ថៅកែហាងលក់ឡាន ច្នៃចេញឡានចង្កូតមុខក្រោយផ្អើលអស់អ្នកដំណើរតាមដងផ្លូវ តែចាំស្តាប់សម្តីប៉ូលិសចរាចរណ៍និយាយសិនទើបដឹងរឿងពិត!

អ្នកបើកបរខ្លះចូលចិត្តកែកុនឡានឱ្យឡូយ តែបុរសចំណាស់ម្នាក់នៅទីក្រុង Bandung ប្រទេសឥណ្ឌូនេស៊ីឯណេះវិញ លេងស្ទីលរថយន្តសាហាវដល់ក គ្មាននរណាធ្វើដូច។

ក្នុងវីដេអូឃ្លីបដែលកំពុងល្បីលើអនឡាញ រថយន្តចង្កូតមុខក្រោយពណ៌ទឹកក្រូចមួយគ្រឿង កំពុងធ្វើឱ្យអ្នកធ្វើដំណើរដទៃទៀតងាកមើលទាំងក្តីភ្ញាក់ផ្អើលគ្រប់គ្នា។

រថយន្តចម្លែកនេះ គឺច្នៃដោយលោក Roni Gunawan អាយុ ៧១ ឆ្នាំ ដែលជាម្ចាស់ហាងលក់ឡានមួយកន្លែង។ នេះបើតាមវេបសាយ Merdeka។

ដោយមានជាងមេកានិកច្រើននាក់ជួយម្នាក់មួយដៃមួយជើង លោក Roni Gunawan បានកាត់រថយន្តម៉ាក Toyota Vios ២ គ្រឿងទៅជា ២ ចម្រៀក ហើយយកក្បាលផ្គុំចូលគ្នា។

កាសែត Sun UK រាយការណ៍ថា ការងារកែច្នៃឡាននេះប្រើពេល ៦ ខែទើបរួចរាល់។

ក្នុងឡាននេះ អ្វីៗគឺមានស្ទើរមួយគូដូចគ្នា រាប់ចាប់ពីចង្កូត ឈ្នាន់ល្បឿន ឈ្នាន់ប្រាំង ម៉ាស៊ីន និងសូម្បីស្លាកលេខ។

អ្វីដែលពិសេសគឺថា រថយន្តនេះអាចបើកទៅមុខ ទៅក្រោយបាន មិនប្រកាន់ទេ។

ថៅកែឡានវ័យចំណាស់នេះនិយាយថា "ខ្ញុំរំភើបចិត្តដែលចេញម៉ូតឡានពិសេសតែមួយគត់នេះ"។

ប៉ូលិសនិយាយថា រថយន្តកែច្នៃនេះបានរំលោភច្បាប់ចរាចរណ៍ ដែលពុំមានភ្លើងសញ្ញាសុវត្ថិភាពត្រឹមត្រូវ ដូចជា ភ្លើងរយ៉ែថយក្រោយ ជាដើម។ រថយន្តនេះក៏មានទ្រង់ទ្រាយខុសខ្នាតដែរ។

តែសំណាងល្អ លោក Roni អាចរក្សាទុកឡានរបស់គាត់បាន ដរាបណា មិនយកវាមកបើកបរលើផ្លូវថ្នល់៕

adverise with khmeread