្វើឲ្យថយចុះរំញោចរបស់រាងកាយយើងចំពោះអាំងស៊ុយលីនក្នុងកម្រិតស្រដៀងគ្នានឹងការញ៉ាំអាហារសម្បូរជាតិខ្លាញ់ខ្ពស់ ៦ ខែដែរ។ 

នៅពេលរាងកាយកាន់តែលែងមានរំញោចចំពោះអាំងស៊ុយលីន ឬ "ភាពស៊ាំនឹងអាំងស៊ុយលីន" រាងកាយនឹងមិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ដើម្បីរក្សាស្ថេរភាពជាតិស្ករក្នុងឈាមបានឡើយ។ ទីបំផុតវាអាចនាំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ ២ ជាជំងឺមួយ ដែលមានជាតិស្ករខ្ពស់ពេកក្នុងឈាម និងប្រតិកម្មរបស់អាំងស៊ុយលីនពុំបានបំពេញមុខងារបានស្រួលបួល។ 

ជំងឺទឹកនោមផ្អែមត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួនធំ ក្នុងនោះមានទាំងជំងឺបេះដូងផងដែរ។ ប្រសិនបើរំញោចរបស់អ្នកចំពោះអាំងស៊ុយលីនមានកាន់តែតិច នោះអ្នកនឹងកាន់តែមានបញ្ហាក្នុងការស្រូបយកសារធាតុចិញ្ចឹម រំលាយជាតិកាបូនអ៊ីត្រាត និងរក្សានូវទម្ងន់ដែលមានសុខភាពល្អ។ 

មនុស្សដែលមានការលំបាកក្នុងការរក្សាទម្ងន់ដែលមានសុខភាពល្អ ឬអ្នកដែលធាត់ជ្រុលគឺងាយនឹងធ្វើឲ្យមានភាពស៊ាំនឹងអាំងស៊ុយលីនណាស់ ហើយចុងក្រោយនឹងធ្វើឲ្យកើតជំងឺទឹកនោមផ្អែម។ រឿងនេះពិតជាគួរឲ្យខ្លាចណាស់ គ្រាន់តែគេងមិនលក់មួយយប់សោះជំងឺសាហាវក៏អាចកើតឡើងបានភ្លាមគ្រប់ពេល៕  

ប្រភព៖ ឡាយហ៊ែក

adverise with khmeread

មតិយោបល់