adverise with khmeread Index2

ឃាត់​ទណ្ឌិត​៤​នាក់​នៅ​គុក​ត្រពាំង​ផ្លុ​ង​ពីបទ​ចែកចាយ​គ្រឿងញៀន​ក្នុង​គុក​

    ត្បូងឃ្មុំ ៖ ទណ្ឌិត​ចំនួន​៤​នាក់ ដែល​ជាប់ទោស​ពី​១៥​ឆ្នាំ ដល់​៥៥​ឆ្នាំ នៅក្នុង​ពន្ធនាគារ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣​ត្រពាំង​ផ្លុ​ង ស្ថិតក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវបាន  កម្លាំង​សមត្ថកិច្ច​ចេញ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​។​

    ប្រតិបត្តិការ​នេះ​ដោយមាន​ការឯកភាព​ពី​លោក​ហៀ​ង សុភ​ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បានចាប់ផ្តើម​ពីថ្ងៃ​ទី​១៣ រហូតដល់​ព្រឹក​ថ្ងៃទី​១៩ កុម្ភៈ ២០១៦​ទើប​បញ្ចប់​ដោយ​ជោគជ័យ ។​

   លោក​វរសេនីយ៍ទោ ជួន ផល​លី ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​សេចក្តីរាយការណ៍​ពី​ក្នុង​មណ្ឌល​កែប្រែ​ទី​៣​ត្រពាំង​ផ្លុ​ង​មក​ថា មាន​ទណ្ឌិត​មួយចំនួន​បាន​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន ហើយ​ត្រូវបាន​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ចាត់​ឲ្យ​រូបលោក និង​កម្លាំង​ជាច្រើន​នាក់​ទៀត ចុះទៅ​ស្រាវជ្រាវ​ជាបន្ទាន់​។​

    លោក​បន្តថា នៅ​ថ្ងៃទី​១៣ កុម្ភៈ សមត្ថកិច្ច​ឃាត់​ទណ្ឌិត​២​នាក់​បញ្ជូន​មកកាន់​ទី​បញ្ជាការ​អាវុធហត្ថ​ខេត្ត ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ក្រាម​ពណ៌​ស​ចំនួន​១៣​កញ្ចប់ ក្នុងនោះ​ធំ​៩​កញ្ចប់​នៅជាប់​នឹង​ខ្លួន​ទណ្ឌិត​ឈ្មោះ ឯក ប៊ុនលី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ។​

   លោក​វរសេនីយ៍ទោ ជួន ផល​លី បន្តទៀតថា តាមរយៈ​ការឆ្លើយ​សារភាព អាវុធហត្ថ​បាន​សហការ​ជាមួយ​ប្រធាន​មណ្ឌល​កែប្រែ​ទី​៣​រហូតមកដល់​ថ្ងៃទី​១៥​កុម្ភៈ​ក៏​ឃាត់​បាន​ទណ្ឌិត​២​នាក់​ទៀត​សរុប​បាន​៤​នាក់ ក្នុងនោះ​មាន ១-​មេខ្លោង​ឈ្មោះ ប៊ុន លី ,២-​ឈ្មោះ ប៊ុន ទ្រី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ,៣-​ឈ្មោះ កែវ រ៉ែ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង ៤-​ឈ្មោះ កែវ ជីន  ភេទ​ប្រុស  អាយុ​៤០​ឆ្នាំ ជនជាតិ​វៀតណាម ដែល​ក្រុម​ទាំងនេះ​គឺ​សុទ្ធសឹងតែ​មានទោស​បទ​ឧក្រិដ្ឋ​ត្រូវ​ជាប់ពន្ធនាគារ​ចាប់ពី​១៥​ឆ្នាំ​ឡើងទៅ​ដល់​៥៥​ឆ្នាំ ។​

   សកម្មភាព​ចែកចាយ​ថ្នាំញៀន​នៅក្នុង​មណ្ឌល​កែប្រែ​ទី​៣​ខាងលើ​ត្រូវបាន​មេខ្លោង​ទណ្ឌិត​ឈ្មោះ ប៊ុន លី បាន​ត្រូវរ៉ូវ​ជាមួយ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ម្នាក់​ឲ្យ​យក​ថ្នាំញៀន​ដើរទៅ​ចែកចាយ​ដល់​អ្នកទោស​ដែល​កំពុងតែ​ជាប់ឃុំ​នោះ ។​

    លោក​វរសេនីយ៍ទោ ជួន ផល​លី ប្រធាន​មន្ទីរ​យុត្តិធម៌​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់ថា ក្រុម​ទណ្ឌិត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ទាំង​៤​នាក់ ត្រូវបាន​អាវុធហត្ថ​ខេត្ត​បញ្ជូនទៅ​សាលាដំបូង​ខេត្តហើយ​ដែរ ព្រមទាំង​ចេញ​ដីកាឃុំខ្លួន ដោយបាន​នាំទៅ​ដាក់​នៅ​ពន្ធនាគារ​ផ្សេង​ពី​កន្លែង​ខាងលើ ហើយ​សន្តិសុខ​ត្រូវបាន​រឹតបន្តឹង​ជាង​មុន ។​

     ជាប់គុក​ហើយ​ប្រព្រឹត្តល្មើស​ក្នុង​គុក​ទៀត ប្រធាន​គុក​អត់​ដឹង ៕​

adverise with khmeread

មតិយោបល់